ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក ឆ្លើយតប​ចំពោះ​ការទាមទារ​របស់​រុស្ស៊ី​រឿង​សន្តិសុខ


រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken នៅពេល​លោក​និយាយ​អំពី​ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន ក្នុង​អំឡុងពេល​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រសួង​ការបរទេស​អាមេរិក នៅ​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken នៅពេល​លោក​និយាយ​អំពី​ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន ក្នុង​អំឡុងពេល​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រសួង​ការបរទេស​អាមេរិក នៅ​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

សហរដ្ឋ​អាមេរិក​ និង​អង្គការ​អូតង់ (NATO) បាន​ផ្តល់​ការ​ឆ្លើយតប​ជា​លាយលក្ខណ៍​អក្សរ​ដល់​រដ្ឋាភិបាល​រុស្ស៊ី ទាក់ទិន​នឹង​ការ​ទាមទារ​របស់​រុស្ស៊ី​រឿង​សន្តិសុខ បន្ទាប់ពី​បាន​ពិគ្រោះ​យោបល់​ជាមួយ​ដៃគូ​អឺរ៉ុប​ និង​ប្រទេស​អ៊ុយក្រែន​មក។

ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​រុស្ស៊ី​លោក John Sullivan បាន​ប្រគល់​ឯកសារ​ឆ្លើយតប​នេះ​ដោយ​ផ្ទាល់​ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ជូន​ក្រសួង​ការបរទេស​រុស្ស៊ី។ ចំណែក​ឯ​អង្គការ​អូតង់​វិញ​ ក៏​បាន​បញ្ជូន​ការ​ឆ្លើយតប​របស់​ខ្លួន​ដាច់​ដោយ​ឡែក​ពី​នេះ​ផងដែរ​ដល់​រដ្ឋាភិបាល​រុស្ស៊ី​ ទាក់ទិន​នឹង​រឿង​សន្តិសុខ​នៅ​អឺរ៉ុប។

មន្ត្រី​នានា​ចាត់ទុក​ការ​ឆ្លើយតប​ទាំងនេះ​ ថាជា​មធ្យោបាយ​មួយ​ដើម្បី​តប​ទៅ​នឹង​ការ​ព្រួយ​បារម្ភ​របស់​រដ្ឋាភិបាល​រុស្ស៊ី ហើយ​ស្របពេល​នោះ​ដែរ​ ក៏​ផ្តល់​ឱកាស​ផងដែរ​ឲ្យ​ភាគី​ទាំងអស់​ បន្ត​ស្វែងរក​ដំណោះស្រាយ​តាម​រយៈ​ផ្លូវ​ទូត។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ក្នុង​សន្និសីទ​កាសែត​មួយ​ថា៖ «ឯកសារ​ឆ្លើយតប​ដែល​យើង​បាន​ប្រគល់​ជូន​រុស្ស៊ី​នោះ​ លើកឡើង​អំពី​ក្ដី​កង្វល់​របស់​សហរដ្ឋ​អាមេរិក ​និង​របស់​សម្ព័ន្ធមិត្ត​និង​ដៃគូ​របស់​សហរដ្ឋ​អាមេរិក​អំពី​សកម្មភាព​របស់​រុស្ស៊ី​ដែល​ធ្វើ​ឲ្យ​អន្តរាយ​ដល់​សន្តិសុខ ដែល​នេះ​ គឺ​ជា​ការ​វាយតម្លៃ​ផ្អែក​លើ​គោលការណ៍​ និង​ហេតុការណ៍​ជាក់ស្ដែង​នៃ​ក្ដី​បារម្ភ​ដែល​រុស្ស៊ី​បាន​លើកឡើង និង​គឺជា​សំណើ​ផ្ទាល់​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ផ្នែក​នានា ដែល​យើង​ប្រហែល​ជា​អាច​ស្វែងរក​ចំណុច​រួម​បាន»។

លោក Blinken បាន​បន្ថែម​ថា៖ «ដូច​ដែល​ខ្ញុំ​បាន​និយាយ​ម្ដង​ហើយ​ម្ដង​ទៀត​រួច​មក​ហើយ មិន​ថា​រុស្ស៊ី​ជ្រើសរើស​ផ្លូវ​ការទូត​និង​ការ​ចរចា ឬ​ក៏​សម្រេច​បង្ក​ភាព​គឃ្លើន​ជា​ថ្មី​លើ​ប្រទេស​អ៊ុយក្រែន​នោះទេ យើង​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​រឿង​នេះ»។

លោក Blinken បាន​បញ្ជាក់​ថា លោក​គ្រោង​នឹង​និយាយ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergey Lavrov នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ នៅពេល​ដែល​ភាគី​រុស្ស៊ី​មាន​ឱកាស​ពិភាក្សា​អំពី​ការ​ឆ្លើយតប​របស់​សហរដ្ឋ​អាមេរិក​នេះ។

កន្លង​មក ប្រទេស​រុស្ស៊ី​ដែល​បាន​ដាក់​ពង្រាយ​កងទ័ព​របស់​ខ្លួន​នៅ​តាម​បណ្តោយ​ព្រំដែន​ជាប់​ប្រទេស​អ៊ុយក្រែន​អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ បាន​ទាមទារ​ឲ្យ​អង្គការ​អូតង់​ដក​កងទ័ព​និង​សព្វាវុធ​ចេញពី​តំបន់​អឺរ៉ុប​ខាងកើត​ និង​រារាំង​មិន​ឲ្យ​អ៊ុយក្រែន​ចូល​ជា​សមាជិក​អង្គការ​អូតង់។

សហរដ្ឋ​អាមេរិក ​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​នៅ​អង្គការ​អូតង់ ​បាន​ច្រានចោល​ការ​ទាមទារ​ទាំង​នេះ ក៏​ប៉ុន្តែ​ បាន​លើកឡើង​ថា ពួកគេ ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ពិភាក្សា​ជាមួយ​រុស្ស៊ី​អំពី​ប្រធានបទ​ផ្សេងៗ ​ដូចជា​ការ​ត្រួតត្រា​សព្វាវុធ ​និង​វិធានការ​កសាង​ទំនុកចិត្ត​ជាដើម៕

អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់ VOA ផ្នែក​សន្តិសុខ​ជាតិ​លោក Jeff Seldin រួម​ចំណែក​នៅក្នុង​សេចក្ដី​រាយការណ៍​នេះ ហើយ​ព័ត៌មាន​ខ្លះ​ នៅក្នុង​សេចក្ដី​រាយការណ៍​នេះ​ ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press ទីភ្នាក់ងារ​ព័ត៌មាន AFP និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

XS
SM
MD
LG