ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Pompeo នឹង​ធ្វើ​ដំណើរ​ទៅ​ឥណ្ឌូណេស៊ី​ក្រោយ​ការ​បដិសេធ​សំណើ​ចូល​ចាក់សាំង​របស់​យន្តហោះ​ឌ្រូន​អាមេរិក


រូប​ឯកសារ៖ រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក លោក Mike Pompeo ជួប​ជាមួយ​​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូណេស៊ី អ្នកស្រី Retno Marsudi កាល​ពី​ឆ្នាំ​២០១៨។

រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក លោក Mike Pompeo នឹង​ធ្វើទស្សនកិច្ច​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​នៅ​សប្ដាហ៍​ក្រោយ ដែល​នឹង​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក​ទៅ​កាន់​ប្រទេស​នេះ បន្ទាប់​ពី​មេដឹកនាំ​ឥណ្ឌូណេស៊ី បាន​បដិសេធ​សំណើ​ចូល​ចាក់សាំង​របស់​យន្តហោះ​ឌ្រូន​ស៊ើបការណ៍​របស់​អាមេរិក។

រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូណេស៊ី អ្នកស្រី Retno Marsudi បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​លោក​ Pompeo នឹង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​សន្និសីទ​ក្រុម​យុវជន​ឥស្លាម​ស្ដី​ពី​សាសនា​និង​អរិយធម៌ នៅ​ក្នុង​រដ្ឋធានីហ្សាការតា។ ប៉ុន្តែ​លោក Marsudi មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​អំពីការ​ធ្វើ​ដំណើរ​របស់​លោក Pompeo ឡើយ។​

មុន​នេះ លោក​ Pompeo បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ថា លោក​សង្ឃឹម​ថា​នឹងជួប​លោក​ Retno និង​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក Joko Widodo ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ។

ដំណើរ​ទស្សនកិច្ច​នេះ ធ្វើ​ឡើង​ចំ​ពេល​ដែល​ការ​មិន​ចុះ​សម្រុង​គ្នា​រវាង​អាមេរិក​និង​ចិន កើន​ឡើង​ខ្លាំងនៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ជាពិសេស​នៅសមុទ្រ​ចិនខាងត្បូង ដែល​ប្រទេស​ចិន​អះ​អាង​ថា​ភាគ​ច្រើន​នៃ​តំបន់​នោះ​ជា​ទឹក​ដី​របស់​ខ្លួន។ ការអះអាង​នេះ​ត្រូវ​បាន​ច្រាន​ចោល​ដោយ​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​រួម​ទាំង​ប្រទេស​ឥណ្ឌូណេស៊ី។

ទស្សនកិច្ច​របស់​លោក Pompeo កើត​ឡើងក្រោយ​ពេលអាមេរិក​បាន​ដាក់​សំណើទៅ​កាន់​លោក Retno និង​រដ្ឋមន្ត្រីក្រសួង​ការពាជាតិ​ឥណ្ឌូណេស៊ី​លោក​ Prabowo Subianto កាល​ពី​ចុង​ខែ​កក្កដា​និង​ដើម​ខែ​សីហា ស្នើសុំ​សិទ្ធិ​ឲ្យយន្តហោះ​ឌ្រូន​ស៊ើបការណ៍​ប្រភេទ P-8​របស់​ខ្លួនដែល​ត្រួត​ពិនិត្យ​សកម្មភាព​យោធា​ចិន​នៅ​តំបន់​ទឹក​សម្បូរ​ដោយ​ធនធាន​ធម្មជាតិ​នោះ ចុះ​ចត​និង​ចាក់​សាំង។

សំណើ​នេះ​ត្រូវ​បាន​រាយការណ៍​ដំបូង​ដោយ​ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters ថា ត្រូវ​បាន​បដិសេធ​ដោយ​លោក​ប្រធានាធិបតី Jokowi នេះ​បើ​យោង​តាម​មន្ត្រី​ជាន់​ខ្ពស់​របស់​ឥណ្ឌូណេស៊ី។​ជាយូរ​ណាស់មក​ហើយ​ប្រទេស​ឥណ្ឌូណេស៊ីប្រកាន់​យក​គោល​នយោបាយ​ការបរទេស​អព្យាក្រឹត និង​មិន​ដែល​អនុញ្ញាត​ឲ្យ​ប្រទេស​ណា​មួយ​ប្រើ​ទឹក​ដី​របស់​ខ្លួន​ដើម្បី​ធ្វើ​ប្រតិបត្តិការណ៍​យោធាណា​មួយ​ឡើយ។

លោក​ Pompeo បដិសេធ​មិន​ឆ្លើយ​សំណួរផ្ទាល់​អំពី​សំណើទាក់​ទង​នឹង​ឌ្រូន​ស៊ើបការណ៍​នេះ ដោយ​ប្រាប់​អ្នក​សារព័ត៌មាន​ឲ្យ​ទៅ​សួរ​ក្រសួង​ការពារ​ជាតិ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG