ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​កូរ៉េ​ខាង​ជើង​មើល​ឃើញ​ជំនួយ​មនុស្ស​ធម៌​ជា​ការ​ទាក់ទាញ​យក​ប្រយោជន៍​ធំ


ឡាន​ដឹក​ជំនួយ​របស់កូរ៉េខាងត្បូងត្រៀម​ចេញ​ដំណើរ​ទៅកាន់​​ទីក្រុង​ Kaesong នៅ​កូរ៉េខាងជើង ក្បែរ​តំបន់​ Panmunjom ដែល​គ្មាន​យោធា កាល​ពី​ថ្ងៃទី​២១ ខែកញ្ញា ២០១២។
ឡាន​ដឹក​ជំនួយ​របស់កូរ៉េខាងត្បូងត្រៀម​ចេញ​ដំណើរ​ទៅកាន់​​ទីក្រុង​ Kaesong នៅ​កូរ៉េខាងជើង ក្បែរ​តំបន់​ Panmunjom ដែល​គ្មាន​យោធា កាល​ពី​ថ្ងៃទី​២១ ខែកញ្ញា ២០១២។

រហូត​មក​ដល់​ពេល​នេះ​ ប្រទេស​កូរ៉េ​ខាង​ជើង​នៅតែ​បដិសេធ​នឹង​សំណើ​របស់​លោក Moon Jae-in​ ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​ ក្នុង​ការ​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​ឥត​លក្ខខណ្ឌ​និង​កិច្ចសហប្រតិបត្តិការ​នានា។​

​ចាប់​តាំង​ពី​លោក​បាន​ឡើង​កាន់​តំណែង​កាល​ពី​ដើម​ឧសភា​មក​ មេ​ដឹកនាំ​សេរី​និយម​ថ្មី​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​រូប​នេះ​ បាន​ព្យាយាម​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​ការ​គាំទ្រ​ដ៏ខ្លាំងចំពោះ​យុទ្ធសាស្រ្ត​យោធា​ធ្វើ​ឲ្យ​ញញើត និង​ការ​ដាក់​ទណ្ឌកម្ម​អន្តរ​ជាតិ​ប្រឆាំង​នឹង​ការ​បន្ត​បង្ករឿងខាង​អាវុធ​នុយក្លេអ៊ែរ​និង​គ្រាប់ផ្លោង​មីស៊ីល​ តាមរយៈ​ការ​បង្កើន​ការ​ចូល​រួម​ដើម្បី​ចាប់ផ្តើម​ឡើងវិញ​នូវ​ការ​ជជែក​ពិភាក្សារវាងប្រទេស​កូរ៉េទាំង​២​ និង​កិច្ចសហប្រតិបត្តិការ​នានា​។​

ជំនួយ​មនុស្ស​ធម៌

រដ្ឋាភិបាល​ក្រុង​សេអ៊ូល​ បាន​អនុម័ត​លើ​សំណើ​ជាច្រើន​ពី​អង្គការ​សប្បុរស​ធម៌​ឯកជន​ក្នុង​ការផ្តល់​ជំនួយ​ដើម្បី​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​សម្រាល​ផ្នែក​សុខាភិបាល​ដែលអន់​ថយ​នៅ​កូរ៉េ​ខាង​ជើង​។ ​ប្រជាជន​ចំនួន​៨៤​ភាគរយ​«ទទួល​ទាន​អាហារ​មិន​មាន​អាហារូបត្ថម្ភ​គ្រប់គ្រាន់‍» ហើយ​កុមារ​ចំនួន​១​ភាគ​៣​រង​គ្រោះ​ពី​ការ​ខ្វះ​អាហារ​រូបត្ថម្ភ ហើយ​អត្រា​មរណៈ​របស់​ទារក​មាន​ចំនួន​៣៣ភាគ​រយ។ នេះ​បើយោង​តាម​របាយការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ។

