ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​ព្រឹទ្ធសភា​អាមេរិក​ព្រមាន​ជា​លើក​ចុង​ក្រោយ​​ឱ្យដោះលែង​ប្រធាន​គណបក្ស​ប្រឆាំង


រូបឯកសារ៖ លោក​ ​Ted Cruz ​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​​ខាង​គណបក្សសង្គ្រោះជាតិ។
រូបឯកសារ៖ លោក​ ​Ted Cruz ​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​​ខាង​គណបក្សសង្គ្រោះជាតិ។

សមាជិក​ព្រឹទ្ធ​សភា​អាមេរិកលោក​ ​Ted Cruz​ ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ទៀត​ ក្រោយ​ទទួលបានលិខិត​ពីឯក​អគ្គរាជទូត​កម្ពុជា​ប្រចាំ​អាមេរិក​ដែល​ការពារសកម្មភាពចាប់​ឃុំ​លោក​ ​កឹម សុខា​ ​និង​គម្រោង​រំលាយគណបក្ស​ប្រឆាំង។​ ​លោក​ថ្លែង​ថា​ ​ការ​ថ្លែង​របស់​ឯកអគ្គរាជទូត​ការពារ​រដ្ឋាភិបាលកម្ពុជា​នោះ​គឺ​ជា​ការ​ដោះសារ​ដែល​ឥត​តម្លៃ​ ​និង​ថា​ ​ប្រសិនបើ​គ្មាន​ការ​ដោះលែង​លោក​ ​កឹម សុខា​ ​នោះសហរដ្ឋ​អាមេរិក​ ​និង​សម្ព័ន្ធ​មិត្ត​របស់ខ្លួន​នឹង​មិន​ទទួល​ស្គាល់​លទ្ធផល​នៃការ​បោះឆ្នោត​នៅ​កម្ពុជា​នា​ឆ្នាំ​ក្រោយនេះ​ទេ។​

សមាជិក​ព្រឹទ្ធសភាអាមេរិក​ម្នាក់​គឺ​ ​លោក​ ​Ted Cruz​ ​បាន​ព្រមាន​ជាថ្មី​ថា​ ​ប្រសិន​បើ​គ្មាន​ការ​ដោះ​លែង​លោក​ ​កឹម សុខា​ ​នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​នេះ​សហរដ្ឋ​អាមេរិក​ ​និង​សម្ព័ន្ធ​មិត្ត​របស់ខ្លួន​នឹង​មិន​ទទួល​ស្គាល់​លទ្ធផល​នៃការ​បោះឆ្នោតនៅ​កម្ពុជា​នា​ឆ្នាំ​ក្រោយនេះ​ទេ។

​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​សារ​ជា​ថ្មី​របស់​លោក​ ​Ted Cruz​ ​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​ ​កាល​ពី​ថ្ងៃ​ពុធ​នៅ​ទីក្រុង​វ៉ាស៊ីនតោននោះ​ ​គឺ​ឆ្លើយ​តប​ទៅ​នឹង​ការ​បដិសេធ​របស់​លោក​ ​ជុំ ប៊ុនរ៉ុង​ ​ឯក​អគ្គរាជ​ទូត​កម្ពុជា​ប្រចាំរដ្ឋ​ធានី​វ៉ាស៊ីនតោន​ ​ទាក់ទងនឹង​ការទាមទារ​ឲ្យ​មាន​ការដោះ​លែង​លោក​ ​កឹម សុខា​ ​ប្រធានគណបក្ស​ប្រឆាំង​ដែល​កំពុង​ត្រូវ​បាន​ឃុំខ្លួន​ពីបទ«ក្បត់ជាតិ»។​

កាល​ពី​ថ្ងៃ​ទី២៣​ ​ខែតុលា​កន្លង​ទៅ​ ​លោក​ ​Ted Cruz ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​លោក​ ​ជុំ ប៊ុនរ៉ុង​ ​ឯក​អគ្គ​រាជទូត​ខ្មែរ​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន​ ​ដោយ​ស្នើឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​លោក​ ​កឹម សុខា​ ជា​បន្ទាន់​ ​និង​មិន​ត្រូវ​រំលាយ​គណបក្ស​ជំទាស់​ ​ហើយ​ត្រូវ​អនុញ្ញាត​ឲ្យ​គណបក្សនេះ​បានចូលរួម​ការ​បោះ​ឆ្នោត​ដោយ​សេរី​ ​និង​យុត្តិធម៌​នៅ​ពេល​ខាង​មុខ។​ ​សមាជិក​ព្រឹទ្ធ​សភា​មក​គណបក្សសាធារណ​រដ្ឋ​រូប​នេះបាន​ដាក់​ឱសានវាទ​ឲ្យរដ្ឋាភិបាល​កម្ពុជាដោះលែង​លោក​ ​កឹម សុខា​ត្រឹម​ថ្ងៃទី​៩​ ខែ​វិច្ឆិកា​នេះ​ដើម្បី​ជា​ថ្នូរ​នឹង​ការ​បន្ត​ផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រី​កម្ពុជា​ចូល​មក​សហ​រដ្ឋ​អាមេរិក។

