ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អង្គការ​សហប្រជាជាតិ​ខក​ចិត្ត​ចំពោះ​ការ​ដក​ខ្លួន​របស់​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រមព្រៀង​ស្ដី​ពី​ជន​ចំណាក​ស្រុក និង​ជន​ភៀស​ខ្លួន


អ្នក​នាំ​ពាក្យ​អង្គការ​សហប្រជាជាតិ​លោក Stephane Dujarric (រូប​ឆ្វេង) ជ្រើស​រើស​សំណួរ​ពី​អ្នក​សារព័ត៌មាន ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ទិវា​ជន​ភៀស​ខ្លួន​ពិភពលោក កាលពី​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧។

អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា ខ្លួន​មាន​ការ​ខក​ចិត្ត​ចំពោះ​ការ​សម្រេច​របស់​រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ក្នុង​ការ​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រមព្រៀង​សាកលលោក​ស្ដី​ពី​ជន​ចំណាក​ស្រុក។ ប៉ុន្តែ អង្គការ​សហប្រជាជាតិ​បាន​បន្ថែម​ទៀត​ថា សហរដ្ឋ​អាមេរិក​នៅ​មាន​ពេល​ដើម្បី​ត្រឡប់​មក​ចូលរួម​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​នេះ​ឡើង​វិញ។

អ្នក​នាំ​ពាក្យ​អង្គការ​សហប្រជាជាតិ​លោក Stephane Dujarric បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា៖ «ការ​ដក​ខ្លួន​របស់​សហរដ្ឋ​អាមេរិក​ចេញ​នេះ គឺ​មិន​ប៉ះពាល់​ដល់​លទ្ធផល​ជា​ឯកច្ឆន្ទ​ដ៏​ច្បាស់លាស់​នៃ​សេចក្ដី​ថ្លែងការណ៍​ទីក្រុង New York សម្រាប់​កិច្ច​ព្រមព្រៀង​ជា​សាកល​នេះ​ទេ ដែល​កិច្ច​ព្រមព្រៀង​នេះ​មិន​មាន​ការ​ដាក់​កំហិត​តាម​ផ្លូវ​ច្បាប់​នោះ​ទេ ដោយ​វា​ផ្ដោត​លើ​មូលដ្ឋាន​នៃ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ និង​ការ​គោរព​ចំពោះ​ផល​ប្រយោជន៍​ប្រទេស​ជាតិ​នីមួយៗ‍»។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Rex Tillerson បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា កិច្ច​ព្រមព្រៀង​នេះ​គឺ​មិន​ស្រប​ជាមួយ​នឹង​គោល​នយោបាយ​អន្តោប្រវេសន៍​របស់​សហរដ្ឋ​អាមេរិក។

លោក​បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​គាំទ្រ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​លើ​បញ្ហា​អន្តោប្រវេសន៍ «ប៉ុន្តែ វា​ជា​ការ​ទទួល​ខុស​ត្រូវ​ចម្បង​របស់​រដ្ឋ​អធិបតេយ្យ​នីមួយៗ​ក្នុង​ការ​ជួយ​ធានា​ថា ការ​ធ្វើ​អន្តោប្រវេសន៍​គឺ​មាន​សុវត្ថិភាព មាន​របៀប​រៀបរយ និង​ស្រប​ច្បាប់‍»។

សេចក្ដី​ថ្លែងការណ៍​ទីក្រុង New York ស្ដី​ពី​ជន​ភៀស​ខ្លួន និង​ជន​ចំណាក​ស្រុក ត្រូវ​បាន​អនុម័ត​នៅ​ក្នុង​កិច្ច​ប្រជុំ​មេដឹកនាំ​ប្រចាំ​ឆ្នាំ​របស់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០១៦ កន្លង​ទៅ​នេះ។ សេចក្ដី​ថ្លែងការណ៍​នេះ​គឺ​ជា​ការ​ចាប់ផ្ដើម​នៃ​ដំណើរការ​មួយ​ដើម្បី​ពង្រាង​កិច្ច​ព្រមព្រៀង​ពហុ​ភាគី​មួយ​ដែល​គ្រប់​ដណ្ដប់​រាប់​ទិដ្ឋភាព​ទាំង​អស់​នៃ​ការ​ធ្វើ​អន្តោប្រវេសន៍​ដែល​មាន​សុវត្ថិភាព របៀប​រៀបរយ និង​ត្រឹមត្រូវ​តាម​ច្បាប់៕

XS
SM
MD
LG