ប៉ុន្តែ​រដ្ឋាភិបាល​របស់​លោក គីម​ ជុងអ៊ុន មិន​អនុញ្ញាត​ដល់​ជំនួយ​ផ្តួច​ផ្ដើម​នេះ​ឡើយ​ ដោយលើក​ហេតុផល​អំពី​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​ចំពោះ​សេចក្តី​អនុម័តទណ្ឌកម្ម​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដើម្បី​ដាក់​ទណ្ឌកម្ម​ចំពោះ​ការ​បង្ករឿង​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ដែល​បាញ់​អាវុធ​នុយក្លេអ៊ែរ​កាល​ពី​ពេល​ថ្មីៗ​នេះ។

កាល​ពី​ពាក់​កណ្ដាល​ខែ​មិថុនា​ ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បដិសេធ​ចលនា​ចែករំលែក​កូរ៉េ​ (Korean Sharing Movement)ដែល​ជា​អង្គការ​ផ្តល់​ជំនួយ​ឯក​ជន​មួយ​ មិន​ឲ្យ​ផ្ដល់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ ឧបករណ៍​វិនិច្ឆ័យរោគ​សញ្ញា និង​មុង​ការពារ​ជំងឺ​គ្រុនចាញ់​នោះ​ទេ។ យោង​តាម​អង្គការ​សុខភាព​ពិភព​លោក​ កូរ៉េ​ខាង​ជើង​មាន​ករណី​ជំងឺ​គ្រុន​ចាញ់​ជាង​៧.០០០ ករណី​ នៅ​ក្នុង​ឆ្នាំ​២០១៥។ គម្រោង​ជំនួយ​ផ្សេងៗ​ទៀត​ ក៏​កំពុង​តែ​រង់ចាំ​ការ​អនុញ្ញាត​ពី​កូរ៉េ​ខាង​ជើង​ដែរ។

កាសែត​របស់​រដ្ឋ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​ ឈ្មោះ​ Rodong Sinmun ​បាន​សរសេរ​នៅ​ក្នុង​ទំព័រ​វិចារណកថារបស់​ខ្លួន​កាល​ពី​ដើមខែ​មិថុនា​ថា «គ្មាន​អ្នក​ណា​អាច​រំពឹង​ឲ្យ​ទំនាក់​ទំនង​ប្រសើរ​ឡើង​ ដោយ​គ្រាន់តែ​ពួក​គេ​ផ្តល់​ជំនួយ​មនុស្ស​ធម៌​ខ្លះ​ឬ​ការ​ដោះ​ដូរ​ជន​ស៊ីវិល​ ដែល​ពួក​អភិរក្ស​ពី​មុន​បាន​ផ្អាក​នោះ​ទេ»។

លោកBong Young-shik អ្នក​វិភាគ​នយោបាយ​នៃ​វិទ្យាស្ថាន​សិក្សា​ពី​កូរ៉េ​ខាង​ជើង​របស់​សាកល​វិទ្យាល័យ​ Yonsei ក្នុង​ទីក្រុង​សេអ៊ូលបាន​និយាយ​ថា​ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ មាន​ចំណាប់​អារម្មណ៍​លើ​ការ​ចាប់​ផ្ដើមឡើង​វិញ​នូវគម្រោង​បង្កើត​ចំណូល​ធំៗ​ ដូចជា​តំបន់​ឧស្សាហកម្ម​កែសុង និង​គម្រោង​តំបន់​ទេសចរណ៍​ភ្នំ​ Kumgangច្រើន​ជាង ហើយ​មាន​ឆន្ទៈ​ផ្អាក​ជំនួយ​មនុស្ស​ធម៌​ ដែល​ទាក់ទាញ​ដើម្បី​បាន​ប្រយោជន៍​ធំ​នោះ៕

ប្រែ​សម្រួល​ដោយ៖​ សើ​ សាយ្យាណា

XS
SM
MD
LG