កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីស.រ.អា. Donald Trump បានអំពាវនាវដល់ប្រទេសជាតិទាំងអស់ឱ្យប្រឈមនឹងការគំរាមកំហែងដាក់ឱ្យមានដោយប្រទេសកូរ៉េខាងជើងនិងបង្ហាញជាសាធារណៈដល់ប្រទេសនេះថា «នឹងមានផលវិបាកចំពោះអាកប្បកិរិយាដ៏អាក្រក់ខ្លាំងរបស់ខ្លួន»។
ថ្លែងនៅក្នុងឱកាសដំណើរទស្សនកិច្ចមួយក្នុងប្រទេសប៉ូឡូញ លោក Trump បាននិយាយថាគាត់មិនមែនជាអ្នកដាក់កំហិត ឬនិយាយអំពីផែនការរបស់គាត់ទេក៏ប៉ុន្តែថាគាត់មាន «អ្វីដែលម៉ឺងម៉ាត់» ដែលគាត់កំពុងគិតពិចារណា។គាត់មិនបាននិយាយបន្ថែមឱ្យបានក្បោះក្បាយឡើយ។
កាលពីថ្ងៃពុធ លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតស.រ.អា.ប្រចាំអ.ស.ប.បានមានប្រសាសន៍ប្រាប់ពួកសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ថាស.រ.អា.ប្រុងប្រៀបប្រើប្រាស់មធ្យោបាយយោធាដើម្បីការពារប្រឆាំងនឹងការគំរាមកំហែងដាក់ឱ្យមានឡើងដោយការបង្ហោះកាំជ្រួចមីស៊ីលផ្លោងអន្តរទ្វីបដោយកូរ៉េខាងជើង។ ក៏ប៉ុន្តែលោកស្រីបានមានប្រសាសន៍ថា វាជាការល្អប្រសើរក្នុងការខិតខំព្យាយាមដោះស្រាយវិបត្តិនេះតាមវិធានការខាងការទូត និងខាងសេដ្ឋកិច្ច។
លោកស្រី Haley បានមានប្រសាសន៍ថាស.រ.អា.ប្រុងប្រៀបការពារខ្លួន និងពួកសម្ព័ន្ធមិត្ត។ លោកស្រីបាននិយាយថា «សមត្ថភាពមួយក្នុងបណ្តាសមត្ថភាពទាំងឡាយរបស់យើងផ្អែកលើកងកម្លាំងយោធាយ៉ាងខ្លាំងក្លារបស់យើង»។ ស.រ.អា.មានទាហាន២ម៉ឺន៨ពាន់៥រយឈរជើងនៅក្នុងប្រទេសកូរ៉េខាងត្បូង និងប្រមាណ៥ពាន់នាក់ទៀតនៅក្នុងប្រទេសជប៉ុន។
លោកស្រី Haley បានមានប្រសាសន៍ប្រាប់ពួកសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប.នៅក្នុងការប្រជុំបន្ទាន់មួយកាលពីថ្ងៃពុធថា «យើងនឹងប្រើកងកម្លាំងរបស់យើងប្រសិនបើយើងត្រូវតែធ្វើដូច្នេះ ក៏ប៉ុន្តែយើងមិនចូលចិត្តទៅតាមទិសនេះទេ»៕