ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មាការ​សភា​អាមេរិក​មួយ​នឹង​សួរ​ដេញដោល​ពី​ការ​ធ្លាក់​ចុះ​លទ្ធិប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស​កម្ពុជា​នៅ​សប្តាហ៍​ខាង​មុខ


រូបឯកសារ៖ លោក Ted Yoho ប្រធានអនុ​គណៈកម្មាការ​សភា​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​នៃ​គណៈកម្មការ​ការបរទេស​នៃ​សភា​អាមេរិក។
រូបឯកសារ៖ លោក Ted Yoho ប្រធានអនុ​គណៈកម្មាការ​សភា​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​នៃ​គណៈកម្មការ​ការបរទេស​នៃ​សភា​អាមេរិក។

អនុ​គណៈកម្មាការ​សភា​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​នៃ​គណៈកម្មការ​ការបរទេស​នៃ​សភា​អាមេរិក ​គ្រោង​នឹង​បើក​សវនាការ​សួរ​ដេញដោល​អំពី​ការ​ធ្លាក់​ចុះ​លទ្ធិប្រជាធិបតេយ្យ ​និង​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​១២ ខែ​ធ្នូ ​ឆ្នាំ២០១៧​ខាងមុខ ​នៅ​ឯ​អគារ​សភា Rayburn Building។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ដែល ​VOA​ ទទួល​បាន​ពី​គណៈកម្មាការ​សភា។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ក្រុម​វាគ្មិន​ចូលរួម​ជា​សាក្សី​ មាន​លោកស្រី​ Oliva Enos​ នៃ​អង្គការ ​Heritage Foundation ​កញ្ញា កឹម មនោវិទ្យា​ អគ្គនាយករង​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​និង​លោក ​Kenneth Wollack ​នាយក​អង្គការ​វិទ្យាស្ថាន​ជាតិ​សម្រាប់​ប្រជាធិបតេយ្យ NDI។

គណបក្ស​គ្រប់គ្រង​ប្រទេស​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ ដែលកាន់​អំណាច​ជាង៣០ឆ្នាំបាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ដែលមាន​កម្លាំងប្រហាក់​ប្រហែល​ និង​គណបក្ស​ប្រជាជនកម្ពុជា​ បណ្តេញអង្គការ​ NDI របស់​ស.រ.អា ធ្វើទុក្ខបុកម្នេញ​សារព័ត៌មាន​ឯករាជ្យនានា​ នៅមុនការ​បោះឆ្នោត​ឆ្នាំ២០១៨ ​ខាងមុខ។

សវនាការ​នេះ​កើត​ឡើង​ ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​ស.រ.អា​បាន​កាត់​ជំនួយ​បោះឆ្នោត ​ព្រមាន​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា​ និង​វិធានការ​ផ្សេងៗ​ទៀត​ បន្ថែម​ពី​លើ​សេចក្តី​សម្រេច​នានា​ពី​សភា​អាមេរិក​ ការ​រឹត​បន្តឹង​ទិដ្ឋាការ​ចំពោះ​មន្ត្រី​រដ្ឋាភិបាល និង​ការព្រមាន​អំពី​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា​ និង​បុគ្គលនានា​ ដែល​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ប្រជាធិបតេយ្យ។​ ស.រ.អា​ជំរុញ​ម្តង​ហើយ​ម្តង​ទៀត​ឲ្យ​មាន ការ​ដោះលែង​លោក ​កឹម សុខា​ មេដឹកនាំ​ក្រុម​ប្រឆាំង​ មានការ​បោះឆ្នោត​ដោយសេរី​និង​យុត្តិធម៌ បញ្ឈប់​ការ​យាយី​ក្រុម​ប្រឆាំង​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​អ្នក​សារព័ត៌មាន​ឯករាជ្យ៕

XS
SM
MD
LG