ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​នាំពាក្យ​រដ្ឋាភិបាល៖ ​កម្ពុជា​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​សារ​ព្រមាន​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទេ


រូបឯកសារ៖ លោក​ ​ផៃ ស៊ីផាន​ ​អ្នកនាំ​ពាក្យ​របស់​រដ្ឋាភិបាល​​កម្ពុជា ស្ថិត​នៅក្នុង​បន្ទប់​ផ្សាយ​របស់​ VOA នៅ​រាជធានី​ភ្នំពេញ ក្នុង​ពេល​លោក​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA។​
រូបឯកសារ៖ លោក​ ​ផៃ ស៊ីផាន​ ​អ្នកនាំ​ពាក្យ​របស់​រដ្ឋាភិបាល​​កម្ពុជា ស្ថិត​នៅក្នុង​បន្ទប់​ផ្សាយ​របស់​ VOA នៅ​រាជធានី​ភ្នំពេញ ក្នុង​ពេល​លោក​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA។​

បន្ទាប់​ពី​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​ព្រមាន​ពិចារណា​បិទ​ទិដ្ឋាការ​ចំពោះ​មន្ត្រី​កម្ពុជា​មួយ​ចំនួន​ លោក​ ​ផៃ ស៊ីផាន​ ​អ្នកនាំពាក្យ​រដ្ឋា​ភិបាល​កម្ពុជា​ ​​លើក​ឡើង​ថា​ ​កម្ពុជា​មិន​ខ្វល់​នឹង​ការ​ព្រមាន​របស់​បរទេស​​ណាមួយ​នោះទេ។

បន្ទាប់​ពី​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​ទៀតព្រមាន​ពិចារណា​បិទ​ទិដ្ឋាការ​សម្រាប់​មន្ត្រី​កម្ពុជា​មួយ​ចំនួន​ ​ប្រសិន​បើ​ស្ថាន​ការណ៍​នយោបាយ​កម្ពុជា​ទាក់ទង​នឹង​ក្រុម​ជំទាស់មិន​ត្រូវ​បាន​ដោះស្រាយ​នៅ​ក្នុង​ខែ​វិច្ឆិកាខាង​មុខ​ ​ ​លោក​ ​ផៃ ស៊ីផាន​ ​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា​ លើក​ឡើង​ថា​ ​កម្ពុជា​មិន​ខ្វល់ពី​ការ​ព្រមាន​របស់​បរទេសណាមួយ​នោះទេ។​

នៅ​ថ្ងៃ​អង្គារ​នេះ​ ​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជាថ្លែង​ថា​ ​កម្ពុជា​មិន​យក​ចិត្ត​ទុកដាក់​នឹងការលើក​ឡើងរបស់​លោក​ ថេត គ្រូស្ស​(Ted Cruz) សមាជិក​ព្រឹទ្ធ​សភា​សហ​រដ្ឋ​អាមេរិក​ ​ដែល​បាន​ព្រមាន​បិទ​ទិដ្ឋាការសម្រាប់​មន្រ្តី​កម្ពុជា​មួយ​ចំនួន​ ជាថ្នូរ​នឹង​ការ​ទាមទារ​ឲ្យ​ដោះ​លែង​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះជាតិដែល​កំពុង​ជាប់​ឃុំ​នោះ។

លោក​ ​ផៃ ស៊ីផាន​ ​អ្នកនាំ​ពាក្យ​នៃ​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា ​ការ​លើក​ឡើង​របស់​លោក​ ​Ted Cruz​ ​គឺ​មិន​ឆ្លើយ​តប​ទៅ​នឹង​គោល​នយោបាយ​ការ​បរទេសរបស់​លោក​ប្រធានាធិបតី​ដូណាល់ត្រាំ​នោះ​ទេ។​ ​លោក​ថា ​ការ​លើក​ឡើង​នេះ​មិន​មាន​ឥទ្ធិពល​អ្វី​ទាល់​តែ​សោះ​មក​លើ​កម្ពុជា។​

