ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​នឹង​​ទៅ​​វៀតណាម​ផង​ដែរ​ក្នុង​​ដំណើរ​ទស្សនកិច្ច​​នៅ​​អាស៊ី


រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo ដើរ​ទៅ​កាន់​យន្ដហោះ​ ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​កោះ​ម៉ាល់ឌីវ និង​ប្រទេស​ស្រីលង្ការ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។
រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo ដើរ​ទៅ​កាន់​យន្ដហោះ​ ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​កោះ​ម៉ាល់ឌីវ និង​ប្រទេស​ស្រីលង្ការ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ក្នុង​ប្រទេស​វៀតណាម​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ និង​ថ្ងៃ​សុក្រ ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ទ្វីប​អាស៊ី។​នេះ​បើ​តាម​ការលើក​ឡើង​របស់​រដ្ឋាភិបាលប្រទេស​វៀតណាម និង​ត្រូវ​បាន​រាយការណ៍​ដោយ​ទី​ភ្នាក់ងារ Reuters។

ដំណើរ​ទស្សនកិច្ច​នេះ​ ត្រូវ​បាន​ប្រកាស​ធ្វើ​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ខ្លី​មួយ​ ដែលត្រូវ​បានផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​ព័ត៌មាន​របស់​រដ្ឋាភិបាល​វៀតណាម​ ដែល​ថា ​ដំណើរ​ទស្សនកិច្ចរបស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​រូប​នេះ​ គឺ​ដើម្បី​រំឭកខួប​ទី​២៥​ឆ្នាំ​ នៃ​ការ​បង្កើត​ទំនាក់ទំនងការ​ទូត​ឡើង​វិញ​ រវាង​អាមេរិក​ និង​វៀតណាម។​

ទោះធ្លាប់​ជា​សត្រូវ​ស្លាប់​រស់​ក្នុង​សង្គ្រាម​វៀតណាម​ក្នុង​ទសវត្ស​១៩៦០​ និង​ដើម​ទសវត្ស​១៩៧០​នោះ​ ប្រទេស​វៀតណាម​ និង​សហរដ្ឋ​អាមេរិក​ បាន​កសាង​នូវ​ទំនាក់ទំនង​ដ៏​កក់ក្តៅរបស់​ខ្លួន​ឡើង​វិញ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

ប្រទេស​ទាំង​ពីរ​ក៏​បារម្ភខ្លាំង​ ​ចំពោះប្រទេស​ចិន​ ដែលកាន់​តែ​បង្ហាញ​អំណាច​នៅតំបន់អាស៊ី។

ក្រសួង​ការបរទេសសហរដ្ឋ​អាមេរិក​ នៅ​មិន​ទាន់​បញ្ជាក់​ជា​ផ្លូវការពីដំណើរ​ទស្សនកិច្ចរបស់លោក Pompeo​ ទៅ​កាន់​ប្រទេស​វៀតណាម​នោះ​នៅ​ឡើយ​ទេ។​

លោក Pompeo បានទៅ​ធ្វើ​ទស្សនកិច្ច​ក្នុងប្រទេសម៉ាល់ឌីវ​នៅ​ថ្ងៃ​ពុធ​ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ក្នុង​ប្រទេស​ស្រីលង្កា ​និង​ប្រទេស​ឥណ្ឌា​មក​ ហើយ​លោក​ត្រូវទៅ​ទស្សនកិច្ច​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃ​ព្រហស្បតិ៍​ផង​ដែរ។ ដំណើរ​ទស្សនកិច្ច​របស់​លោក​ចំនួន ៥​ថ្ងៃ​ទៅ​តំបន់​អាស៊ី​ ​នេះ​គឺ​ដើម្បី​ទប់​ទល់​នឹងការ​កើន​ឥទ្ធិពល​របស់​ចិន​ នៅ​ក្នុង​តំបន់នោះ។

ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ម៉ាល់ឌីវ កាល​ពី​ថ្ងៃ​ពុធ​ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo​ បាន​ប្រកាស​ថា​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ នឹង​បើក​ស្ថានទូតរបស់​ខ្លួនក្នុង​ប្រទេស​ម៉ាល់ឌីវ​ជា​លើក​ដំបូង៕

XS
SM
MD
LG