ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ថា ចិន​ជា «អ្នក​កេង​ប្រយោជន៍» នៅ​ក្នុង​ប្រទេស​ស្រីលង្កា


រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo ចូលរួម​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ស្រីលង្កា​លោក Dinesh Gunawardena នៅ​ទីក្រុង​កូឡំបូ​ប្រទេស​ស្រីលង្កា នៅ​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា គណបក្ស​កុម្មុយនីស្ត​ចិន​ បាន​ធ្វើ​ប្រតិបតិ្តការ​ជា «អ្នក​កេង​ប្រយោជន៍» នៅ​ក្នុង​ប្រទេស​ស្រីលង្កា។ លោក​ថ្លែង​ដូច្នេះ ស្របពេល​ដែល​លោក​បន្ត​រិះគន់​ខ្លាំងៗ​លើ​ប្រទេស​ចិន​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​តំបន់​អាស៊ី​លើក​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក Pompeo បាន​ទៅ​ដល់​ប្រទេស​ស្រីលង្កា​បន្ទាប់ពី​ចាកចេញ​ពី​ប្រទេស​ឥណ្ឌា ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល ៤ ថ្ងៃ របស់​លោក​ទៅ​កាន់​ទ្វីប​អាស៊ី ក្នុង​គោល​បំណង​បង្កើន​សម្ព័ន្ធភាព​ដើម្បី​ប្រឆាំង​នឹង​ឥទ្ធិពល​កើនឡើង​របស់​ចិន​ផ្នែក​នយោបាយ​និង​យោធា​នៅ​ក្នុង​តំបន់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។

លោក Pompeo បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​តាម​ទូរទស្សន៍​នៅ​ក្នុង​រដ្ឋធានី​កូឡំបូ ប្រទេស​ស្រីលង្កា​ថា៖ «យើង​ឃើញ​មាន​តាំង​ពី​កិច្ច​ព្រមព្រៀង​អាក្រក់ៗ​នានា ការ​រំលោភ​អធិបតេយ្យភាព រហូត​ដល់​ភាព​គ្មាន​ច្បាប់​ទម្លាប់​លើ​ដែនដី​និង​ដែន​សមុទ្រ ដែល​គណបក្ស​កុម្មុយនីស្ត​ចិន​ជា​អ្នក​កេង​ប្រយោជន៍ ប៉ុន្តែ​សម្រាប់​សហរដ្ឋ​អាមេរិក​វិញ គឺ​ចូល​មក​ក្នុង​របៀប​ផ្សេង គឺ​ក្នុង​នាម​ជា​មិត្ត​និង​ជា​ដៃគូ»។

ផ្ទុយ​ពី​ប្រទេស​ឥណ្ឌា​ដែល​កំពុង​ជាប់​គាំង​នៅ​ក្នុង​ការ​ប្រឈម​ផ្នែក​យោធា​ជាមួយ​ចិន ប្រទេស​ស្រីលង្កា​ គឺជា​សម្ព័ន្ធ​មិត្ត​ដ៏​ជិតស្និទ្ធ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

ចិន ​បាន​វិនិយោគ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​លើ​ការ​សាងសង់​កំពង់ផែ​និង​ផ្លូវ​ជាតិ​ល្បឿន​លឿន​នៅ​ក្នុង​ប្រទេស​ស្រីលង្កា ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​របស់​ខ្លួន​ដើម្បី​ភ្ជាប់​ការ​ដឹក​ជញ្ជូន​និង​ថាមពល។ គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​នេះ ​គឺជា​គម្រោង​ដែល​សហរដ្ឋ​អាមេរិក​ជឿ​ថា ​ធ្វើ​ឡើង​ដើម្បី​ទាក់​ប្រទេស​តូចៗ​ឲ្យ​ធ្លាក់​ចូល​ក្នុង​អន្ទាក់​បំណុល។

រដ្ឋមន្ត្រី​ការបរទេស​ស្រីលង្កា​លោក Dinesh Gunawardena បាន​និយាយ​ថា ប្រទេស​ស្រីលង្កា​ចង់​បាន​សន្តិភាព និង​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​ប្រទេស​ទាំង​អស់។

លោក​ថ្លែង​ដូច្នេះ​ថា៖ «ប្រទេស​ស្រីលង្កា​ជា​ប្រទេស​អព្យាក្រឹត មិន​ចូល​បក្ស​សម្ព័ន្ធ និង​ប្ដេជ្ញា​ចំពោះ​សន្តិភាព។ យើង​សង្ឃឹម​ថា​នឹង​បន្ត​ទំនាក់ទំនង​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ផ្សេងៗ​ទៀត»៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG