ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​បាន​ឆ្លើយ​តប​ខ្លះៗ​ដល់​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក


រូបឯកសារ៖ លោក Donald Trump (ឆ្វេង) ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។ (epa/AP)
រូបឯកសារ៖ លោក Donald Trump (ឆ្វេង) ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។ (epa/AP)

លោក​ស ខេង រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មាន​សិទ្ធិ​ធ្វើ​​ទៅ​តាម​ខ្លួន​ចង់​ធ្វើ។លោក​ស ខេង​បាន​និយាយ​ថា៖ «អូ​រឿង​ហ្នុង​ ជា​សិទ្ធិ​របស់​សហរដ្ឋ​អាមេរិក​ទេ មិន​ដឹង​ធ្វើ​ម៉េច ឲ្យ​ខ្ញុំ​ថា​ម៉េច»។

រដ្ឋាភិបាល​កម្ពុជា​រហូត​មក​ទល់​ពេល​នេះ មាន​ប្រតិកម្មខ្លះៗ​ ​ដល់​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​មកកាន់​សហរដ្ឋ​អាមេរិក​ ដែល​បាន​និយាយ​ថា ​ខ្លួន​នឹង​ដាក់​ទណ្ឌ​កម្មលើ​មន្រ្តី​ជាន់​ខ្ពស់​នៅ​ក្នុង​ការ​ឆ្លើយ​តប​ដោយ​ផ្ទាល់​ដល់​អ្វី​ដែល​សហរដ្ឋ​អាមេរិក​និយាយ​ថា​ជា​ សកម្មភាព​ប្រឆាំង​ប្រជាធិបតេយ្យ ​ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ។

មន្រ្តី​រដ្ឋាភិបាលកម្ពុ​ជាខ្លះ ​និង​ក្នុង​ករណី​ខ្លះ​សមាជិក​ក្រុម​គ្រួសារ​របស់​ពួកគេ ​នឹង​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅកាន់​សហរដ្ឋ​អាមេរិក​ ដែល​ជាប្រតិកម្មដ៏​ខ្លាំង​បំផុត​មួយ​ដល់​អ្វី​ដែល​ពួក​អ្នករិះគន់​និយាយ​ថា ជា​ការធ្លាក់​ចុះ​ឆ្ពោះ​ទៅកាន់​របប ​ផ្តាច់​ការ​នៅ​ក្នុង​ប្រទេស​ ដែល​មាន​លទ្ធិ​ប្រជាធិបតេយ្យ​មាន​តែ​ឈ្មោះ។

នៅ​ខាង​ក្រៅ​សភា​ជាតិ ​លោក​ស ខេង រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មាន​សិទ្ធិ​ធ្វើទៅ​តាម​ខ្លួន​ចង់​ធ្វើ។លោក​ស ខេង​បាន​និយាយ​ថា៖ «អូ​រឿង​ហ្នុង​ ជា​សិទ្ធិ​របស់​សហរដ្ឋ​អាមេរិក​ទេ មិន​ដឹង​ធ្វើ​ម៉េច ឲ្យ​ខ្ញុំ​ថា​ម៉េច»។

រូបឯកសារ៖ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ​លោក​ ស​ ខេង​ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ​លោក​ ស​ ខេង​ (ហ៊ុល រស្មី/VOA)

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ការ​ហាមប្រាម​ការ​ធ្វើ​ដំណើរ​ជា «​ការ​ឆ្លើយ​តប​ដោយ​ផ្ទាល់‍» ​ទៅ​នឹង​សកម្មភាព​ប្រឆាំង​លទ្ធិ​ប្រជាធិប តេយ្យ​ជា​បន្ត​បន្ទាប់​របស់​រដ្ឋាភិបាល​ ដែល​រួមមាន​ការ​ចាប់​លោក​កឹម សុខា​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ ​រំលាយ​គណបក្ស​របស់​លោក​ ហើយ​នឹង​ហាមឃាត់​សមាជិកជាង​ ១០០​ នាក់​របស់​គណបក្ស​នោះ​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល​៥ឆ្នាំ។

ក្រុម​អ្នក​សង្កេតការណ៍​និយាយ​ថា ​ការ​ហាមប្រាម​របស់​សហរដ្ឋ​អាមេរិក​ធ្វើ​ទៅ​តាម​ការ​សន្យា​របស់​សេតវិមាន​ ដែល​បាន​ធ្វើ​ឡើង​ជា​បន្តបន្ទាប់​ពី​ការ​ចាត់​វិធាន ការ​ដ៏​សំខាន់ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន​ បន្ទាប់​ពី​តុលាការ​កំពូល​កម្ពុជា​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​កឹម ​សុខា​កាលពី​ថ្ងៃទី១៦ ​ខែ​វិច្ឆិកា។

​ភ្លាម​ៗ​បន្ទាប់​ពី​ការ​រំលាយ​គណបក្ស​ប្រឆាំង​មក ​សហរដ្ឋ​អាមេរិក​បាន​បញ្ឈប់​ការ​ផ្តល់​ថវិកា​ដល់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោតរបស់​កម្ពុជា​។

លោកស្រី Heather Nauert អ្នកនាំ​ពាក្យ​ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ​លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក Rex Tillersonនឹង​អនុវត្ត​ការ​ហាមប្រាម​ប្រឆាំង​នឹង​បុគ្គល​ ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​ធ្វើ​ឲ្យ​អន្តរាយ​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា។

រូបឯកសារ៖ លោកស្រី Heather Nauert អ្នកនាំ​ពាក្យ​ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក​
រូបឯកសារ៖ លោកស្រី Heather Nauert អ្នកនាំ​ពាក្យ​ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក​

​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​រាជធានី​ភ្នំពេញបាន​បដិសេធ​ពុំ​ផ្តល់​សេចក្តី​លម្អិត​ថា​តើ​ការ​ហាមប្រាម​នេះ​នឹង​ត្រូវ​អនុវត្ត​យ៉ាង​ដូចម្តេច​ទេ ហើយ​ក្រុម​មន្រ្តី​ស្ថានទូត​អាមេរិក​មិនបាន​និយាយ​ថា​តើ​អ្នកការទូត​សហរដ្ឋ​អាមេរិក​បាន​និយាយ​ជាមួយ​តំណាងមន្រ្តី​រដ្ឋាភិបាល​នៅ​ឡើយ​ទេ។

​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​ជា​ច្រើន​មាន​សមាជិក​គ្រួសារ​របស់​ខ្លួន​រស់​នៅ​ក្នុង​សហគមន៍​ខ្មែរ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ និងសាកល​វិទ្យាល័យ​អាមេរិកាំង​មាន​ប្រជាប្រិយ​ភាព​ក្នុង​ចំណោម​កូន​ចៅ​របស់​ពួក​វីរជន។

​ចំណាត់​នេះ​ហាក់​ដូចជា ​បង្កើន​ការ​តាន​តឹង​រវាង​កម្ពុជា ​និង​សហរដ្ឋ​អាមេរិក​ ដែល​លោក​ហ៊ុន សែន​បាន​ចោទ​ប្រកាន់​ពី​ការ​ធ្វើ​ឲ្យ​មាន​បដិវត្តន៍​ពណ៌​មុន​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​ក្រោយ។

លោក​ផៃ ស៊ីផាន​អ្នកនាំ​ពាក្យ​គណៈរដ្ឋ​មន្រ្តី​បាន​សរសេរ​តាម​គេហទំព័រ Facebook ថា​ សេចក្តី​ថ្លែងការណ៍​របស់​លោកស្រី Nauert ​ទំនង​ជា​បង្កើន​ភស្តុតាង​ពី​ការ​ឃុបឃិត​របស់​សហរដ្ឋ​អាមេរិក​ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោកហ៊ុនសែន។

អ្នកនាំពាក្យ​ ផៃ ស៊ី​ផាន ​បាន​សរសេរ​ថា «សេចក្តី​ថ្លែងការណ៍​នេះ​បង្ហាញ​ពីបំណងពិត​ប្រាកដបំផ្លាញ​ទំនាក់​ទំនងល្អ និង​កិច្ច​សហ​ប្រតិបត្តិការ​សហរដ្ឋ​អាមេរិកកម្ពុ​ជា។​ ហើយបង្ខំ​ឲ្យ​កម្ពុជា​ជំទាស់​ប្រឆាំង​នឹង​តុលាការ​ ប្រឆាំង​នឹង​សភា ​គឺ​ជា​ការ​ប្រឆាំង​នឹង​នីតិរដ្ឋ​ប៉ុណ្ណោះ​ ផ្ទុយ​ពី​ឆន្ទៈកម្ពុជា​ដែល​ប្រឹងប្រែង​ពង្រឹង​ជា​រៀងរាល់​ថ្ងៃ‍»។

បណ្តាញ​ព័ត៌មាន Fresh News ដែល​គាំទ្រ​រដ្ឋាភិបាល​ដែល​បាន​សរសេរ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ជា​ប្រចាំ​ប្រឆាំងនឹង​សហរដ្ឋ​អាមេរិក​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ ​បាន​រាយការណ៍​ពី​ព័ត៌មាន​នៃ​ការ​រឹតត្បិត​ រួមមាន​សេចក្តី​ថ្លែងការណ៍​ទាំង​ស្រុង​របស់​ក្រសួង​ការ​បរទេស​អាមេរិក ​ខណៈ​ដែល​ទីភ្នាក់ងារ​ព័ត៌មាន​របស់​រដ្ឋាភិបាល​គឺ AKP បាន​ធ្វើ​មិន​ដឹងឮ​ពី​ការ​រឹតត្បិត​នេះទាំង​ស្រុង។

លោក​ ជុំ សុន្ទរី ​អ្នកនាំ​ពាក្យ​ក្រសួងការបរទេស​កម្ពុជា​មិនបានលើក​ទូរស័ព្ទ​ទេ ​ក៏​ប៉ុន្តែ សេចក្តី​រាយការណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​លោក​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន Fresh News ​ដែល​គាំទ្រ​រដ្ឋាភិបាល​ថា ​ក្រសួង​ការ​បរទេស​បាន​ប្រុងប្រៀប​ធ្វើ​ការ​ឆ្លើយ​តប។

លោកស្រី​ មូរ សុខហួរ ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បញ្ចុះ​បញ្ចូល​រដ្ឋា​ភិបាល​អូស្រ្តាលី​នៅ​សប្តាហ៍​នេះ​ឲ្យ​ចាត់​វិធានការ​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ​បាន​និយាយ​ថា គណបក្ស​របស់​លោកស្រី«មានការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ដល់​ការ​រឹត​ត្បិត​នេះ‍»។

លោកស្រី​ មូរ សុខហួរ​ មាន​ប្រសាសន៍​ថា «សហរដ្ឋ​អាមេរិក​កំពុង​ស្តាប់​យើងហើយ​និង​ធ្វើ​ក្នុង​ទិសដៅ​ដ៏​ត្រឹមត្រូវ ​និង​ផ្តល់​ឲ្យ​លោក​ហ៊ុន សែន​នូវ​ពេលវេលាដើម្បី​ស្តាប់​ និង​អនុសាសន៍​ដ៏​សម​ហេតុ​ សម​ផល​ ដែល​យើង​នឹង​ទទួល​បាន​ដែល​យើង​មាន​ពេល​វេលា​ ដើម្បី​ប្រុងប្រៀប​រៀប​ចំ​ការ​បោះ​ឆ្នោត។អ្វី​ដែល​យើង​បាន​គឺ​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​ឆ្នាំ​២០១៨‍»។

រូបឯកសារ៖ លោកស្រី​ មូរ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ផ្តល់​បទសម្ភាសន៍​ជាមួយ​ VOA ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃ​ទី៦ ខែកញ្ញា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ លោកស្រី​ មូរ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ផ្តល់​បទសម្ភាសន៍​ជាមួយ​ VOA ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃ​ទី៦ ខែកញ្ញា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

