ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខណៈ​កូរ៉េ​ខាង​ត្បូង​ស្វះស្វែង​រក​ការ​ផ្សះផ្សារ​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង តើ​វា​នឹង​ប៉ះពាល់​យ៉ាង​ដូចម្តេច​ដល់​សហរដ្ឋ​អាមេរិក?


ពលរដ្ឋ​កូរ៉េ​ខាង​ជើង​ធ្វើ​នៅ​ក្នុង​ក្រុមហ៊ុន​របស់​កូរ៉េ​ខាង​ត្បូង​នៅ​តំបន់​ឧស្សាហកម្ម Kaesong។
ពលរដ្ឋ​កូរ៉េ​ខាង​ជើង​ធ្វើ​នៅ​ក្នុង​ក្រុមហ៊ុន​របស់​កូរ៉េ​ខាង​ត្បូង​នៅ​តំបន់​ឧស្សាហកម្ម Kaesong។

ខណៈ​ដែល​ថ្នាក់​ដឹកនាំ​ថ្មី​របស់​កូរ៉េ​ខាង​ត្បូង​កំពុង​បោះជំហាន​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​ក្នុង​ទំនាក់ទំនង​រវាង​កូរ៉េ​ទាំង​ពីរ អ្នក​ជំនាញ​អាមេរិកាំង​កំពុង​ឃ្លាំ​មើល​សំណើ​ដោះស្រាយ​ជម្លោះ​ដែល​ដាក់​ទៅ​ឲ្យ​របប​ដឹកនាំ​របស់​លោក Kim Jong Un។ អ្នក​ជំនាញ​ទាំង​នោះ​មាន​ការ​បារម្ភ​ថា ​ការ​ស្តារ​សកម្មភាព​ឧស្សាហកម្ម​នៅ​តំបន់​ឧស្សាហកម្ម​កែសុង​ឡើង​វិញ ​អាច​បង្ក​ឲ្យ​មាន​ភាព​មិន​ចុះ​សម្រុង​គ្នា​ជាមួយ​នឹង​រដ្ឋបាល​លោក​ប្រធានាធិបតី Trump។​

លោក Cho Myoung-gyun បាន​ដើរ​តួ​ដ៏​សំខាន់​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នៅ​ក្នុង​ការ​ផ្តួចផ្តើម​គម្រោង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ដែល​ត្រូវ​បាន​គេ​ផ្អាក​នា​ពេល​ឥឡូវ​នេះ។ ភ្លាមៗ​បន្ទាប់​ពី​លោក​ប្រធានាធិបតី​កូរ៉េ​ Moon Jae-in បាន​តែងតាំង​លោក​ជា​អ្នក​ទទួល​បន្ទុក​បញ្ហា​កូរ៉េ​ខាង​ជើង កាលពី​ថ្ងៃទី១៣ ខែមិថុនា​មក លោក Cho បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា «ប្រតិបត្តិការ​នៅ​តំបន់​ឧស្សាហកម្ម​កែសុង​គួរ​តែ​ត្រូវ​បាន​ស្តារ​ឡើង​វិញ។ ខ្ញុំ​នឹង​និយាយ​ពី​បញ្ហា​នេះ នៅ​ក្រោយ​ពេល​ដែលខ្ញុំ​ពិនិត្យ​មើល​ព័ត៌មាន​លម្អិត​ឲ្យ​ល្អិតល្អន់​រួច​រាល់»។

ការ​ប្រកាស​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​រិះគន់​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ អ្នក​វិភាគ​ជាច្រើន​និយាយ​ថា ការ​ស្តារ​សកម្មភាព​សេដ្ឋកិច្ច​ទាំង​នោះ​ឡើង​វិញ​អាច​នឹង​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​សេអ៊ូល ហើយ​អាច​នឹង​កាត់​បន្ថយ​ចំណង​សម្ព័ន្ធភាព​របស់​ពួកគេ​ផង​ដែរ។ រដ្ឋាភិបាល​ក្រុង​សេអ៊ូល​បាន​បិទ​តំបន់​សេដ្ឋកិច្ច​កែសុងកាល​ពី​ខែ​កុម្ភៈ ឆ្នាំ២០១៦ ដើម្បី​ដាក់​ទណ្ឌកម្ម​ដល់​ការ​សាកល្បង​បាញ់​អាវុធ​នុយក្លេអ៊ែរ​និង​រ៉ុក្កែត​ចម្ងាយ​ឆ្ងាយ​របស់​កូរ៉េ​ខាង​ជើង។

អ្នកស្រី Sue Mi Terry ដែល​ជា​អតីត​អ្នក​វិភាគ​លើ​បញ្ហា​កូរ៉េ​ខាង​ជើង​របស់​ភ្នាក់ងារ CIA បាន​ថ្លែង​ប្រាប់ ​VOA ផ្សាយ​ជា​ភាសាកូរ៉េ​ថា «សម្រាប់​ទស្សនៈវិស័យ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ការ​បើក​ដំណើរការ​តំបន់​ឧស្សាហកម្ម​កែសុង​ឡើង​វិញ​គឺ​ជា​បញ្ហា​ខ្លាំង​ណាស់‍»។ ​

តំបន់​សេដ្ឋកិច្ច​នេះ​ត្រូវ​បាន​ចាប់​ផ្តើម​នៅ​ក្នុង​ឆ្នាំ២០០៤ ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សហប្រតិបត្តិការ​រវាង​កូរ៉េ​ទាំង​ពីរ​។ តំបន់​សេដ្ឋកិច្ច​ដែល​គ្រប់គ្រង​រួម​គ្នា​នៅ​ក្នុង​ក្រុង កែសុង បាន​ផ្តល់​ប្រាក់​ឈ្នួល​ចំនួន​១០០លាន​ដុល្លារ​ដល់​ពលករ​កូរ៉េ​ខាង​ជើង​ចំនួន​៥៤.០០០នាក់​ ហើយ​បាន​ចូលរួម​ចំណែក​ដល់​ពាណិជ្ជកម្ម​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ក្នុង​ទឹក​ប្រាក់​ជិត​២ពាន់​លាន​ដុល្លារ។

អ្នកស្រី Terry បាន​បន្ថែម​ថា វិធានការ​ផ្សះផ្សា​ណា​មួយ​នឹង​ធ្វើ​ឲ្យ​មាន​ផល​ប្រយោជន៍​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​ច្រើន​សម្រាប់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ ដែល​ផ្ទុយ​ទៅ​នឹង​គោលនយោបាយ​ទៅ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ដែល​ផ្តោត​លើ​រារាំង​ដល់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង តាមរយៈ​ការ​រឹតត្បិត​លើ​ប្រភព​ចំណូល​ទាំង​អស់​ដែល​កូរ៉េ​ខាង​ជើង​ទទួល​បាន តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​

លោក Thomas Countryman ដែល​បាន​ធ្វើ​ការ​នៅ​ក្រោម​រដ្ឋបាល​លោក​អូបាម៉ា​ ក្នុង​នាម​ជា​ឧបការី​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ផ្នែក​សន្តិសុខ​អន្តរជាតិ និង​កម្មវិធី​បញ្ឈប់​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ​បាន​និយាយ​ថា ការ​ចាប់ផ្តើម​សកម្មភាព​សេដ្ឋកិច្ច​នៅ​តំបន់​សេដ្ឋកិច្ច កែសុង អាច​នឹង​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​លោក Kim ក្នុង​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ​ត​ទៅ​ទៀត​ ហើយ​វា​ក៏​បាន​ជះ​ឥទ្ធិពល​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​សហគមន៍​អន្តរជាតិ​ផង​ដែរ។

លោក Countryman បាន​និយាយ​យ៉ាង​ដូច្នេះ​ថា «ការណ៍​នេះ​អាច​នឹង​មិន​ស្រប​ទៅ​នឹង​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​។ វា​មិន​អាច​ទៅ​រួច​នោះ​ទេ​ដែល​កូរ៉េ​ខាង​ត្បូង​អាច​បញ្ចុះបញ្ចូល​ចិន​ឲ្យ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​តាម​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ ប្រសិន​បើ​កូរ៉េ​ខាង​ត្បូង​បើក​តំបន់​សេដ្ឋកិច្ច​នេះ​ឡើង​វិញ​ដើម្បី​ផ្តល់​ប្រាក់​រាប់​លាន​ដុល្លារ​ជារៀងរាល់​ឆ្នាំ​ទៅ​ឲ្យ​របប​ដឹកនាំ​កូរ៉េ​ខាង​ជើង»។

លោក Gary Samore នៅ​មជ្ឈមណ្ឌល Belfer Center នៃ​សាកលវិទ្យាល័យ Harvard ដែល​ជា​អតីត​អ្នក​សម្របសម្រួល​ផ្នែក​គ្រប់គ្រង​អាវុធ និង​អាវុធ​ប្រល័យលោក ក្រោម​រដ្ឋបាល​លោក​ប្រធានាធិបតី​អូបាម៉ា បាន​ប្រាប់ VOA ថា រដ្ឋាភិបាល​ក្រុង​សេអ៊ូល​គួរ​មាន​យុទ្ធសាស្ត្រ​ល្អ​ជាង​នេះ ហើយ​គួរ​ប្រើប្រាស់​តំបន់​សេដ្ឋកិច្ច​កែសុង​ជា​មធ្យោបាយ​ចរចា​ដើម្បី​ឆ្លើយតប​ចំពោះ ឬ​ជា​ផ្នែក​នៃ​កិច្ចព្រមព្រៀង​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ដើម្បី​រឹតត្បិត​ និង​លុបចោល​សកម្មភាព​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG