អ្នកជំនាញនានានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងគណបក្សសង្គ្រោះជាតិបានអំពាវនាវជាថ្មីឱ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើរដ្ឋាភិបាលកម្ពុជា ដើម្បីជាវិធានការឱ្យទទួលខុសត្រូវចំពោះការធ្វើឱ្យធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យដែលសហគមន៍អន្តរជាតិបាននាំមកឱ្យពលរដ្ឋកម្ពុជាកាលពី២៦ឆ្នាំមុន។
នៅក្នុងចំណោមទណ្ឌកម្មដែលបានស្នើឡើង រួមមានការធ្វើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឯកា ការហាមឃាត់ទិដ្ឋាការលើមន្ត្រីកម្ពុជាណាដែលធ្វើឱ្យខូចដំណើរការលទ្ធិប្រជាធិបតេយ្យ និងការតាមស៊ើបអង្កេតមន្ត្រីរដ្ឋាភិបាលណាដែលមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។
ការអំពាវនាវនេះកើតឡើង ក្នុងខណៈពេលដែលគណបក្សកាន់អំណាចដាក់សម្ពាធលើគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលកាន់តែខ្លាំងឡើងៗ ដែលក្នុងនោះតុលាការកម្ពុជាគ្រោងនឹងបើកសវនាការលើបណ្តឹងរំលាយគណបក្សសង្គ្រោះជាតិ និងការចាប់លោក កឹម សុខា ប្រធានគណបក្សប្រឆាំងដាក់ពន្ធនាគារជាដើម។
លោក ចន ស៊ីពតុន នាយកទទួលបន្ទុកខាងការតស៊ូមតិប្រចាំទ្វីបអាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានបញ្ជាក់ប្រាប់ដល់អ្នកចូលរួមស្តាប់នៅឯវេទិកាពិភាក្សានៅមូលនិធិបេតិកភណ្ឌ កាលពីថ្ងៃអង្គារ ថាស្ថានភាពកម្ពុជានាពេលបច្ចុប្បន្ននេះមានលក្ខណៈ«គួរឱ្យខ្លាចជាងពេលមុនខ្លាំងណាស់»ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលទាមទារឱ្យមានចំណាត់ការរួមជាបន្ទាន់ពីសហគមន៍អន្តរជាតិ។
លោកបានបន្ថែមថា៖
«យើងត្រូវគិតពីយុទ្ធសាស្រ្តដ៏ធំក្នុងការធ្វើឱ្យលោក ហ៊ុន សែន នៅឯកាទាំងនៅលើពិភពលោក និងក្នុងប្រទេសកម្ពុជា និងសូម្បីតែនៅក្នុងគណបក្សប្រជាជនកម្ពុជាខ្លួនឯងដោយដាក់លោក ហ៊ុន សែន ឱ្យនៅឯកាជាមនុស្សក្រៅសង្គម ដោយធ្វើឱ្យគាត់នៅឯកាទាំងផ្នែកសេដ្ឋកិច្ច និងគ្រប់ផ្នែក ដោយឱ្យគាត់នៅតែជាបុគ្គលម្នាក់ឯង»។
លោកស្រី អូលីវៀ អេណូស អ្នកវិភាគគោលនយោបាយនៃមូលនិធិបេតិកភណ្ឌដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន បានបន្ថែមថា ការដាក់បំរាមទិដ្ឋាការលើមន្ត្រីរដ្ឋាភិបាលកម្ពុជាណាដែលរំលោភសិទ្ធិមនុស្ស គឺជាជម្រើសដំបូងដែលត្រូវយកមកប្រើជាទណ្ឌកម្ម ហើយសម្រាប់រយៈពេលយូរគឺត្រូវមានក្រុមការងារទាក់ទិននឹងបញ្ហាកម្ពុជាដើម្បីពិនិត្យមើលការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លោកស្រីបន្ថែមថា៖
«សភាជាតិបាននាំមុខក្នុងការដាក់បម្រាមទិដ្ឋាការដោយធ្វើសេចក្តីព្រាងច្បាប់ស្តីពីប្រតិបត្តិការរបស់សហរដ្ឋអាមេរិកនៅក្រៅប្រទេសមានបញ្ចូលចំណុចនេះហើយ។ សេចក្តីព្រាងច្បាប់នេះ កំពុងត្រូវគេយកមកពិចារណាដើម្បីដាក់បម្រាមទិដ្ឋាការ និងការធ្វើដំណើរដទៃទៀត ក៏ដូចជាការរឹតបន្តឹងផ្នែកផ្សេងទៀតលើមន្ត្រីកម្ពុជា។ នេះគឺជាផ្នែកមួយដែលរដ្ឋបាលលោកប្រធានាធិបតី ត្រាំ អាចគាំទ្របានហើយជំរុញការងារនេះឱ្យបានឆាប់»។
រដ្ឋាភិបាលកម្ពុជាបានបណ្តេញវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) របស់សហរដ្ឋអាមេរិកចេញពីកម្ពុជា បិទស្ថានីយ៍វិទ្យុក្នុងស្រុកមួយចំនួនដែលផ្សាយបន្តកម្មវិធីរបស់វិទ្យុអាស៊ីសេរី និងវីអូអេ ទារពន្ធដាហួសហេតុលើកាសែត The Cambodia Dailyដែលនាំឱ្យសារព័ត៌មាននេះត្រូវបិទទ្វារ និងផ្អាកសកម្មភាពអង្គការសង្គមស៊ីវិលមួយចំនួន។
រីឯលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិត្រូវបានអាជ្ញាធរសម្រុកចូលទៅចាប់ខ្លួនទាំងកណ្តាលយប់កាលពីដើមខែកញ្ញា យកទៅដាក់ពន្ធនាគារ ហើយចោទប្រកាន់ពីបទក្បត់ជាតិដោយសង្ស័យថា បានឃុបឃិតជាមួយនឹងសហរដ្ឋអាមេរិកដើម្បីធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាល។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបង្កើនវោហាសាស្រ្តវាយប្រហារមកលើសហរដ្ឋអាមេរិក ក្នុងខណៈពេលដែលបង្ហាញភាពទន់ភ្លន់ជាមួយនឹងប្រទេសចិន។
លោក រែនឌី ស្រាយវើ ប្រធាននិងជានាយកប្រតិបត្តិនៃវិទ្យាស្ថានគម្រោង2049 ដែលជាស្ថាប័នស្រាវជ្រាវគោលនយោបាយអាស៊ី បានបញ្ជាក់ថា បញ្ហាដែលកំពុងកើតមាននៅប្រទេសកម្ពុជា«មានសារៈសំខាន់ណាស់សម្រាប់សហរដ្ឋអាមេរិក គឺមិនមែនតែសម្រាប់ពលរដ្ឋកម្ពុជា»ទេ ពីព្រោះវាមានផលប៉ះពាល់ដល់ទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយនឹងកម្ពុជា និងប្រទេសក្នុងតំបន់ផងដែរ ដោយសារតែទំនាក់ទំនងរបស់កម្ពុជាជាមួយនឹងប្រទេសចិន និងការគាំទ្រដែលកម្ពុជាទទួលបានពីប្រទេសកុម្មុយនីស្តមួយនេះ។