លោក​ ​ផៃ ស៊ីផាន​ ​បញ្ជាក់​ថា៖​

«សហ​រដ្ឋ​អាមេរិក​មិនមែន​ជា​ឋានសួគ៌​ ​ហើយ​ក៏​មិនមែន​ជា​ទិសដៅ​នៃ​អាទិភាព​នៃ​គោល​នយោបាយ​របស់​កម្ពុជា​នោះ​ទេ។​ ​គោល​នយោបាយ​របស់​កម្ពុជា​ ​ជា​របស់​ខ្លួន​ ​គឺ​កិច្ច​ការ​ការពារ​សន្តិភាព​ កិច្ចការ​ការពារ​សន្តិសុខ​ជាតិ​ ​និង​កិច្ចការ​ការពារ​វិបុលភាព​មហា​ជន​របស់​យើង។​ ​ហើយ​ការ​លើក​ឡើង​ហ្នឹង​រឹត​តែបញ្ជាក់​ថា​ ​លោក​ ​Ted​ ​ហ្នឹង​បាន​ចូលរួមនៅ​ពី​ក្រោយ​ជន​ជាប់​ចោទកឹម សុខា»។​

កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ ​សមាជិក​ព្រឹទ្ធ​សភា​អាមេរិកដ៏​មាន​ឥទ្ធិពល​ម្នាក់​គឺ​លោក​ ​ថេត គ្រូហ្ស​ ​(Ted Cruz) ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​លោក​ ​ជុំ ប៊ុនរ៉ុង​ ​ឯក​អគ្គ​រាជទូត​ខ្មែរ​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន​ ដោយ​ស្នើឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​ ​កឹម សុខា​ ជា​បន្ទាន់​ និង​មិន​ត្រូវ​រំលាយ​គណបក្ស​ជំទាស់​ ​ហើយត្រូវអនុញ្ញាត​ឲ្យមាន​ការ​ចូលរួម​ការ​បោះឆ្នោត​ដោយ​សេរី​ ​និង​យុត្តិធម៌​នៅ​ពេល​ខាង​មុខ​ ​ដើម្បី​ជា​ថ្នូរ​នឹង​ការ​បន្ត​ផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រី​កម្ពុជា​ចូល​មក​សហ​រដ្ឋ​អាមេរិក។​

រូបឯកសារ៖ លោក​ ថេត គ្រូស្ស​(Ted Cruz) សមាជិក​ព្រឹទ្ធ​សភា​សហ​រដ្ឋ​អាមេរិក និយាយ​ជាមួយ​អ្នកសារព័ត៌មាន។
រូបឯកសារ៖ លោក​ ថេត គ្រូស្ស​(Ted Cruz) សមាជិក​ព្រឹទ្ធ​សភា​សហ​រដ្ឋ​អាមេរិក និយាយ​ជាមួយ​អ្នកសារព័ត៌មាន។

លោក​ ​Ted Cruz​ ​សមាជិក​ព្រឹទ្ធ​សភា​នៃ​គណបក្ស​សាធារណរដ្ឋ​ ​មក​ពីរដ្ឋ​ ​Texas បាន​បន្ថែមក្នុង​លិខិតនោះ​ដោយ​មានខ្លឹម​សារ​ដើម​ថា៖​

«ប្រសិន​បើ​នាយក​រដ្ឋមន្ត្រី​របស់​លោក​មិន​ដោះ​លែង​លោក​ ​កឹម សុខា​ ​នៅថ្ងៃ​ទី៩ ​វិច្ឆិកា​ទេ​ ខ្ញុំនឹង​ធ្វើ​កិច្ចការ​ជាមួយ​សហការី​របស់ខ្ញុំ​នៅ​ក្នុង​សភា​ ​ហើយ​និង​ក្នុង​រដ្ឋបាល​លោក​ប្រធានាធិបតី​ ត្រាំ ​ដើម្បី​ពិនិត្យ​មើល​ មិន​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​សំខាន់ៗ​មួយ​ចំនួន​ ដែល​ទទួល​ខុស​ត្រូវទង្វើ​ទាំងនោះ​ ធ្វើ​ដំណើរ​ចូល​មក​កាន់​សហ​រដ្ឋ​អាមេរិក​ទេ»។​

រូបឯកសារ៖ លោក​ ​John McCain​ ​សមាជិក​ព្រឹទ្ធ​សភារបស់​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ​ ​Arizona​។
រូបឯកសារ៖ លោក​ ​John McCain​ ​សមាជិក​ព្រឹទ្ធ​សភារបស់​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ​ ​Arizona​។

ស្រដៀង​គ្នា​នោះ​ដែរ​ ​កាល​ពី​ដើម​ខែ​កញ្ញា​ ​ ​ភ្លាមៗ​ក្រោយ​ការចាប់​ខ្លួន​លោក​ ​កឹម សុខា​ សមាជិក​ព្រឹទ្ធ​សភា​មួយ​រូប​ទៀត​របស់​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ​ ​Arizona​ ​គឺ​ លោក​ ​ John McCain​ បាន​សរសេរ​នៅ​លើ​ប្រព័ន្ធ​ ​Twitter​ ​របស់​លោក​ថា៖​ ​«ការ​គាប​សង្កត់ ​ដែល​មិន​អាច​ទទួល​យក​បាន​ ប្រឆាំងក្រុម​មេដឹកនាំ​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ គឺជា​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​កំណើន​នៃ​ភាព​ផ្តាច់ការ​និយម​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ»។​

ទោះ​យ៉ាង​ណា​ក៏​ដោយ​ ​កាលពី​ថ្ងៃចន្ទ​ ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ដែល​កាន់​អំណាច​ជាង​បី​ទសវត្សរ៍​ ​បាន​ប្រកាស​ជាថ្មី​ទៀត​ថា​ ​ការ​អនុវត្ត​ចំណាត់​ការ​លើ​លោក​ ​កឹម សុខា​ ​នឹង​មិន​មាន​ការ​ថយ​ក្រោយ​នោះ​ឡើយ។

លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​សមត្ថកិច្ច​សម្រុក​ចូល​ចាប់​ខ្លួន​ពី​ក្នុង​ផ្ទះ​ទាំង​កណ្តាល​យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែ​កញ្ញា​ ​ដោយ​ចោទ​លោក​ពី​បទ​ ​«ក្បត់​ជាតិ»​ ​ដោយ​យោង​លើវីដេអូ​ឃ្លីប​មួយ​ដែល​លោក​ កឹម សុខា​ បាន​បង្ហាញ​សារ​នយោបាយក្នុង​ការ​ប្រជែង​យក​ឈ្នះ​ដៃ​គូ​នយោបាយ​ ដែល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ​ចាត់​ទុក​ថា ​ជា​ការ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក។​ ​ទោះជាយ៉ាងណា​ ​គណបក្ស​ជំទាស់​ចាត់​ទុក​ថា​ ​ការ​ចាប់​ខ្លួន​លោក​ ​កឹម សុខា​ ​ជា​ការ​បង្ក្រាប​ក្រុម​ជំទាស់​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ ​ហើយមិន​ហ៊ាន​ប្រកួត​ប្រជែង​តាម​ការ​បោះឆ្នោត​ដោយ​សេរី ​យុត្តិធម៌ ​និង​ត្រឹមត្រូវ។​

ក្រោយ​ការ​ចាប់ ​និង​ឃុំ​ខ្លួន​លោក​ កឹម សុខា​ ​គេ​ឃើញ​គណបក្ស​កាន់​អំណាច​របស់​លោក​ ​ហ៊ុន សែន​ ​កំពុង​ជំរុញ​យន្តការ​រឹបអូស​យក​អាសនៈ​ទាំង​៥៥​របស់​គណបក្ស​ប្រឆាំង​ឲ្យ​ទៅ​គណបក្ស​ផ្សេង។​

លោក​ ​ឯម សុវណ្ណារ៉ា​ ​អ្នកវិភាគ​ និង​ជា​អ្នក​ឃ្លាំមើល​ស្ថាន​ការណ៍នយោបាយនៅ​កម្ពុជា​ ​លើក​ឡើង​ថា ការ​ព្រមាន​របស់​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​ ​នឹង​មិន​មាន​ប្រសិទ្ធ​ភាព​លើ​ចំណាត់​ការ​របស់​រដ្ឋាភិបាលកម្ពុជា ក្នុង​ការកាត់ទោសលោក​ ​កឹម សុខា ​នោះ​ទេ។​ ​លោក​បន្ថែម​ថា វិធាន​ការ​ដែល​មាន​ប្រសិទ្ធ​ភាព​ ​លុះត្រា​តែ​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​របស់​លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ ​ជា​អ្នក​ចេញ​មុខ​ដោយ​ផ្ទាល់។

លោក​ ​ឯម សុវណ្ណារ៉ា​ មាន​ប្រសាសន៍​ថា៖​

«នីតិ​ប្រតិបត្តិ​ចេញ​វិធានការ ​ចេញ​សេចក្តី​អំពាវនាវ​ ​ចេញ​ការ​លើក​ចំណាត់​ការ​ណា​មួយ​ចំពោះ​ការ​មិន​ធ្វើ​តាម​ការ​សំណូម​ពរ​របស់​រដ្ឋាភិបាល​បរទេស​ហ្នឹង​ ​អាហ្នឹង​ទើប​រដ្ឋា​ភិបាល​កម្ពុជា​យកចិត្ត​ទុក​ដាក់​ខ្លាំង​ជាង​នីតិបញ្ញត្តិ។ ​វិធានការ​ ខ្ញុំ​លើក​ឧទាហរណ៍​មួយ​ ដូចជា​ការ​បង្កក​ចរន្ត​ទឹក​លុយ​អ្នក​ដែល​ផ្ញើរ​ ដែលមន្រ្តី​ខ្ពស់ៗ​ផ្ញើរ​នៅ​ក្រៅ​ស្រុក​អី អាហ្នឹង។​ ​អាចធ្វើ​ឲ្យគេ​ចាប់​អារម្មណ៍គិត​ពិចារណា។​ ​បើ​គ្រាន់​តែ​ដក​វីសា​ ខ្ញុំ​គិត​ថា​ ​វា​មិន​សូវ​ជា​ករណី​រសើប​ខ្លាំងក្លា​ណាស់​នោះ​ទេ»។​

ក្រៅពី​ការ​ព្រមាន​ផ្សេងៗ​របស់​ព្រឹទ្ធ​សភា​សហ​រដ្ឋ​អាមេរិក​ ​កម្ពុជា​ក៏​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​ រួមមាន​សហ​រដ្ឋ​អាមេរិក​ ​សហភាព​អឺរ៉ុប ​អ.ស.ប. ​អូស្ត្រាលី ​កាណាដា​ ​អង់គ្លេស​ ​និង​អង្គការ​អន្តរ​ជាតិ​ធំៗ​ជាច្រើន​ ​ចំពោះ​ការ​ចាប់​ខ្លួន​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​ការ​ប៉ុនប៉ង​រំលាយ​គណបក្ស​ជំទាស់​ដ៏​ធំ​នៅ​កម្ពុជា។​ ​សហគមន៍​អន្តរជាតិ​តែង​ចោទ​ជា​សំណួរ​ថា​ ​តើ​រដ្ឋា​ភិបាល​កម្ពុជា​អាច​ធានា​បាន​នូវ​ការ​បោះ​ឆ្នោត​ដោយ​សេរី​ ​និង​យុត្តិធម៌​ក្នុង​ពេល​បោះឆ្នោត​ឆ្នាំ​២០១៨​ខាង​មុខ​ដែរ​ ឬ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG