ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​វិធានការ​ដ៏​ខ្លាំង​មួយ​បាន​ត្រូវ​ស្នើ​ឡើង​ដើម្បី​ជួយ​លទ្ធិ​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា


រូបឯកសារ៖ លោក ​Ted Cruz​ សមាជិ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក កំពុ​ចាក​ចេញ​ពី​អាគារ​ព្រឹទ្ធសភា ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន។
រូបឯកសារ៖ លោក ​Ted Cruz​ សមាជិ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក កំពុ​ចាក​ចេញ​ពី​អាគារ​ព្រឹទ្ធសភា ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

មហា​អំណាច​​និង​ស្ថាប័ន​លោក​ខាង​លិច​ដែល​កំពុង​ព្យាយាម​បញ្ឈប់​ប្រ​ទេស​កម្ពុជា​មិនឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​របប​ផ្តាច់​ការ​កំពុង​តែ​ប្រើ​ជម្រើស​ចុង​ក្រោយ​ដែល​នៅ​សេស​សល់​ក្នុង​ពេល​ដែល​គំនិត​ប្រឆាំង​នឹង​បរទេស​កំពុង​កើន​ឡើង​ខ្លាំង​នៅ​តាម​បណ្តាញ​ឃោសនា​រដ្ឋ។

លោក ​Ted Cruz​ សមាជិ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បាន​ហក់​ចូល​ក្នុង​ជម្លោះ​ក្តុង​ក្តាំង​កាល​ពី​ថ្ងៃ​អង្គារ​ដោយ​គំរាម​កំហែង​ថា​នឹង​មាន​ផល​វិបាក ប្រសិន​បើ​លោក​កឹម សុខា មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​ជាប់​ពន្ធនាគារ​មិន​ត្រូវ​បាន​គេ​ដោះ​លែង​ទេ​នោះ។

លោក ​Cruz បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖ «ប្រសិន​បើ​នាយក​រដ្ឋ​មន្រ្តី​របស់​លោក​មិន​ដោះលែង​លោក​ កឹម សុខា​ ត្រឹម​ថ្ងៃ​ទី៩ ​ខែ​វិច្ឆិកា​ទេ ខ្ញុំ​នឹង​ធ្វើ​ការ​ជាមួយ​សហការី​របស់​ខ្ញុំ​នៅ​ក្នុង​សភា​និង​រដ្ឋបាល​របស់​ប្រធានាធិបតី​ ត្រាំដើម្បី​ពិនិត្យ​មើល​ថា​តើ​មន្រ្តី​រដ្ឋាភិបាល​ណា​ដែល​ទទួល​ខុសត្រូវ​ចំពោះ​សកម្មភាព​ទាំង​នោះ​នឹង​ត្រូវ​រារាំង​មិន​ឲ្យ​ធ្វើ​ដំណើរ​មក​កាន់​សហរដ្ឋ​អាមេរិក‍»។

ការ​ចុះ​បោះឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​សាកល​នៅ​ឆ្នាំ​ក្រោយ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី៩ ​ខែ​វិច្ឆិកា ដោយ​រដ្ឋាភិបាល​ចាត​វិធានការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដែល​អាច​ទុក​ចិត្ត​បាន​តែ​មួយ​គត់។

សហរដ្ឋ​អាមេរិក​បាន​ដាក់​ការ​រឹតត្បិត​ខាង​ទិដ្ឋាកា​រួច​ហើយ​ទៅ​លើ​ពួក​មន្រ្តី​ក្រសួង​ការបរទេស​និង​ក្រុម​គ្រួសារ​របស់​ពួកគេកាល​ពី​ខែ​កញ្ញា។ ទោះ​យ៉ាង​នោះ​ក៏ដោយ ​ចំណាត់​ការ​នោះ​ពាក់​ព័ន្ធ​នឹង​ករណី​ផ្សេង។

លោក​ ផៃ ស៊ីផាន ​អ្នកនាំ​ពាក្យ​ទីស្តីការ​គណរដ្ឋ​មន្រ្តី​បាន​និយាយ​ថា ​សេចក្តី​ថ្លែង​ការណ៍ដោយ​សមាជិក​ព្រឹទ្ធសភា Cruz ​ជាការ​អន្តរាគមន៍​មក​ពី​ឥស្សរជន​ជាន់​ខ្ពស់​បំផុត​របស់​សហរដ្ឋ​អាមេរិក​រហូត​មក​ទល់​ពេល​នេះ ​ក៏ប៉ុន្តែមិនមាន​អ្វី​ព្រួយ​កង្វល់​ទេ។

លោក ផៃ ស៊ី​ផាន​ បាន​និយាយ​ថា៖ «គោល​នយោបាយ​ការ​បរទេស​ដែល​ធ្វើឡើង​ដោយ​ប្រធានា​ធិបតី ដូណាល់ ​ត្រាំ​ មាន​ន័យថា ​លោក​បាន​ឈប់​ជ្រៀត​ជ្រែកកិច្ច​ការ​ផ្ទៃ​ក្នុង​ប្រទេស​មួយ​ផ្សេង​ទៀត ​ដូច្នេះ សេចក្តី​ថ្លែង​ការណ៍ដោយ​លោក Ted ​ផ្ទុយ​ពី​ប្រធានា​ធិបតី​របស់​លោក‍»។

លោក​ប្រធានា​ធិបតី​ ត្រាំ​ បាន​ប្រកាស​ថា ថ្ងៃ​នៃ​ការ​ស្ថាបនា​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត​បាន​បញ្ចប់​ ការណ៍​នេះ​បាន​បណ្តាល​ឲ្យ​ពួក​អ្នក​វិភាគ​ខ្លះ​ជជែក​ឲ្យ​ហេតុផល​ថា ​មេដឹកនាំ​ផ្តាច់ការ​នៅជុំ​វិញ​ពិភពលោក​មាន​សេចក្តី​ក្លាហាន​ដើម្បី​រំលាយ​ស្ថាប័ន​ប្រជា​ធិបតេយ្យ។

លោក កឹម សុខា ​រួម​ជាមួយ​លោក សម រង្ស៊ី​ មេដឹកនាំ​និរទេស​ខ្លួន​ហើយ​អង្គការ​សង្គម​ស៊ី​វិល​ជាង​៥០​ទៀត ​បាន​អំពាវនាវ​នៅ​ដើម​សប្តាហ៍​នេះ​ដល់​ប្រទេស​ឥណ្ឌូនេស៊ី​ និង​បារាំង​ឲ្យ​កោះ​ប្រជុំ​ឡើង​វិញ​នូវ​ភាគី​នានា​ដែល​ពាក់​ព័ន្ធ​នឹង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ដែល​ជាកិច្ចព្រម​ព្រៀង​មួយ​ដែល​ចាប់​ផ្តើម​ឲ្យ​មាន​គ្រឹះ​ប្រជា​ធិបតេយ្យ​សម្រាប់​ការ​បោះឆ្នោត​នៅ​ឆ្នាំ​១៩៩៣​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក ​Phil Robertson ​អនុ​ប្រធាន​ទទួល​បន្ទុក​តំបន់​អាស៊ី​របស់អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch ​ដែល​និង​ជា​សហហត្ថលេខី​នៃ​សេចក្តី​អំពាវនាវ​នោះ​បាន​និយាយ​ថា ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នោះ​អនុវត្ត​នូវ​គំនិត​ចុង​ក្រោយ​ដូចនេះ​ ពី​ព្រោះ​ការរំ​លាយ​គណបក្សសង្គ្រោះ​ជាតិដែល​ជាគណបក្ស​ប្រឆាំង​មុន​ការ​បោះ​ឆ្នោតជាតិនៅ​ឆ្នាំ​ក្រោយ​នេះ​ ឥឡូវនេះ​ត្រូវ​បាន​បង្ហាញ​ថា​ជា«ការ​បាន​សម្រេច​ចុង​ក្រោយ»។

លោក ​Phil Robertson បាន​និយាយថា៖ «ប្រសិន​បើ ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​នោះ ​ជំហាន​បន្ទាប់​គឺ​ថា ​សហភាព​អឺរ៉ុប​និង​ប្រ​ទេស​ជប៉ុន​ចាំបាច់​ផ្អាក​ជំនួយ​និង​ការ​ជួយ​ឧបត្ថម្ភ​ដល់​ការ​បោះឆ្នោត​នេះ ​ទម្លាក់​ចោល​គំនិត​នៃការ​មាន​អ្នក​សង្កេត​ការ​ណ៍​អន្តរជាតិ ​ហើយ​ត្រូវ​ដើរ​ចេញ‍»។

លោក Robertsonបាន​និយាយ​ទៀត​ថា ​ជំហាន​បន្ទាប់ពី​នោះ​គឺ​ការ​ដាក់​ទណ្ឌកម្ម​សាកល​តាម​ច្បាប់ ​Magnitsky​ ដែល​នឹង​ដៅ​លើ​សមាជិក​កំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ពួក​យោធា។

​ច្បាប់ ​Magnitsky​ ជា​យន្តការ​នៃ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ដែល​អនុញ្ញាត​ឲ្យ​អំណាច​ប្រតិបត្តិ​បង្កកទ្រព្យសម្បត្តិ​របស់​ជន​សង្ស័យ​ដែល​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ​រារាំង​ពួក​គេ​មិន​ឲ្យ​ប្រើស​ប្រាស់ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​ហើយ​ហាម​ឃាត់​ពួក​គេ​មិន​ឲ្យ​ចូល​ក្នុង​សហរដ្ឋ​អាមេរិក។

​ច្បាប់​នោះបាន​អនុម័ត​កាល​ពី​ដំបូង​នៅ​ឆ្នាំ​២០១២​ ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​ពួក​មន្រ្តី​និង​ពាណិជ្ជករ​រុស្ស៊ី​ដែល​ពាក់​ព័ន្ធ​នឹង​ឃាតកម្មអ្នកស៊ើប​អង្កេត​រឿង​ពុករលួយ ក៏ប៉ុន្តែ ​ច្បាប់​នោះ​ត្រូវ​បាន​ប្រើ​ប្រាស់​ជាសាកល​នៅ​ឆ្នាំ​២០១៦។

លោក Robertson បាន​ចាត់​ទុកប្រទេស​កម្ពុជា​ក្រោយពី​របប​ខ្មែរក្រហម​មុនពេល​អន្តរាគមន៍​របស់​អង្គការ​សហប្រជាជាតិ​ដែល​បាន​ចាប់​ផ្តើម​អនុវត្ត​ការ​បោះឆ្នោត​តាម​បែប​លទ្ធិ​ប្រជា​ធិបតេយ្យ។​ លោក​និយាយ​ថា៖ «យើង​នឹង​ត្រឡប់​ថយ​ក្រោយ​វិញ​មុនឆ្នាំ​១៩៩២​ដែល​នៅ​ទី​នោះ​ពួកគេ​ជារដ្ឋ​ឯកោ‍»។

ពលរដ្ឋ​កម្ពុជា​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​សិទ្ធិ​មនុស្ស​និង​បណ្តាញ​ព័ត៌មានឯករាជ្យ​បាន​ប្រឈម​ការ​គំរាម​កំហែង​និង​ការបំភិត​បំភ័យ​ជាយូរ​យាណាស់​មកហើយ ​ហើយ​បរិយាកាស​នេះ​ឥឡូវ​នេះ​បាន​ធ្លាក់​ទៅលើ​ពួក​បរទេស​ដែរ។

ទ្រឹស្តី​នៃការ​ឃុប​ឃិត​ដែល​បណ្តាញព័ត៌មាន​រដ្ឋ​បាន​ធ្វើ​ឡើង​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ ​ដែលបាន​ចោទ​ប្រកាន់​ពួក​អ្នក​រិះគន់​រដ្ឋាភិបាល​ពី​ការរៀប​ចំ​ផែន​ការ​ក្បត់​ជាតិដើម្បី​ចាប់​ផ្តើមបដិវត្តន៍​ពណ៍។ ទ្រឹស្តី​នៃការ​ឃុប​ឃិត​គ្នា​ដែល​បណ្តាញ​ព័ត៌មាន​រដ្ឋ​បាន​ធ្វើ​ឡើង​នោះ​កំពុង​ពង្រីក​ជារៀង​រាល់​ថ្ងៃ​ដោយ​រួម​បញ្ចូល​ទី​ដៅ​ដែល​មិន​នឹក​ស្មាន​ដល់ ​សាប​ព្រោះ​ការ​ភ័យ​ខ្លាច​កាន់​តែ​ខ្លាំង​ឡើង។

ឯកសារ​ហ្វឹក​ហាត់​របស់​ប៉ូលិស​ជាតិ​ដែល​បាន​ផ្សព្វផ្សាយ​ដោយ​កាសែត​ The Phnom Penh Post​ កាល​ពី​ថ្ងៃ​អង្គារ​បាន​បង្ហាញ​ពីតារាង​ដែល​ជាប់​ពាក់​ព័ន្ធ​ដល់​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​និង​អង្គការ​ក្នុង​ស្រុក​និង​អន្តរជាតិ​ចំនួន៣០០​នៅ​ក្នុង​ផែន​ការ​នោះ។

ទូរទស្សន៍​រដ្ឋ​បាន​ផ្សាយ​ការ​ចោទ​ប្រកាន់​ស្រដៀង​គ្នា​នេះ​តាម​រយៈ​វីដេអូ​ដែលមាន​រយៈ​ពេល​៤៦​នាទី​ដែល​ជា​រឿយៗ​និយាយ​ទៅ​តាម​ទ្រឹស្តី​នៃ​ការ​ឃុប​ឃិត​ដ៏​មាន​ប្រជា​ប្រិយភាព​មួយ​របស់​ចលនា​ស្តាំ​និយម​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

បណ្តាញ​ព័ត៌មាន​រួមមា​ន វីអូអេ ​វិទ្យុ​អាស៊ី​សេរី ​វិទ្យុសំឡេង​ប្រជា​ធិបតេយ្យ ​កាសែត​ Cambodia Daily និង​កាសែត​ Phnom Penh Post ​បាន​រងការ​ចោទ​ប្រកាន់​ពីការ​ឃុប​ឃិត​នេះ។

បើទោះ​បីជា​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​គេ​ចាត់​ទុក​ថាជា​អ្នក​ញុះញង់​នៃ​ការឃុប​ឃិតដ៏​សំខាន់ សហភាព​អឺរ៉ុប​កំពុង​លេច​ធ្លោ​ក្លាយ​ជា​ទីដៅ​ដែរ។

ពួក​មេដឹកនាំ​សហគមន៍​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​បាន​បដិសេធ​ដូច​គ្នាពុំ​ធ្វើ​អត្ថាធិប្បាយ​ដល់​សេចក្តី​រាយការណ៍​នេះ៕

ប្រែ​សម្រួល​ដោយ​ជឹង ​ប៉ូជីន

XS
SM
MD
LG