ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា ​គ្រោង​បញ្ជូន​ពល​រដ្ឋ​កម្ពុជា​៧០​នាក់​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញក្នុង​ខែ​ធ្នូ​នេះ


រូបឯកសារ៖ សមាជិក​គ្រួសារ​អ្នក​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​កម្ពុជា រួម​ជាមួយ​នឹង​សកម្មជន​សហគមន៍ និង​មេធាវី​អន្តោប្រវេសន៍​ជួប​ពិភាក្សា​ជាមួយ​នឹង​តំណាង​មន្ត្រី​កម្ពុជា​នៅ​ស្ថានទូត​ខ្មែរ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃច័ន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦។ (ទែន សុខស្រីនិត/VOA)

អគ្គនាយ​ដ្ឋាន​អន្តោ​ប្រវេសន៍​នៃ​ប្រទេស​កម្ពុជា​បាន​បញ្ជាក់​ថា ​ពល​រដ្ឋ​កម្ពុជា​ប្រមាណ ​៧០​នាក់ ​ដែល​កំពុង​រស់នៅ​ក្នុង​ស.រ.​អា នឹង​ត្រូវ​ស.រ.អា​បញ្ជូន​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ក្នុង​ខែ​ធ្នូ​នេះ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​អង្គការ​គាំ​ទ្រ​ជន​អន្តោ​ប្រវេសន៍។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​ពុធ មជ្ឈមណ្ឌល​សកម្មភាព​និង​ធន​ធាន​សម្រាប់​អាស៊ី​អគ្នេយ៍ ហៅ​កាត់​ថា ​SEARAC បាន​ឲ្យ​ដឹង​ថាការ​ធ្វើ​មាតុភូមិនិវត្តិន៍​នេះ​ប្រហែល​ជា​នឹង​បែង​ចែកជា​២​ក្រុម ហើយ​ថា​ក្រុម​ទីមួយ​នឹង​ត្រូវ​បញ្ជូនទៅ​កម្ពុជា​វិញ នៅ​មុន​ថ្ងៃ​បុណ្យ​ណូអែល។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​ SEARAC ​លោក​ស្រី ​Quyen Dinh ​បាន​ប្រតិកម្ម​ដោយ​ថ្លែង​ថា៖ «យើង​ថ្កោល​ទោស​ចំពោះ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ជន​ភៀស​ខ្លួន និង ការ​បំបែក​គ្រួសារ។ វិធានការណ៍​ដែល​គ្មាន​ការ​អាណិត​អាសូរ​បែប​នេះ​ របស់​រដ្ឋាភិបាល​ស.រ.អា និង រដ្ឋាភិបាល​កម្ពុជា​ដើម្បី​បំភិត​បំភ័យមនុស្ស​មុន​ថ្ងៃ​បុណ្យ​ទាន ជា​រឿង​ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម»។

ដូច​ដែល​ VOA ​បាន​រាយការណ៍​ពី​ពេល​មុន គឺ​ថា​ពល​រដ្ឋ​កម្ពុជា​ជា​ច្រើន​នាក់​ដែល​បាន​រួច​រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម ​មាន​ជម្ងឺ​បាក់​ស្បាត។ រឿង​នេះ​បាន​នាំ​ឲ្យ​មាន​បញ្ហា​ស្មុគ​ស្មាញ​ក្នុង​ការ​រួម​រស់​ក្នុង​សង្គម​អាមេរិក។ លោក ជុំ ប៊ុន រ៉ុង ឯកអគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​ស.រ.​អា បាន​ថ្លែង​ប្រាប់​ VOA ​ថា «សង្គ្រាម​និង​ការ​ប្រល័យ​ពូជ​សាសន៍​ បាន​នាំ​ឲ្យ​មាន​បញ្ហា​ជា​ច្រើន​ក្នុង​ក្រុម​គ្រួសារ។ ពួក​គេ​នៅ​តែ​ជួប​ប្រទះ​នឹង​ការ​លំបាក​នៅ​លើ​ទឹក​ដី​ស.រ.អា និង​កំពុង​តែ​មាន​វិបត្តិ​ក្នុង​ចិត្ត​ដែល​ប្រហែល​ជា​អាច​នាំ​ឲ្យ​អ្នក​ខ្លះ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​កម្ម»។

មន្ត្រីអន្តោ​ប្រវេសន៍ គយ និង ការ​ពង្រឹង​ច្បាប់ ហៅ​កាត់​ថា​ ICE ​បាន​ថ្លែង​ប្រាប់​ VOA ​ថាទីភ្នាក់​ងារ​នេះ​មិន​ធ្វើ​អាត្ថាធិប្បាយ​លើ​គម្រោងធ្វើ​ប្រតិបត្តិការ​ទេ រហូត​ដល់​ពេល​ចប់​សព្វ​គ្រប់​សិន ដោយ​សារ​នេះ​ជា​គោល​នយោបាយ និង​ពាក់​ព័ន្ធ​ជាមួយរឿង​សន្តិសុខ។

សេចក្តី​រាយការណ៍​របស់​អង្គការ​ SEARAC ​និយាយ​ថា មនុស្ស​យ៉ាង​ហោច​ ២​រយ​នាក់​ត្រូវ​គេ​រំពឹង​ថា​និង​បញ្ជូន​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ​ក្នុង​ឆ្នាំ​២០១៨​ខាង​មុខ ដែល​នឹង​ជា​ចំនួន​ច្រើន​ជាងគេ​បង្អស់​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក និង កម្ពុជា៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG