ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ព្រមាន​ពី​ដំណឹង​អាក្រក់​ចំពោះ​កម្ពុជា

  • ម៉ែន គឹមសេង

រូបឯកសារ៖ លោក​ Ted Cruz សមាជិកព្រឹទ្ធសភា​អាមេរិកាំងពីរដ្ឋតិចសាស ខាងគណបក្ស​សាធារណរដ្ឋ និយាយ​ជាមួយ​អ្នកយកព័ត៌មាន។

សមាជិកព្រឹទ្ធសភា​អាមេរិកាំង​ដ៏មានឥទ្ធិពលម្នាក់​ គឺ​លោក​ Ted Cruz ​បាន​ធ្វើ​ការព្រមាន​ជាថ្មី​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​លោក កឹម សុខា ប្រធាន​គណបក្ស​បក្ស​សង្គ្រោះជាតិត្រឹមថ្ងៃទី​៩ ខែវិច្ឆិកា បើ​សិន​ជា​មិន​ចង់​ទទួល​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក។​

នៅក្នុង​សារតាម​ទំព័រធ្វីតធឺ​កាលពី​ព្រឹកថ្ងៃ​អង្គារ​លោក​ Ted Cruz ​បាន​សរសេរ​ថា៖​

«ដំណឹងអាក្រក់។ ប្រសិនបើលោក កឹម សុខា ​មិនត្រូវបានដោះលែងនៅត្រឹមថ្ងៃទី​៩ ខែវិច្ឆិកាទេ​ ខ្ញុំនឹងធ្វើការងារ​ដើម្បី​ហាមឃាត់​អ្នកដែលទទួលខុសត្រូវ​លើបញ្ហានេះ​ មិន​ឱ្យ​ធ្វើដំណើរ​ចូលមក​សហរដ្ឋ​អាមេរិកទេ‍»។

ការព្រមាន​ដូចនេះ កើតមានឡើង​បន្ទាប់ពីលោក​បាន​សរសេរ​លិខិត​មួយ​ទៅ​ឯកអគ្គរាជ​ទូត​កម្ពុជាប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​កាលពីថ្ងៃទី​២៣ខែតុលា​ស្នើ​សុំ​ឱ្យកម្ពុជា​ដោះលែងមេដឹកនាំគណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់ពន្ធនាគារ​ពីបទ​ក្បត់ជាតិ​ដោយ​សារការចោទ​ប្រកាន់​ថា​បានឃុបឃិត​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។

គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏ធំនៅក្នុង​ប្រទេស​កម្ពុជា​ក៏​ប្រឈម​មុខ​នឹង​ការ​រំលាយ​ចោល​ផងដែរ​ដោយ​សារ​តែការចោទ​ប្រកាន់នេះ។​

តុលាការ​បាន​កំណត់​ថ្ងៃទី​១៦​ខែ​វិច្ឆិកា​ដើម្បី​បើកសវនាការ​លើ​ពាក្យ​បណ្តឹង​រំលាយ​គណបក្ស​ដែល​បាន​ដាក់​ប្តឹង​ដោយ​ក្រសួង​មហាផ្ទៃ​កម្ពុជា។

អាជ្ញាធរ​កម្ពុជា​បាន​បញ្ចេញ​ប្រតិកម្ម​ជាបន្ត​បន្ទាប់​ក្នុង​ពេល​កន្លង​មក​ជា​នេះ​ជា​ការអនុវត្ត​ច្បាប់​របស់​កម្ពុជា​ហើយ​ប្រទេស​កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ​ដែល​មិន​ទទួល​យក​គំនាប​ពី​បរទេស​ទេ។

លោកផៃ ស៊ីផាន​រដ្ឋ​លេខា​ធិការ​នៃ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី​បាន​ហៅ​ថា​នេះ «គឺ​ជា​ការប្រមាថ​ និង​ឈ្លានពាន​ដល់​កិច្ចការ​ផ្ទៃក្នុង​នៃ​រដ្ឋ​អធិបតេយ្យ​ដែល​មិន​ក្រោម​ចំណុះ‍»៕

XS
SM
MD
LG