ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ថា ​ការ​ដាក់​បម្រាម​ទិដ្ឋាការ​ដល់​កម្ពុជា​​ជា ​ការប៉ុនប៉ង​បំផ្លាញ​ទំនាក់ទំនង​កម្ពុជា-អាមេរិក


រូបឯកសារ៖ ប្រធានាធិបតីអាមេរិក​ លោក ដូណាល់ ត្រាំ និង​នាយករដ្ឋមន្រ្តីកម្ពុជា លោក​ ហ៊ុន សែន។
រូបឯកសារ៖ ប្រធានាធិបតីអាមេរិក​ លោក ដូណាល់ ត្រាំ និង​នាយករដ្ឋមន្រ្តីកម្ពុជា លោក​ ហ៊ុន សែន។

«អូ​រឿង​ហ្នុង​ ជា​សិទ្ធិ​របស់​សហរដ្ឋ​អាមេរិក​ទេ មិន​ដឹង​ធ្វើ​ម៉េច ឲ្យ​ខ្ញុំ​ថា​ម៉េច»។

មួយ​ថ្ងៃ​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល សហរដ្ឋ​អាមេរិក ដាក់​បម្រាម​មិន​ឲ្យ​មន្ត្រី​កម្ពុជា ​ឬ​បុគ្គល​មួយ​ចំនួន​មិន​ឲ្យ​ចូល​មក​កាន់​ប្រទេស​អាមេរិក ការបំផ្លាញ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នោះ អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​ បាន​ចាត់​ទុក​ថា​នោះ​គឺ​ជា​រឿង​មិន​យុត្តិធម៌​សម្រាប់​ប្រទេស​កម្ពុជា ​និង​ជា​ការ​ដែល​មាន​បំណង​បំផ្លាញ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ។

លោក​ ផៃ ​ស៊ីផាន​ អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​កម្ពុជា​ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ជា​សេចក្ដីថ្លែងការណ៍​ធ្វើ​អោយ​ពិភពលោក​ងឿង​ឆ្ងល់​អំពី​ការចូលរួម​របស់​សហរដ្ឋអាមេរិក​ក្នុង​កិច្ច​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ហើយ​ក៏​ជា​ការ​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដោយ​អយុត្តិធម៌។ លោក​ថ្លែង​តាម​ខ្លឹមសារ​ដើម​ថា៖

«សេចក្ដីថ្លែងការណ៍​នេះ បង្ហាញ​ពី​បំណង​ពិតប្រាកដ បំផ្លាញ ទំនាក់​ទំនង​ល្អ រួម​ទាំង​កិច្ច​សហ​ប្រតិបត្តិការ​សហរដ្ឋ​អាមេរិក-កម្ពុជា។ រីឯ​ការ​បង្ខំ​អោយ​កម្ពុជា​ប្រឆាំង​នឹង​តុលាការ​ប្រឆាំង​នឹង​រដ្ឋសភា​គឺ​ជា​ ការ​ប្រឆាំង​នឹង​នីតិរដ្ឋ​តែ​ប៉ុណ្ណោះ ផ្ទុយ​ពី​ឆន្ទៈ​កម្ពុជា ដែល​ប្រឹងប្រែង​ពង្រឹង​ជា​រៀង​រាល់​ថ្ងៃ»។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ដោយ​យោង​ថា​ នេះ​ជា​ការ​សម្រេច​របស់​តុលាការ​ក្នុង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​លោក​បាន​ចោទប្រកាន់​ថា​ជា ​ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់។

លោក​បាន​អះអាង​ថា សេចក្ដីថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ជា​សេចក្ដីថ្លែងការណ៍​ ធ្វើ​អោយ​ពិភពលោក​ងឿង​ឆ្ងល់ អំពី​ការចូលរួម​របស់​សហរដ្ឋ​អាមេរិក ក្នុង​កិច្ច​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ហើយ​ក៏​ជា​ការ​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដោយ​អយុត្តិធម៌។

មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ទៀត​របស់​ប្រទេស​កម្ពុជា​គឺ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋ មន្ត្រី​ក្រសួង​មហា​ផ្ទៃ បាន​បង្ហាញ​ជំហរ​មិន​អើពើ​នឹង​ការ​ដាក់​បម្រាម​របស់​សហរដ្ឋអាមេរិកទេ​នៅ​ពេល​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​នេះ។

«អូ​រឿង​ហ្នុង​ ជា​សិទ្ធិ​របស់​សហរដ្ឋ​អាមេរិក​ទេ មិន​ដឹង​ធ្វើ​ម៉េច ឲ្យ​ខ្ញុំ​ថា​ម៉េច»។

រូបឯកសារ៖ ដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ​លោក​ ស​ ខេង​ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ ដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ​លោក​ ស​ ខេង​ (ហ៊ុល រស្មី/VOA)

​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​គឺ​លោកស្រី Heather Nauert កាល​ពី​ថ្ងៃ​ពុធ​បាន​ឲ្យ​ដឹង​ថា ​វិធានការ​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​គឺ ​លោក Rex Tillerson កើតឡើង​បន្ទាប់​សេតវិមាន​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​រួច​ហើយ។ លោក​ស្រី​បាន​ថ្លែង​តាម​ខ្លឹមសារ​ដើម​ថា៖

«ជា​ការ​ឆ្លើយតប​ដោយ​ផ្ទាល់​ទៅ​នឹង​វិធាន​ការ​ប្រឆាំង​នឹង​ដំណើរការ​ប្រជាធិបតេយ្យ​ជា​បន្តបន្ទាប់ ​យើង​សូម​ប្រកាស​ថា ​លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នឹង​ដាក់​បម្រាម​មិន​ឲ្យ​ចូល​មក​កាន់​សហរដ្ឋអាមេរិក​ទេ ​ចំពោះ​បុគ្គល​ទាំងឡាយ ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឲ្យ​អន្តរាយ​ដល់​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

រូបឯកសារ៖ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ លោកស្រី Heather Nauert
រូបឯកសារ៖ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ លោកស្រី Heather Nauert

ក្រៅ​ពី​បញ្ជាក់​ថា ​សមាជិក​ក្រុម​គ្រួសារ​របស់​មន្ត្រី​ និង​បុគ្គល​ទាំងនោះ​ក៏​ត្រូវ​ជាប់​ក្នុង​បម្រាម​នេះ​ផង​ដែរ​នោះ សេចក្ដីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​ដដែល​នេះ​ បាន​និយាយ​ថា​ វិធានការណ៍​របស់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​ ធ្វើ​ផ្ទុយ​នឹង​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ដែល​បាន​បញ្ចប់​ជម្លោះ​ ដែល​បាន​បង្ក​ឲ្យ​មាន​សោកនាដកម្ម​ និង​សិទ្ធិ​ពលរដ្ឋ​តាម​បែប​ផែន​ប្រជាធិបតេយ្យ​។ នោះ​គឺ​ រួម​ទាំង​ការ​មិន​កែប្រែ​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​រំលាយ​គណបក្ស ជំទាស់​ដ៏​សំខាន់​ជាងគេ ហើយ​រារាំង​មិន​ឲ្យ​ចូលរួម​ក្នុង​ការ​បោះឆ្នោត ចាប់​ដាក់​គុក​មេដឹកនាំ​គណបក្ស​ជំទាស់ លោក កឹម សុខា រឹតត្បិត​ក្រុម​សង្គម​ស៊ីវិល គាបសង្កត់​ក្រុម​បណ្ដាញ​ព័ត៌មាន​ឯករាជ្យ។

សេចក្ដីថ្លែងការណ៍​ដដែល​នេះ​ក៏​បាន​បន្ថែម​អំពី​វិធានការ​បន្ទាប់​ទៅ​មុខ​ទៀត​ នៅ​ពេល​ដែល​គ្មាន​ការ​រីក​ចម្រើន។

កញ្ញា កឹម មនោវិទ្យា អគ្គនាយក​រង​ទទួលបន្ទុក​កិច្ចការ​សាធារណៈ​ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ដើរ​កៀរគរ​រក​ការ​គាំទ្រ​នយោបាយ​ពី​ក្រសួង​ការបរទេស​អាមេរិក សេតវិមាន និង​សភា នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ហើយ​និង​ប្រទេស​មួយ​ចំនួន បាន​អះអាង​ថា ការណ៍​នេះ​នឹង​ស្រេច​លើ​រដ្ឋាភិបាល​កម្ពុជា​ថា​តើ​រដ្ឋាភិបាល​កម្ពុជា​សម្រេច​ចិត្ត​ប្ដូរ​ជំហរ​ ឬ​ក៏​រង​ទណ្ឌកម្ម។

«ខ្ញុំ​ជឿ​ថា​ វិធានការ​នឹង​មាន​ជា​បន្តបន្ទាប់​ដូចជា ​ការ​ចាប់ផ្ដើម​ព្រមាន​តាំងពី​ដំបូង​មក​កាល​ពី​ថ្ងៃ​ទី​១៦ ​(វិច្ឆិកា)​មក​ទាក់ទង​ទៅ​នឹង​ការ​ដក​ជំនួយ​ជួយ​ទៅ​លើ​ការបោះឆ្នោត​នៅ​កម្ពុជា​យើង បន្ទាប់​មក​ឥឡូវ​យើង​ឃើញ​ថា​ មាន​ការ​បិទ​ទិដ្ឋាការ ហើយ​ខ្ញុំ​ជឿ​ថា ​នឹង​មាន​វិធានការ​ផ្សេង​ទៀត​ ប្រសិន​បើ​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​មិន​ប្រែប្រួល​ទេ។ វិធាន​ការ​មួយ​ទៀត​ហ្នឹង​ ក៏​ទាក់ទង​នឹង​ទណ្ឌកម្ម​ជា​បុគ្គល​ដែរ គឺ​ការ​បង្កក​ទ្រព្យសម្បត្តិ​ ដែល​ដាក់​ទៅ​ក្នុង​បញ្ជី​ពិសេស​ហ្នឹង។ អញ្ចឹង ខ្ញុំ​ជឿ​ថា មិនមែន​មាន​តែ​សហរដ្ឋ​ទេ នឹង​មាន​ប្រទេស​ផ្សេងៗ​នឹង​ចាប់ផ្ដើម​ចាត់​វិធានការ​ទាំងអស់​នោះ​ដែរ»។

រូបឯកសារ៖ កញ្ញា​ កឹម​ មនោវិទ្យា​ កំពុង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​កិច្ចពិភាក្សា​អំពី​ស្ថាន​ភាព​នយោបាយ​ប្រទេស​កម្ពុជា​ និង​តួនាទី​របស់​សហរដ្ឋ​អាមេរិក​ នៅ​ទីក្រុង​ Annandale​ រដ្ឋ​វឺជីនៀ ថ្ងៃ​ទី​ ៣​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៧​។ (លឹម​ ហ្គេច​ហៀង/VOA)
រូបឯកសារ៖ កញ្ញា​ កឹម​ មនោវិទ្យា​ កំពុង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​កិច្ចពិភាក្សា​អំពី​ស្ថាន​ភាព​នយោបាយ​ប្រទេស​កម្ពុជា​ និង​តួនាទី​របស់​សហរដ្ឋ​អាមេរិក​ នៅ​ទីក្រុង​ Annandale​ រដ្ឋ​វឺជីនៀ ថ្ងៃ​ទី​ ៣​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៧​។ (លឹម​ ហ្គេច​ហៀង/VOA)

កញ្ញា កឹម មនោវិទ្យា បាន​បន្ថែម​ថា ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ទទួល​យក​ជន​ភៀស​ខ្លួន​វិញ ដើម្បី​ឲ្យ​គេ​ដក​ការ​ចេញ​ការ​រឹតត្បិត​ទិដ្ឋាការ​វិញ នេះ​ជា​ការ​ខ្វល់​របស់​រដ្ឋាភិបាល ហើយ​រដ្ឋាភិបាល​នឹង​ខ្វល់​បន្ថែម​ទៀត បើ​មាន​ការ​បង្កក​ទ្រព្យ​សម្បត្តិ ព្រោះ​វា​ទាក់ទង​ដល់​ទ្រព្យសម្បត្តិ និង​ទាក់ទង​នឹង​ការ​ធ្វើ​ជំនួញ​នានា។

សហគមន៍​អន្តរជាតិ​ ចង់​ឲ្យ​មាន​ការ​រក​ដំណោះស្រាយ​តាមរយៈ​ការ​ជួប​ជជែក​គ្នា។

តុលាការ​កំពូល​របស់​ប្រទេស​កម្ពុជា​ដែល​អ្នករិះគន់​និយាយ​ថា ​គ្រប់គ្រង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ពាក់​កណ្ដាល​ខែ​មុន​ បាន​សម្រេច​រំលាយ​គណបក្ស​ជំទាស់​គឺ​ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្រធាន​គណបក្ស​នេះ​កំពុង​ជាប់​ពន្ធនាគារ​ពី​បទ​ដែល​រដ្ឋាភិបាល​ចោទ​ថា​ ក្បត់ជាតិ ដោយ​មាន​ការប៉ុនប៉ង​ផ្ដួល​រំលំ​គណបក្ស​គ្រប់គ្រង​ប្រទេស ​ដោយ​មាន​សហរដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ តែ​ការ​ចោទប្រកាន់​នោះ ត្រូវ​បាន​បដិសេធ​ និង​ចាត់ទុកថា ​គ្មាន​ហេតុផល។

ក្រុម​មន្ត្រី​ជាន់ខ្ពស់ចំនួន​ ១១៨នាក់​របស់​គណបក្ស​ជំទាស់​ ត្រូវ​ជាប់​ក្នុង​ការ​ដក​សិទ្ធិ​ធ្វើ​នយោបាយ​យ៉ាង​តិច​៥ឆ្នាំ នៅ​មុន​ពេល​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា និង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​នៅ​ឆ្នាំ ​២០១៨​នេះ។

រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ចាត់​វិធានការ​ណា​មួយ​ជា​ឆ្លើយតប​ដូច​លើក​មុនៗ​នៅឡើយ​ទេ​មក​ទល់​ថ្ងៃ​ព្រហស្បតិ៍​នេះ​ចំពោះ​វិធានការ​របស់​សហរដ្ឋ​អាមេរិក ដោយ​ព្យាយាម​រក្សា​ទំនាក់ទំនង​ការ​ទូត​ដូច​ធម្មតា។

ទាំង​ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា គឺ​ លោក William Heidt និង​សមាជិក​សភា​អាមេរិកាំង​ម្នាក់​គឺ​លោក Alan Lowenthalបាន​បង្ហាញ​ជំហរ​រៀង​ខ្លួន​រួច​ហើយ​ថា​សហរដ្ឋ​អាមេរិក​នឹង​ចង់​ពង្រឹង​កិច្ចសហការ​ជាមួយ​កម្ពុជា ជាពិសេស​លើ​បញ្ហា​សេដ្ឋកិច្ច​ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ។

លោក Alan Lowenthal បាន​អះអាង​កាល​ពី​ថ្ងៃ​អាទិត្យ​ប្រាប់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជាច្រើន​មក​ពី​តាម​បណ្ដា​រដ្ឋ​នានា​អំពី​វិធានការ​ទៅមុខ​ជា​បន្តបន្ទាប់​ ដែល​សភា​ និង​រដ្ឋាភិបាល​អាមេរិក​ និង​សហគមន៍​អន្តរជាតិ​ ត្រូវ​ធ្វើ​ចំពោះ​ស្ថានការណ៍​កម្ពុជា ដោយ​លោក​បាន​សង្កត់​ធ្ងន់​ថា សហរដ្ឋ​អាមេរិក គ្មាន​បំណង​ផ្ដាច់​ទំនាក់ទំនង​ជាមួយ ជាមួយ​នឹង​ប្រទេស​កម្ពុជា​ទេ តែ​គោលបំណង​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក គឺ​ចង់​ឃើញ​ថា​ រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ឲ្យ​បាន​ប្រសើរ​ឡើង​ចំពោះ​កាតព្វកិច្ច​ និង​ការ​ទទួល​ខុសត្រូវ​របស់​ខ្លួន។

«ដូច្នេះ​ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នឹង​នៅ​តែ​បន្ត​និយាយ​ចេញ​ពេល​នេះ។ មិន​ដឹង​ថា​នេះ​មាន​ន័យ​ថា ​រដ្ឋាភិបាល​កម្ពុជា​នឹង​កាត់​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក​ឬ​ទេ តែ​នោះ​មិនមែន​ជា​គោល​បំណង​របស់​យើង​ទេ ហើយ​មិនមែន​ជា​គោលបំណង​របស់​យើង​ដែល​ចង់​ឲ្យ​កើតឡើង​ដែរ តែ​នោះ​គឺ ​ពិតជា​ជម្រើស​របស់​រដ្ឋាភិបាល​កម្ពុជា ប្រសិន​បើ​កម្ពុជា​ចង់​ធ្វើ​យ៉ាង​ដូច្នោះ»។

រូបឯកសារ៖ លោក​ សុខ​ ខេមរា​កំពុង​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​លោក​ Alan Lowenthal​ ​នៅ​ក្នុង​កិច្ចពិភាក្សា​អំពី​ស្ថាន​ភាព​នយោបាយ​ប្រទេស​កម្ពុជា​ និង​ តួនាទី​របស់​សហរដ្ឋ​អាមេរិក​ នៅ​ទីក្រុង​ Annandale រដ្ឋ​វឺជីនៀ​ នៅ​ថ្ងៃ​ទី​ ៣​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៧​។ (លឹម​ ហ្គេច​ហៀង/VOA)
រូបឯកសារ៖ លោក​ សុខ​ ខេមរា​កំពុង​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​លោក​ Alan Lowenthal​ ​នៅ​ក្នុង​កិច្ចពិភាក្សា​អំពី​ស្ថាន​ភាព​នយោបាយ​ប្រទេស​កម្ពុជា​ និង​ តួនាទី​របស់​សហរដ្ឋ​អាមេរិក​ នៅ​ទីក្រុង​ Annandale រដ្ឋ​វឺជីនៀ​ នៅ​ថ្ងៃ​ទី​ ៣​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៧​។ (លឹម​ ហ្គេច​ហៀង/VOA)

ប្រទេស​កម្ពុជា ​និង​សហរដ្ឋ​អាមេរិក​មាន​ទំនាក់ទំនង​ឡើង​ចុះ​ដោយសារ​បញ្ហា​សិទ្ធិមនុស្ស ​និង​ប្រជាធិបតេយ្យ ជា​ពិសេស​នៅ​ពេល​ដែល​មាន​ការ​ចាប់ខ្លួន​លោក កឹម សុខា កាល​ពី​ខែ​កញ្ញា​កន្លង​មក មុន​ការបោះឆ្នោត​ព្រឹទ្ធសភា និង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ឈាន​មក​ដល់។

លោកបណ្ឌិត មាស នី​ ​អ្នកវិភាគ​បញ្ហា​សង្គមក្នុង​ប្រទេសកម្ពុជា បាន​អះអាងថា​ ទោះ​ជាគេ​មិន​ទាន់​ដឹង​ថា​តើ ​មាន​មន្ត្រី​កម្ពុជា និង​បុគ្គលប៉ុន្មាន​នាក់ ​ត្រូវ​សហរដ្ឋ​អាមេរិកដាក់កម្រិត​ទិដ្ឋាការមិន​ឲ្យចូល​អាមេរិក​ក្ដី តែ​នេះ​មិន​មែន​ជា​រឿង​ល្អ​ទេ​សម្រាប់ទំនាក់ទំនង​អាមេរិក និង​កម្ពុជា។

«បើ​សិន​ណាជា​ ស្ថាន​ភាពនយោបាយកម្ពុជានៅតែ​មិន​មាន​ការ​ផ្លាស់​ប្ដូរ​ទៀត​ ខ្ញុំ​មាន​ការព្រួយបារម្ភក្រែងលោគេ​ឈានទៅ​ដល់ដំណាក់កាលមួយទៀត ដោយ​ធ្វើ​ការ​ដាក់ទណ្ឌកម្មទៅ​លើ​ការនាំចេញផលិតផល ឬ​ក៏​ទណ្ឌកម្មសេដ្ឋកិច្ច។ ​ខ្ញុំ​គិត​ថា ​ពេល​នោះនឹង​មាន​ផល​ប៉ះ​ពាល់​មកដល់ពលរដ្ឋ​ទូទៅ។ តែ​សម្រាប់ទិដ្ឋាការនេះ ខ្ញុំ​គិត​ថា វា​ប៉ះពាល់​ ​លើ​ការធ្វើដំណើរចុះឡើងរបស់​មន្ត្រីថ្នាក់​ធំៗរបស់រដ្ឋាភិបាល​ទេ»។

រូបឯកសារ៖ លោក មាស នី អ្នកស្រាវជ្រាវសង្គម។ (លឹម សុធី/VOA)
រូបឯកសារ៖ លោក មាស នី អ្នកស្រាវជ្រាវសង្គម។ (លឹម សុធី/VOA)

ប្រទេសកម្ពុជា ពឹងផ្អែកទីផ្សារសហរដ្ឋ​អាមេរិក​និង​អឺរ៉ុបយ៉ាង​តិច​ ៥ពាន់​លាន​ដុល្លារ ក្នុង​មួយឆ្នាំៗសម្រាប់ផលិតផលវាយនភណ្ឌ ដែល​ជា​វិស័យ​មួយ​ក្នុង​ចំណោម៤ ​ដែល​ទ្រទ្រង់សេដ្ឋកិច្ច​កម្ពុជា និង​ជា​វិស័យ​មួយ​ដែល​ផ្ដល់​ការងារដល់​កម្មករជាង​ ៧​សែន​នាក់​ក្នុង​ប្រទេស៕

XS
SM
MD
LG