ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​ឥណ្ឌូណេស៊ី លោក Pompeo​ ចោទ​​ចិន​​ថា​ជា​​​អ្នក​គំរាម​ដ៏​​​ខ្លាំង​បំផុត​​​ដល់​​សេរីភាព​សាសនា


លោក Mike Pompeo រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក ថ្លែងនៅក្នុងកិច្ចប្រជុំផ្លូវការមួយជាមួយសមាជិកនៃអង្គការសាសនា Ansor នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo កាល​ពី​ថ្ងៃព្រហស្បតិ៍ បាន​ពិពណ៌នា​ប្រទេស​ចិន​ដែល​ដឹកនាំរបប​កុម្មុយនីស្តថា ​ជា ​«ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរបំផុត​នា​ពេល​អនាគត​ដល់​សេរីភាព​សាសនា» ​ខណៈ​លោក​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។​ នេះ​ជា​ប្រទេស​ទី​៤ ​ក្នុងដំណើរ​ទស្សនកិច្ចរបស់​លោក​នៅ ​៥ ប្រទេសក្នុង​ទ្វីបអាស៊ី។​

លោក​ Pompeo បាន​កោត​សរសើរប្រទេស​ឥណ្ឌូណេស៊ី​ ដែល​មាន​អ្នកកាន់​សាសនា​អ៊ីស្លាម​ភាគ​ច្រើន​បំផុត​នោះ​ថា បាន​គាំទ្រ​នូវ​លិទ្ធិប្រជា​ធិបតេយ្យ​ និង​ការ​អនុគ្រោះ​ដល់​សាសនា​ដទៃ​ផ្សេងៗ​ទៀត។​ លោក​បាន​ថ្លែង​យ៉ាង​ដូច​នេះ នៅ​ក្នុង​កា​រជួប​ប្រជុំ​មួយ​ជាមួយ​ក្រុម​មូស្លីម​សេរីនិយម Nahdlatul Ulama ដែល​ជា​ក្រុមធ្វើ​សកម្មភាព​ប្រឆាំង​ចលនា​អ៊ីស្លាម​តឹងរ៉ឹង​នោះ។​

ដោយអំពាវ​នាវ​ឲ្យ​មេដឹកនាំ​សាសនា​ «ធ្វើ​ជា​សាក្សី​ខាង​សីលធម៌» និងនិយាយក្នុង​នាមពលរដ្ឋ​គ្រប់​ជំនឿ​សាសនា​ទាំង​អស់​នោះ លោក Pompeo បាន​និយា​យ​សំដៅ​ទៅ​លើ​ប្រទេស​ចិន ​ដែល​បាន​ធ្វើ​សង្គ្រាម​ប្រឆាំង​អ្នក​កាន់​សាសនា​អ៊ីស្លាម ​សាសនា​ព្រះពុទ្ធ​ សាសនា​គ្រិស្ត​ និង​អ្នក​កាន់​សាសនា​និកាយ Falun Gong ដែល​ត្រូវ​បាន​ដាក់​នៅ​ក្រៅ​ច្បាប់​នោះ។

ប្រមុខ​ការទូត​អាមេរិក​រូប​នេះក៏​បាន​បញ្ជាក់​ជា​ពិសេស​ទាក់​ទង​នឹង​ការ​ «បង្ក្រាបដ៏​ឃោរឃៅ» ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទៅ​លើ​ជនជាតិ​ភាគ​តិច​មូស្លីម Uighur (អ៊ុយហ្គ័រ) ក្នុង​តំបន់ ​Xinjiang​ របស់​ចិន ​ដែល​ពួក​គេ​ទទួល​រង​នូវ​ការ​បង្រ្កាប​ដ៏​ព្រៃផ្សៃ​ពី​អាជ្ញាធរ​កុម្មុយនីស្ត​ចិន​ ដែល​ក្នុង​នោះ​រួម​មាន​ទាំ​ង​ការ​ចាប់​ខ្លួន​ជនជាតិ​ភាគតិច​ Uighur ​និង​ជន​ជាតិ​ភាគ​តិច​មូស្លីម​ដទៃ​ទៀត​ចំនួនប្រមាណ​ ១ លាន​នាក់ ដាក់​ក្នុង​ជំរំ​ឃុំឃាំងផង​ដែរ។​

លោក ​Pompeo ក៏​បាន​ជួប​ជាមួយ​មេដឹកនាំ​ឥណ្ឌូណេស៊ី ដែល​ក្នុង​នោះ​រួម​មានលោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ Joko Widodo ផង​ដែរ​ ដោយ​លោក​បាន​គូស​បញ្ជាក់ចក្ខុវិស័យ​នៃ​ប្រទេស​ទាំង​ពីរ​ចំពោះ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ​(Indo-Pacific) មួយ​ដែល​សេរី​និង​បើក​ចំហ។​

លោក Pompeo នឹង​បន្ត​ដំណើរ​ទៅ​កាន់ប្រទេស​វៀតណាម​ ដែល​ទើបត្រូវ​បាន​បន្ថែម​ក្នុង​កម្មវិធី​ទស្សនកិច្ច​នៅ​អាស៊ី​របស់​លោក​ ដើម្បី​ពង្រឹង​នូវ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការបរទេស​អាមេរិក៕

XS
SM
MD
LG