ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Mike Pompeo បញ្ចប់​ទស្សនកិច្ច​ក្នុង​ប្រទេស៥​នៅ​​អាស៊ី​ក្នុង​ប្រទេស​វៀតណាម ជាមួយ​សារ​ប្រឆាំងនឹង​ចិន


រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម​លោក Nguyen Xuan Phuc នៅ​ឯការិយាល័យ​រដ្ឋាភិបាល​ក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម នៅ​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ចំនួន​៥ប្រទេស​នៅ​តំបន់​អាស៊ី ដែលប្រទេស​វៀតណាមជា​ប្រទេស​ចុងក្រោយ​គេ​នៅ​ថ្ងៃ​សុក្រ​នេះ​ ដោយ​បាន​បញ្ជាក់​ឡើង​វិញ​ថា សហរដ្ឋ​អាមេរិក​ប្រឆាំង​ចំពោះការដែល​ប្រទេស​ចិន ​រំលោភ​លើ​អធិបតេយ្យភាព​របស់​ប្រទេស​នានា​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​ ទ្វីបអាស៊ី​ និង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។

លោក​រដ្ឋមន្ត្រី​ការបរទេស​ Pompeo បាន​ត្រូវ​ទទួល​ការស្វាគមន៍​ដោយ​នាយករដ្ឋមន្ត្រី​វៀតណាម​លោក Nguyen Xuan Phuc នៅ​ក្នុង​រដ្ឋធានី​ហាណូយ​ នៅពេល​ដែល​ប្រទេស​ទាំង២ ប្រារព្ធ​ខួប​លើក​ទី២៥​ឆ្នាំ​នៃ​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​វៀតណាម។

លោក​រដ្ឋមន្ត្រី​ការបរទេស​ Pompeo បាន​ប្រាប់​លោក​នាយក​រដ្ឋមន្ត្រី Phuc ថា សហរដ្ឋ​អាមេរិក​ គោរព​ប្រជាពលរដ្ឋ​ និង​អធិបតេយ្យភាព​របស់​វៀតណាម​យ៉ាង​ខ្លាំង។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​បន្ទាប់ពី​ទស្សនកិច្ច​នោះ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​ថា «លោក​រដ្ឋមន្ត្រី​ការបរទេស​Pompeo បាន​បញ្ជាក់​ពីការគាំទ្រ​អធិបតេយ្យភាព​របស់​ប្រទេស​នានា​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ច្បាប់​អន្តរជាតិ​ និង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សេរី​ និង​បើក​ចំហរ»។

អ្នក​ការទូត​សហរដ្ឋ​អាមេរិក​ជាន់ខ្ពស់​រូប​នេះ ក៏បាន​បញ្ជាក់​ឡើង​វិញ​នូវការគាំទ្រ​របស់​សហរដ្ឋ​អាមេរិក ​នៅក្នុង​ការទប់ទល់​ប្រទេស​ចិន​ក្នុង​អំឡុង​នៃ​ការឈប់​សំចត​កាលពី​ដំបូង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ស្រីលង្កា កោះម៉ាល់ឌីវ​ និង​ប្រទេស​ឥណ្ឌូណេស៊ី​ផងដែរ។

មុនពេល​លោក Pompeo ទៅដល់​ប្រទេស​វៀតណាម ក្រសួង​ការបរទេស​អាមេរិក បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ​ដែល​បាន​រិះគន់​ចិន​ដែល​មិនបាន​គោរព​ការសន្យា​ជាមួយ​បណ្តា​ប្រទេស​នៅ​តាម​ដង​ទន្លេ​មេគង្គ​ និង​ការទាមទារ​ទឹកដី​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ ប្រទេស​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ និង​កោះតៃវ៉ាន់ បាន​ទាម​ទារ​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ជាផ្លូវ​ដឹកជញ្ជូន​តាម​វានា​លំដាប់​ថ្នាក់​ទី៣​ក្នុងពិភពលោក៕

អត្ថបទ​ទាក់ទង

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG