រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានស្ថិតនៅក្នុងរដ្ឋធានីប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ដើម្បីពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្តសំខាន់ៗនៅថ្ងៃព្រហស្បតិ៍នេះ អំពីស្ថានភាពនៅតាមបណ្តោយព្រំដែនរវាងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន នៅពេលលោកប្រុងប្រៀបធ្វើការចរចាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov។
លោក Blinken កំពុងជួបជាមួយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Yves Le Drian និងរដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុកតំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើងលោក James Cleverly មុនពេលថ្លែងសុន្ទរកថាអំពីវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយនៅឯសន្និសីទកាសែតកាលពីថ្ងៃពុធថា លោកគិតថា រុស្ស៊ី នឹងឈ្លានពានប្រទេសអ៊ុយក្រែន ដោយលោកបានព្រមានម្តងទៀតដល់មេដឹកនាំរុស្ស៊ីលោក Vladimir Putin ថា សកម្មភាពបែបនេះ នឹងត្រូវប្រឈមផលវិបាកដូចជាការដាក់ទណ្ឌកម្មសេដ្ឋកិច្ច។
រុស្ស៊ីបានបដិសេធថា ខ្លួនមិនមានបំណងឈ្លានពានប្រទេសអ៊ុយក្រែនទេ ហើយកំពុងស្វះស្វែងរកការធានាខាងសន្តិសុខ ដូចជាប្រទេសអ៊ុយក្រែន នឹងមិនត្រូវចូលរួមជាមួយអង្គការអូតង់។
លោក Blinken នឹងត្រូវពិភាក្សាអំពីសភាពការណ៍នេះជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Lavrov នៅក្នុងទីក្រុងហ្សឺណែវ នៅថ្ងៃសុក្រស្អែកនេះដែលជាការឈប់សំចតទី៣ ក្នុងដំណើររបស់លោកដែលត្រូវបានរៀបចំដ៏ប្រញាប់ ដែលអំឡុងពេលនេះ លោកបានបង្ហាញនូវបំណងយ៉ាងច្បាស់របស់សហរដ្ឋអាមេរិកចង់ស្វែងរកដំណោះស្រាយខាងការទូតសម្រាប់ជម្លោះនេះ។
លោក Blinken បានផ្ញើសារនេះ កាលពីថ្ងៃពុធនៅរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន ដោយបានប្រាប់ VOA ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត នឹងឆ្លើយតប«ដោយកម្លាំង និងដាច់ខាត» ប្រឆាំងការបន្តភាពគឃ្លើនខាងយោធារបស់ប្រទេសរុស្ស៊ីលើប្រទេសអ៊ុយក្រែន ក៏ប៉ុន្តែសង្ឃឹមថា រដ្ឋាភិបាលក្រុងមូស្គូ នឹងអនុវត្តមាគ៌ាការទូត៕