លោក ស្រាយវើ ដែលនឹងត្រូវទទួលតំណែងជាឧបការីរដ្ឋមន្ត្រីក្រសួងការពារប្រទេសរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា ដរាបណាប្រទេសចិនដែលជាប្រទេសធ្លាប់តែមិនលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសណាមួយបង្ហាញជំហរចូលក្នុងនយោបាយប្រទេសណាមួយ គឺមានគ្រោះថ្នាក់។
លោកបានបន្ថែមថា៖
«នៅពេលណាដែលប្រទេសចិនចូលពាក់ព័ន្ធកាន់តែខ្លាំងនៅក្នុងកិច្ចការនយោបាយរបស់កម្ពុជាគឺតាមធម្មតាមិនមែនជារឿងវិជ្ជមានទេ។ ការពិតនោះគឺប្រវត្តិសាស្រ្តបង្ហាញលក្ខណៈខ្លោចផ្សារដែលក្នុងនោះរួមមានការគាំទ្ររបស់ប្រទេសចិនមកលើរបបខ្មែរក្រហមដែលមានលក្ខណៈខ្លោចផ្សារជាងគេបង្អស់»។
កញ្ញា កឹម មនោវិទ្យា អគ្គនាយករងកិច្ចការសាធារណៈនៃគណបក្សសង្គ្រោះជាតិដែលជាវាគ្មិនម្នាក់នៅក្នុងវេទិកាពិភាក្សាដែលផ្តោតលើ«ការដាក់ឱ្យប្រទេសកម្ពុជាទទួលខុសត្រូវក្រោយពីការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ» បានប្រាប់ដល់អ្នកចូលរួមស្តាប់ថា ការណ៍ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហ៊ានធ្វើដូចនេះ ដោយសារតែលោកគិតថា ពិភពលោកលែងចាប់អារម្មណ៍នឹងប្រទេសកម្ពុជា ហើយថាគ្មានប្រទេសណានឹងចាត់ការអ្វីទៀតទេ ប្រសិនបើគាត់ធ្វើដូចនេះ។
ការចាប់ខ្លួនប្រធានគណបក្សប្រឆាំងបានបញ្ជូនសារដ៏គួរឱ្យភ័យខ្លាចដល់អ្នកបោះឆ្នោត ដែលចង់ផ្លាស់ប្តូរថាអ្វីៗ គឺស្ថិតក្នុងកណ្តាប់ដៃរដ្ឋាភិបាល ហើយសហគមន៍អន្តរជាតិមិនអាចធ្វើអ្វីបានទេ។ នេះបើតាមការបញ្ជាក់របស់កញ្ញា កឹម មនោវិទ្យា។
គណបក្សប្រឆាំងយល់ថា សហគមន៍អន្តរជាតិបានចំណាយពេលច្រើនខ្លាំងពេករង់ចាំមើលស្ថានការណ៍អ្វីដែលនឹងកើតមានឡើង ហើយទើបបញ្ចេញប្រតិកម្មតាមក្រោយ។
កញ្ញា កឹម មនោវិទ្យា បន្ថែមថា យុទ្ធសាស្រ្តដ៏ល្អគឺសហគមន៍អន្តរជាតិត្រូវតែចាត់ការមុនជាជាងរង់ចាំ ពីព្រោះខ្លួនមានឥទ្ធិពល និងកម្លាំងគ្រប់គ្រាន់ក្នុងការដាក់សម្ពាធមកលើរដ្ឋាភិបាលកម្ពុជា។
«នៅរាល់ពេលដែលសហគមន៍អន្តរជាតិឈរនៅខាងចលនាប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា គឺមានប្រសិទ្ធភាព។ ជាឧទាហរណ៍កាលពីឆ្នាំមុន ពេលដែលលោក កឹម សុខា ជាប់នៅក្នុងការឃុំឃាំងនៅក្នុងការិយាល័យអស់រយៈពេល៦ខែ គឺសហគមន៍អន្តរជាតិជាអ្នកជួយដោះលែងគាត់មកវិញ។ សម្ពាធអន្តរជាតិមានប្រសិទ្ធភាព នៅពេលណាដែលសហគមន៍អន្តរជាតិធ្វើសកម្មភាព ប៉ុន្តែកត្តាសំខាន់គឺពេលវេលា។ យើងជិតអស់ពេលហើយ ប្រសិនបើមិនមានសកម្មភាពអ្វីទេនៅចុងខែនេះ ក្នុងការបង្វែរស្ថានការណ៍ទេគឺយឺតពេលហើយ។ នៅពេលនោះគឺសហគមន៍ អន្តរជាតិត្រូវបន្ទោសខ្លួនឯង ចំពោះការប្រើយុទ្ធសាស្រ្តរង់ចាំមើលនេះហើយ»។
យ៉ាងណាក៏ដោយ លោក វ៉លធឺ ឡូមែន នាយកមជ្ឈមណ្ឌលសិក្សាកិច្ចការអាស៊ីនៃមូលនិធិបេតិកភណ្ឌ បានចោទជាសំណួរឡើងថា ប្រសិនអន្តរជាតិដាក់សម្ពាធខ្លាំង តើគណបក្សប្រឆាំងអាចនឹងសហការបានយូរទេ ដោយសារក្នុងពេលកន្លងមកគណបក្សសង្គ្រោះជាតិបានងាកមកចរចាជាមួយនឹងគណបក្សប្រជាជនកម្ពុជា ហើយបានបញ្ឈប់ការតវ៉ាប្រឆាំងនឹងលទ្ធផលឆ្នោតជាតិឆ្នាំ២០១៣។ ក្នុងពេលនោះបានធ្វើឱ្យអ្នកគាំទ្រគណបក្សនេះជាច្រើនខកចិត្ត ហើយអង្គការអន្តរជាតិមួយចំនួនដែលគាំទ្រគណបក្សសង្គ្រោះជាតិក៏ឈឺចាប់ផងដែរ។
កញ្ញា កឹម មនោវិទ្យា បានបញ្ជាក់ថា៖
«លោកត្រូវយល់ថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមានលក្ខណៈសាំញ៉ាំ។ វាគឺជាការច្របាច់បញ្ចូលគ្នានៃគណបក្សចំនួនពីរ ហើយការសម្រេចចិត្តមិនធ្វើឡើងដោយបុគ្គលតែម្នាក់ទេ គឺយើងធ្វើឡើងក្នុងរូបភាពជាការឯកភាពគ្នារវាងមនុស្សដែលមានគំនិតខុសៗគ្នា។ ប៉ុន្តែជួនកាលគំនិតរបស់មនុស្សម្នាក់ក៏បានក្លាយជាលទ្ធផលនៃការសម្រេចចិត្តនោះផងដែរ។ ខ្ញុំគិតថា នោះគឺជាករណីដែលគណបក្សសង្គ្រោះជាតិបានធ្វើការសម្រេចកិច្ចព្រមព្រៀងជាមួយនឹងរដ្ឋាភិបាលនៅពេលនោះ ហើយនោះ មិនមែនជាអ្វីដែលលោក កឹម សុខា គាំទ្រទេ»។
តុលាការកំពូលគ្រោងនឹងបើកសវនាការនៅថ្ងៃទី១៦ ខែវិច្ឆិកា ដើម្បីសម្រេចលើបណ្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញនូវការជឿជាក់ថា គណបក្សប្រឆាំងនេះនឹងរលាយ ហើយលោកបានអំពាវនាវក្រុមប្រឹក្សាឃុំសង្កាត់ និងអ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិចុះចូលជាមួយនឹងគណបក្សកាន់អំណាចដើម្បីរក្សាតំណែងរបស់ពួកគេ។
ក្នុងពេលកន្លងមកនេះ ស្ថាប័នសភានិងព្រឹទ្ធសភាសហរដ្ឋអាមេរិកបានសម្តែងការជំទាស់ខ្លាំងៗនឹងសកម្មភាពរបស់រដ្ឋាភិបាលកម្ពុជា។ លោក Ted Cruz សមាជិកព្រឹទ្ធសភាដ៏មានឥទ្ធិពលម្នាក់ បានស្នើឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងលោក កឹម សុខាត្រឹមថ្ងៃទី៩ ខែវិច្ឆិកានេះ បើមិនដូច្នេះនឹងប្រឈមមុខនឹងទណ្ឌកម្មពីសហរដ្ឋអាមេរិក៕