ក៏ប៉ុន្តែ​កាល​ថ្ងៃ​អង្គារ​កន្លង​ទៅ​ ​លោក​ ​ជុំ ប៊ុនរ៉ុង​ ​ឯក​អគ្គរាជ​រដ្ឋទូត​កម្ពុជា​ប្រចាំ​អាមេរិក​ ​បាន​សរសេរ​លិខិត​ឆ្លើយ​តប​ទៅ​លោក​ ​Ted Cruz​ ​ថា ​ជា​រឿង​មិន​យុត្តិធម៌​ដែល​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​រង​ការ​រិះគន់​ និង​គំរាម​កំហែង​ដោយ​វិធានការ​ដាក់​ទណ្ឌកម្មចំពោះ​ចំណាត់​ការ​ច្បាប់​របស់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ការពារ​សន្តិសុខ​ ​ឯក​រាជ្យភាព​ ​និង​អធិបតេយ្យ​របស់​ខ្លួន។ ​លោក​ ​ជុំ ​ប៊ុនរ៉ុង​បន្ថែម​ក្នុង​លិខិត​នោះថា​ ​ការ​ចាប់​ខ្លួន​លោក កឹម សុខា​ ​និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ជារឿង​មិនអាច​ចៀស​ផុត​ ​និង​ថា​ ​ការ​ចាប់​ខ្លួន និង​គម្រោង​រំលាយ​គណបក្ស​ប្រឆាំងមិន​មែន​មាន​ន័យ​ថា​ ជាការ​បញ្ចប់​នូវ​ស្ថាប័ន​ពហុបក្ស​ ​និង​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ឡើយ។​

ទោះជាយ៉ាង​ណា​ ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដែល​ចេញ​នៅ​ថ្ងៃពុធ​នោះ​ ​លោក​ ​Ted Cruz​ ​បាន​ហៅ​ការ​ឆ្លើយ​តប​របស់​លោក​ ​ជុំ ប៊ុនរ៉ុង ថា​ ជាការ​ដោះសារ និង​ជា​ពាក្យ​សម្តី​ដែល​ឥត​តម្លៃ។ ​លោក​បន្ថែម​ថា ​រដ្ឋាភិបាល​កម្ពុជា​កំពុង​គេច​វេស​ពី​ការ​ទទួល​ខុសត្រូវ​តាម​បែប​ប្រជាធិបតេយ្យ និង​ផ្ទុយ​ពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​សហ​រដ្ឋ​អាមេរិក​ ​ជប៉ុន​ ​និង​សហគមន៍​អឺរ៉ុប​ ​ដែល​ខិតខំ​ជួយ​កម្ពុជា​ ​តាំង​ពី​មាន​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ ឆ្នាំ១៩៩១។​

ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ដដែល​ ​លោក​ ​Ted Cruz ​បាន​ព្រមាន​ជា​ថ្មី​ថា​ ​ប្រសិនបើ​លក្ខខណ្ឌ​មួយ​ចំនួន​មិន​ត្រូវ​បាន​អនុវត្ត​ ​នោះ​សហ​រដ្ឋ​អាមេរិក​ ​និង​សម្ព័ន្ធមិត្ត​នឹង​មិន​អាច​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ឆ្នាំ២០១៨​ ​ឡើយ។​

លោក​ ​Ted Cruz​ ​បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នោះ​ដោយ​តាមសម្តីដើម​ថា៖​

«នៅ​ថ្ងៃស្អែក​ ​(ថ្ងៃព្រហស្បតិ៍)​ ​ជា​ថ្ងៃចុងក្រោយ​ដែល​ពលរដ្ឋ​កម្ពុជា​អាច​ចុះ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨។​ ​ប្រសិនបើ​លក្ខខណ្ឌ​ជាក់លាក់​មួយ​ចំនួនរួម​មាន​ ​ការ​ដោះ​លែង​លោក​ ​កឹម សុខា​ ​ការ​អនុញ្ញាត​ឲ្យ​ស្ថានីយ៍វិទ្យុ​អាច​ផ្សាយ​ឡើង​វិញ​ដោយ​សេរី ​និង​ការ​អនុញ្ញាត​ឲ្យ​អង្គការ​ធ្វើការ​ផ្នែក​ប្រជាធិបតេយ្យ​ដំណើរ​ការ​ក្នុង​ប្រទេស​កម្ពុជា​ មិន​ត្រូវ​បាន​បំពេញទេនោះ នោះសហរដ្ឋ​អាមេរិក​ ​និង​ប្រទេស​សម្ព័ន្ធ​មិត្ត​នឹង​មិន​អាច​ទទួល​ស្គាល់​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះឆ្នោតនោះ​ទេ»។​

លោក​ Ted Cruz​ បន្ថែម​ថា ​លោក ​ហ៊ុន សែន​ ត្រូវ​ចាត់​វិធានការ​ភ្លាមៗ​ដើម្បី​ដោះ​ស្រាយ​ចំពោះ​លក្ខខណ្ឌ​ទាំង​នេះ បើ​មិន​ដូច្នោះ​ទេ ​លោក​នឹង​ធ្វើការ​ជាមួយ​សហការី​របស់​លោក​នៅ​រដ្ឋសភា ​និងក្នុង​រដ្ឋបាល​លោក ដូណាល់ ត្រាំ​ ដើម្បី​ពិនិត្យ​មើល​ការ​ឆ្លើយ​តប​ដំបូង​គឺកំណត់​មុខ​សញ្ញា​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា ដែល​ទទួល​ខុសត្រូវ​ចំពោះ​សកម្មភាព​ទាំង​នេះ​ ហើយដែលនឹង​ត្រូវរារាំងមិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​សហ​រដ្ឋ​អាមេរិក។​

លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ត្រូវ​បាន​សមត្ថកិច្ច​សម្រុក​ចូល​ចាប់​ខ្លួន​ពី​ក្នុង​ផ្ទះ​ទាំង​កណ្តាលយប់​រំលង​អាធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​៣ ​ខែ​កញ្ញា​ ដោយ​ចោទពី​បទ​ ​«ក្បត់ជាតិ»​ ​និង​បញ្ជូន​លោក​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ​នៅ​ខេត្ត​ត្បូងឃ្មុំ។ ​ក្រោយ​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា​ តែប៉ុន្មាន​ថ្ងៃ​ ​ក្រសួង​មហាផ្ទៃ​ក៏​បាន​ប្តឹង​ទៅ​តុលាការ​កំពូល​សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះជាតិ ​ដោយចោទ​ថា​ ​គណបក្ស​នេះ​ឃុប​ឃិត​ជាមួយ​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់លោក​ ​ហ៊ុន សែន។​

លោក​ ​ផៃ ស៊ីផាន​ ​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ ​បានប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​លោក Ted Cruz​ ​គ្រាន់តែ​ជា​ជន​បរទេស​ម្នាក់​ ​ដែល​មិនមាន​សិទ្ធិ​ ឬ​ឥទ្ធិពល​ណាមួយ​មក​លើ​កម្ពុជា​ទេ​ ហើយថា​ រដ្ឋាភិបាល​កម្ពុជា​ក៏មិន​ឲ្យ​តម្លៃ​លើ​សេចក្តី​ថ្លែង​ការណ៍​របស់​លោក​ Ted Cruz នោះ​ដែរ។​

អ្នក​នាំពាក្យ​រូប​នេះ​ប្រសាសន៍​បន្ថែម​ថា៖​

«គាត់​ធ្វើអី​ធ្វើ​ទៅ! ​អាហ្នឹង​គាត់​ជា​ជនជាតិ​អាមេរិកាំង។​ ​រឿង​កម្ពុជា​ជារឿង​បញ្ហា​របស់​កម្ពុជា។​ ​កម្ពុជា​មាន​លទ្ធភាព​បណ្តេញ​ ​បំផ្លាញ​ចោល​រាល់​បណ្តាញ​ក្បត់ជាតិ​ ដែល​ត្រូវ​រ៉ូវជាមួយ​ពួក​បរទេស។​ ​ការ​ព្រមានអាហ្នឹង​ជារឿង​ព្រមាន​ ​គ្រាន់តែ​ចង់​បំបែក​ ​អ្នកណា​ដែល​គាត់​ទាក់ទង។​ ​ប៉ុន្តែ​ក្នុង​ករណី​ ​ក្នុង​សាច់​រឿង​ហ្នឹង ​យើង​អត់​ឲ្យ​តម្លៃ។​ យើង​មិន​ជ្រលក់​មាត់​ជាមួយ»។

ក្រៅ​ពី​ការ​ព្រមាន​ផ្សេងៗ​របស់​ព្រឹទ្ធ​សភា​សហ​រដ្ឋ​អាមេរិក​ ​កម្ពុជា​ក៏​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​ រួមមាន​សហ​រដ្ឋ​អាមេរិក​ ​សហភាព​អឺរ៉ុប​ ​អ.ស.ប.​ ​អូស្ត្រាលី ​កាណាដា​ ​អង់គ្លេស​ ​និង​អង្គការ​អន្តរ​ជាតិ​ធំៗ​ជាច្រើន​ ​ចំពោះ​ការ​ចាប់​ខ្លួន​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​ការ​ប៉ុនប៉ង​រំលាយ​គណបក្ស​ជំទាស់​ដ៏​ធំ​នៅ​កម្ពុជា។​ ពួកគេ​បាន​បង្ហាញ​ពី​ការ​បារម្ភ​ថា​ ​ដំណើរ​ការ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ឈាន​ទៅ​រក​ភាព​ខ្ទេចខ្ទី​ ​ហើយ​ថា​ ​ការ​រំលាយ​គណ​បក្ស​ប្រឆាំង​នឹង​ជះ​ឥទ្ធិពល​ដល់​ដំណើរ​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ២០១៨​ ខាង​មុខ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG