ក្រសួងការបរទេសកម្ពុជាសម្តែងការខកចិត្តចំពោះបម្រាមទិដ្ឋាការ ដែលសហរដ្ឋអាមេរិកសម្រេចដាក់លើមន្ត្រីកម្ពុជាណាដែលធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលបានផ្ញើជូនបណ្តាញសារព័ត៌មាននៅថ្ងៃសុក្រនេះ អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ថា៖
«កម្ពុជាបានធ្វើការកត់សម្គាល់ដោយមានការសោកស្តាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តចុងក្រោយរបស់ក្រសួងការបរទេសអាមេរិក ដែលពុំពិចារណាលើអង្គហេតុ និងអង្គច្បាប់ជុំវិញការវិវត្តនយោបាយថ្មីៗនៅកម្ពុជា»។
កាលពីថ្ងៃពុធក្រសួងការបរទេសសហរដ្ឋអាមេរិកបានសម្រេចដាក់ទណ្ឌកម្មផ្នែកទិដ្ឋាការលើមន្ត្រីកម្ពុជា និងក្រុមគ្រួសាររបស់ពួកគេ បន្ថែមលើការដាក់បម្រាមទិដ្ឋាការកាលពីខែកញ្ញា លើមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជានិងក្រុមគ្រួសារ។
ក្រសួងការបរទេសកម្ពុជាបានចាត់ទុកថា ការសម្រេចនេះដោយសារ«ហេតុផលនយោបាយដោយមានការគិតទុកជាមុន និងមានស្តង់ដាពីរ» ហើយផ្ទុយនឹង«កិច្ចខិតខំប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជានិងសហរដ្ឋអាមេរិក»។
ការសម្រេចចិត្តនេះស្របគ្នាជាមួយនឹងគោលជំហររបស់សេតវិមានដែលបានព្រមានថា សហរដ្ឋអាមេរិកនឹងចាត់វិធានការបន្ថែមទៀត ប្រសិនបើកម្ពុជាមិនទាញស្ថានការណ៍ឱ្យល្អប្រសើរវិញទេ។ កាលពីពាក់កណ្តាលខែវិច្ឆិកា សេតវិមានបានអំពាវនាវឱ្យកម្ពុជាទាញស្ថានការណ៍មកដូចដើមវិញ ដោយបញ្ឈប់សកម្មភាពប្រឆាំងនឹងគណបក្សសង្គ្រោះជាតិ ដោះលែងលោក កឹម សុខា ប្រធានគណបក្សប្រឆាំង និងអនុញ្ញាតឱ្យគណបក្សប្រឆាំង សង្គមស៊ីវិលនិងបណ្តាញសារព័ត៌មានឯករាជ្យធ្វើសកម្មភាពតាមច្បាប់ឡើងវិញ។
ទន្ទឹមនឹងការព្រមាននោះសហរដ្ឋអាមេរិកបានកាត់ផ្តាច់ជំនួយថវិកាដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
តុលាការកំពូលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកាដោយចោទពីបទឃុបឃិតជាមួយនឹងសហរដ្ឋអាមេរិក ហើយបានហាមឃាត់មន្ត្រីគណបក្សចំនួន១១៨រូប មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។ កម្ពុជាចាត់ទុកថានោះ គឺជាការអនុវត្តច្បាប់របស់រដ្ឋអធិបតេយ្យមួយប៉ុណ្ណោះ៕