លោកស្រី​បានមាន​ប្រសាសន៍​ទៀត​ថា «យើង​បាន​សុំ​ឲ្យ​មានការ​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​ ដោយ​ការ​ហាម​ឃាត់​ពួក​មន្រ្តី​ជាន់​ខ្ពស់​ក្នុង​ប្រទេស​កម្ពុជា។ ​នេះ​ជា​ការ​ព្រមាន ហើយ​ឥឡូវនេះ​ វា​បាន​ក្លាយ​ជា​ការ​ពិត។​ យើង​មានការ​ពេញ​ចិត្ត​ពី​សកម្ម​ភាពជាក់​ស្តែង​ ដែល​បាន​ធ្វើ​ឡើង ​ដោយ​សហរដ្ឋ​អាមេរិក ​និង​ដោយ​រដ្ឋាភិបាល​នានា​ដូចជា​ រដ្ឋាភិបាល​ស៊ុយអែដ​ ដែល​បាន​កាត់​ផ្តាច់​ជំនួយ​ដល់​រដ្ឋាភិបាល​កម្ពុជា‍»។

​កាល​ពី​ខែ​មុន ​ប្រទេស​ស៊ុយអែដ​ ដែល​ជា​ម្ចាស់​ជំនួយ​ដ៏​សំខាន់​មួយ​ដល់​កម្ពុជា ​បាន​ប្រកាស​ថា ​ខ្លួនបាន​ផ្អាក​ជំនួយ​ថ្មី​រវាង​រដ្ឋាភិបាល ​និង​រដ្ឋាភិបាល​ដល់​ព្រះរាជាណាចក្រ​កម្ពុជា លើកលែងតែ​ក្នុង​វិស័យ​សិក្សា​អប់រំ ​និង​ការ​ស្រាវ​ជ្រាវ។

​លោកស្រី​ មូរ ​សុខ​ហួរ​ បាន​មាន​ប្រសាសន៍​ទៀត​ថា សហភាព​អឺរ៉ុប ​ក៏បាន​ប្រុង​ប្រៀប​ដាក់​ទណ្ឌកម្ម​ជា​ ការ​ឆ្លើយ​តប​ដែរ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ​លោកស្រី​បាន​បដិសេធ​ពុំ​ព្រម​ផ្តល់​សេចក្តី​លម្អិត។

​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ VOA ​កាល​ពី​សប្តាហ៍​មុន ​លោក William Heidt ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បានសង្កត់​ពី​ការ​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​របស់​លោក​លើ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ក្នុង​មូលដ្ឋាន​តាមរយៈ ផ្នែក​នានា​ដូចជា ​បច្ចេកវិទ្យា​ខណៈ​ដែល​មាន​ភាព​កាន់តែ​យ៉ាប់យ៉ឺន​ឡើង​ក្នុង​ទំនាក់​ទំនង​នោះ។ ​លោក​ឯក​អគ្គ​រដ្ឋ​ទូត Heidt បាន​មាន​ប្រសាសន៍​ថា «និយាយ​ដោយ​ស្មោះ​ត្រង់​ចាប់តាំង​ពី​ខ្ញុំ​បាន​មក​ទី​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​វិធានការ​យ៉ាង​ច្រើន​ប្រ​ឆាំង​នឹង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក‍»។

លោក​ឯកអគ្គរដ្ឋទូត​អាមេរិក​បាន​និយាយ​ទៀត​ថា ​លោក​គិត​ថា ​មិនដែល​មានចេតនា​ដោយ​ស្មោះ​ត្រង់​ដោយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​សហរដ្ឋ​អាមេរិក​ទេ។ លោក​ឯក​អគ្គ​រដ្ឋ​ទូត​និយាយ​ថា «រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ឈប់​សម​យុទ្ធ​ខាងយោធា គេ​បាន​បណ្តេញ​អង្គការ​អាមេរិក​ចេញ​ពី​កម្ពុជា ​ពួកគេ​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ទាំងអស់​នោះ​ប្រឆាំង​នឹង​យើង​ដែល​ទាក់​ទិន​នឹង​ស្ថានភាព​នយោបាយនៅ​កម្ពុជា‍»៕

ប្រែ​សម្រួល​ដោយ​ ជឹង ប៉ូជីន

XS
SM
MD
LG