ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិក បញ្ជា​ឲ្យ​សមាជិក​គ្រួសារ​បុគ្គលិក​ស្ថានទូត​អាមេរិក ចាកចេញ​ពី​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន


រូបឯកសារ៖ អ្នកដំណើរ ដើរ​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ Boryspil ខាង​ក្រៅ​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។

ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃអាទិត្យ បាន​បញ្ជា​ឲ្យសមាជិក​ក្រុម​គ្រួសារ​របស់​បុគ្គលិក​អ្នក​ការទូត​អាមេរិក ចាកចេញ​ពី​រដ្ឋធានី​កៀវ​នៃ​ប្រទេស​អ៊ុយក្រែន ​និង​បាន​អនុញ្ញាតឲ្យ​មន្ត្រី​បុគ្គលិក​ទូត​ អាច​ចាកចេញ​ពី​ប្រទេស​នេះ​ ដោយ​ស្ម័គ្រចិត្ត ដោយសារ​តែ​ការបន្ត​នៃ​ការគំរាម​កំហែងនៃ​សកម្មភាពកងទ័ព​រុស្សី​ប្រឆាំង​នឹង​ប្រទេសអ៊ុយក្រែន។

ក្រសួង​ការបរទេស​អាមេរិក ​ក៏​បានស្នើ​ដល់​ពលរដ្ឋ​អាមេរិកាំង​ទាំង​អស់​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ឲ្យពិចារណា​ចាក​ចេញ​ពី​ប្រទេស​នេះនៅ​ពេល​នេះ​ ដោយ​ប្រើ​ប្រាស់​ជើង​ហោះហើរ​ពាណិជ្ជកម្ម ឬ​តាមមធ្បោបាយធ្វើ​ដំណើរ​ឯកជន​ដ៏ទៃ​ផ្សេង​ទៀត​ដែលអាច​មាន។

ក្រសួង​ការបរទេស​អាមេរិក បានចេញ​ការព្រមាន​កម្រិត​ទី៤នៃ​ការធ្វើ​ដំណើរឡើង​វិញ​សម្រាប់អ៊ុយក្រែន​ដោយ​និយាយ​ថា «មិន​ត្រូវធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន​ដោយសារ​តែការ​គំរាម​កំហែង​ កំពុង​បន្ត​កើន​ឡើង បណ្តាល​មកពី​សកម្មភាព​កងទ័ព​រុស្សី​ និង​ជំងឺកូវីដ១៩»។ កាលពី​ពេល​មុន សហរដ្ឋអាមេរិក​ ក៏បាន​ចេញ​ការព្រមាន​ពី​ការ​ធ្វើ​ដំណើរ​កម្រិតទី៤ផង​ដែរ ក៏​ប៉ុន្តែ​ដោយសារ​តែការរាត​ត្បាត​នៃ​ជំងឺ​កូវីដ១៩ ​តែ​ប៉ុណ្ណោះ។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ក៏​បានចេញ​សេចក្តីប្រកាស​នៃ​ការធ្វើដំណើរទៅកាន់ប្រទេស​រុស្សី​ឡើង​វិញ​ផង​ដែរ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ ដោយ​បាន​បញ្ជាក់​ថា «មិនត្រូវ​ធ្វើ​ដំណើរទៅ​កាន់​ប្រទេស​រុស្សី​នោះ​ឡើយ ដោយសារតែភាពតាន​តឹង​នៅ​តែ​បន្ត​កើត​មាននៅ​តាមបណ្តោយ​ព្រំដែន​ជាមួយ​អ៊ុយក្រែន លទ្ធភាព​នៃ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ប្រឆាំងពលរដ្ឋ​អាមេរិកាំង កម្រិត​នៃ​ការជួយ​របស់​ស្ថាន​ទូត​អាមេរិក​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​នៅ​ក្នុង​ប្រទេស​រុស្សី ការរឹត​បន្តឹង​ច្រកចេញ​ចូល​ដោយ​សារ​ជំងឺ​កូវីដ១៩ អំពើ​ភេរវកម្ម ការធ្វើ​ទុក្ខបុកម្នេញ​ពីមន្ត្រី​សន្តិសុខ​រដ្ឋាភិបាល​រុស្សី​ និង​ការពង្រឹង​ការ​អនុវត្ត​ច្បាប់​ក្នុង​ស្រុក​តាម​អំពើ​ចិត្ត»។

មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក បាន​បញ្ជាក់​ទៀត​ថា ស្ថានភាព​សន្តិសុខ ជា​ពិសេស​នៅ​តាម​បណ្តោយ​ព្រំដែន​ជា​មួយ​អ៊ុយក្រែន នៅ​តំបន់​គ្រីមមៀ និង​តំបន់​ភាគខាង​កើត​អ៊ុយក្រែន​ដែល​គ្រប់គ្រង​ដោយ​រុស្សី មាន​លក្ខណៈ​មិន​អាច​ទស្សន៏ទាយ​បាន ​ហើយ​អាច​កាន់តែ​យ៉ាប់យ៉ឺន​ឡើង​ដោយ​មាន​ព័ត៌មាន​តិចតួច។

មន្ត្រី​អាមេរិក​នោះ បាន​លើក​ឡើង​ទៀត​ថា លោក​ប្រធានាធិបតី Biden បាន​និយាយហើយ​ថា ការ​ឈ្លាន​ពាន​ខាង​យោធា​របស់​រុស្សី​លើ​អ៊ុយក្រែន អាច​កើត​ឡើង​ក្នុង​ពេល​ណា​មួយ ហើយ​ក្នុង​ករណី​ដែល​វា​នឹង​កើតឡើង​មែន​នោះ ស្ថានទូតអាមេរិក​នៅ​ក្នុង​ទីក្រុងកៀវ មាន​លទ្ធភាពតាម​កម្រិត​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​ក្នុង​ការជួយដល់​ពលរដ្ឋ​អាមេរិកាំង​ដែល​ចង់​ចាកចេញ​ពី​ប្រទេស​នោះ។

កាល​ពី​ថ្ងៃ​អាទិត្យ​ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken បាន​ព្រមាន​ដល់ប្រទេស​រុស្សី​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដឹង​ពី​កលល្បិច​ និង​បច្ចេក​ទេស​ទាំង​អស់​ដែល​រុស្សី​អាច​ប្រើ​ប្រាស់​ក្នុង​ការ​បំផ្លាញដល់​រដ្ឋាភិបាល​អ៊ុយក្រែន ប៉ុន្តែ​សហរដ្ឋ​អាមេរិក​ នៅ​តែ​បន្ត​ជំរុញ​កិច្ចពិភាក្សា​តាម​រយៈ​ការទូត ដោយ​សង្ឃឹមថា នឹង​អាច​កាត់​បន្ថយ​នូវភាព​តាន​តឹងនៅ​ក្នុង​អឺរ៉ុប​ខាង​កើតនោះ៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្តីរាយការណ៍​នេះ​ ដកស្រង់ពី​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Associated Press, Agence France-Presse និង Reuters។

XS
SM
MD
LG