ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

អាមេរិក​ព្រមាន​ចាត់​វិធាន​ការ​រុស្ស៊ី​ បើ​ឈ្លានពាន​អ៊ុយក្រែន


ក្បួន​រថពាសដែក​រុស្ស៊ី​ធ្វើ​ដំណើរ​តាម​ផ្លូវ​ហាយវ៉េ​ក្នុង​តំបន់ ​Crimea ថ្ងៃទី១៨ ខែ​មករា ឆ្នាំ ២០២២។ (AP)

សហរដ្ឋ​អាមេរិក​ព្រមាន​ប្រទេស​រុស្ស៊ី​ថា​សហរដ្ឋ​អាមេរិក ​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​នឹង​ឆ្លើយតប​យ៉ាង​ខ្លាំងក្លា​និង​មិនងាករេ​ប្រសិន​បើ​រុស្ស៊ី​ចាត់​វិធានការ​យោធា​គឃ្លើន​លើ​ប្រទេស​អ៊ុយក្រែន​ថែម​ទៀត​ក៏ប៉ុន្តែ​សង្ឃឹមថា​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​នឹង​ស្វែងរក​ដំណោះស្រាយ​ការទូត​ដើម្បី​ដោះស្រាយ​វិបត្តិ។ នេះ​ជាសម្តី​របស់​លោក​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​Antony Blinken ​នៅ​ក្នុង​បទសម្ភាសន៍​ផ្តាច់មុខ​មួយ​ជាមួយ​អ្នកស្រី​ Myroslava Gongadze ​ នាយិកា​ការិយាល័យ​អឺរ៉ុប​ខាង​កើត​របស់​VOA​កាល​ពី​ថ្ងៃ​ពុធ​នៅ​ក្នុង​រដ្ឋធានី​កៀវ​ប្រទេស​អ៊ុយក្រែន។

លោកBlinken​បាន​បន្ថែម​ថា៖ «យើង​បាន​ផ្ដល់ឲ្យ​រុស្ស៊ី​នូវ​ជម្រើស​ច្បាស់លាស់​មួយ គឺរវាង​ដំណោះស្រាយ​តាមរយៈ​កិច្ចសន្ទនា​និង​ការ​ទូត​និង​ការ​ប្រឈម​មុខ​ដាក់​គ្នា​ហើយ​នឹងផលវិបាក​នានា»។

នៅក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​លោករដ្ឋ​មន្ត្រី​ការបរទេស​អ៊ុយក្រែន Dmytro Kuleba​ លោក Blinken ​បានថ្លែង​ថា៖ «​រុស្ស៊ី​បានបង្កើន​ការគំរាមកំហែង​របស់ខ្លួន​និង​បាន​ដាក់ទ័ព​ជិត​១សែន​នាក់​នៅតាម​បណ្តោយ​ទល់ដែន​អ៊ុយក្រែន​ដែល​រុស្ស៊ី​បាន​បង្កើន​ទ្វេដង​យ៉ាង​ឆាប់រហ័ស»។ លោក Blinken​បាន​បន្ថែម​ទៀតថា​«ការបញ្ជូន​ជំនួយ​ឧបករណ៍​របស់​សហរដ្ឋ​អាមេរិក​ទៅកាន់​ប្រទេស​អ៊ុយក្រែន​កំពុងតែ​ធ្វើឡើង​ជាបន្ត​ហើយ​នឹង​មាន​ការគ្រោង​បញ្ជូន​ថែមទៀត​នៅក្នុង​អំឡុងពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខ‍»។

លោក Blinken ​បានថ្លែង​ថា៖ «បើសិនជា​រុស្ស៊ី​ធ្វើតាម​គោលបំណង​យ៉ាងគឃ្លើន​ណាមួយ​នោះ​ហើយ​បន្ត​អំពើ​គឃ្លើន​របស់ខ្លួន​ហើយ​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​នោះ​យើង​នឹង​ផ្តល់​ឧបករណ៍​បន្ថែម​ពីលើ​អ្វី​ដែលបាន​គ្រោង​ទុក​រួចហើយ​នោះ»។

លោករដ្ឋ​មន្ត្រី​ការបរទេស​អ៊ុយក្រែន​Dmytro Kuleba ​បាន​ថ្លែង​ថា​ប្រទេស​អ៊ុយក្រែន​ដែលរឹងមាំ​ជា​ឧបករណ៍​ល្អប្រសើរ​ជាទី​បំផុត​ដើម្បី​រារាំង​រុស្ស៊ី។ លោក​បានបន្ថែម​ថា​វាជា​រឿង​សំខាន់​ចាំបាច់​ដើម្បី​ប្រាប់​រុស្ស៊ី‍​«ជារៀងរាល់ថ្ងៃ‍»​ថា​រុស្ស៊ី​នឹង​ប្រឈម​ជាមួយ​«ការដាក់ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ងរ‍»​បើសិនជា​រដ្ឋាភិបាល​ក្រុងម៉ូស្គូ​សម្រេច​ប្រព្រឹត្ត​អំពើ​គឃ្លើន​ដាក់​ប្រទេស​ជិតខាង​របស់ខ្លួន​ថែមទៀតនោះ។

មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាលពីថ្ងៃពុធ​ថា​កាលពី​ខែមុន​សេតវិមាន​បាន​អនុម័ត​លើ​ជំនួយ​សម្រាប់​ការពារ​សន្តិសុខ​ចំនួន​២០០​លាន​ដុល្លារ​ថែមទៀត​សម្រាប់​ប្រទេស​អ៊ុយក្រែន។

លោក​ប្រធានាធិបតី​អ៊ុយក្រែន​Volodymyr Zelenskiy​បាន​សរសេរ​នៅលើ​បណ្តាញ​ទាក់ទង​សង្គម Twitter​ថា‍​អ៊ុយក្រែន​«ដឹងគុណ​ចំពោះ​ការគាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​វិស័យ​នយោបាយ​និង​សន្តិសុខ។ ពឹងផ្អែក​លើ​ការពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុងវិស័យ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។ ខ្ញុំ​ជឿជាក់​ថា​គ្មាន​ការសម្រេច​ណាមួយ​អំពី​ប្រទេស​អ៊ុយក្រែន​ដោយគ្មាន​អ៊ុយក្រែន​ទេ‍»។

កាលពី​ថ្ងៃពុធ​លោក Blinken ​បាន​បញ្ជាក់​ឡើងវិញ​នូវការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​អធិបតេយ្យភាព​និង​បូរណភាព​ដែនដី​របស់​អ៊ុយក្រែន​នៅក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​លោក Zelenskiy។ លោក Blinken​បាន​បន្ថែម​ថា៖ «ស្រេចតែ​ពលរដ្ឋ​អ៊ុយក្រែន ហើយ​គ្មាន​នរណា​ក្រៅពី​ពលរដ្ឋ​អ៊ុយក្រែន​ទេ​ដែលអាច​សម្រេច​អំពី​អនាគត​របស់ខ្លួន​និង​អនាគត​របស់​ប្រទេស​នេះ‍»។

លោក Blinken​ បាន​បញ្ជាក់​ឡើងវិញ​ថា​ការ​ស្វែងរក​ដំណោះស្រាយ​ការទូត​ជា​«ការចង់បាន​យ៉ាង​ច្បាស់លាស់​មួយ‍»​ទាក់ទិន​នឹង​ការគំរាម​កំហែង​របស់​រុស្ស៊ី​ហើយ​ថា​ដំណោះស្រាយ​ការទូត​ជា​វិធី​មួយ​ដើម្បី​បន្ធូរ​ភាពតានតឹង​នៅតាម​បណ្តោយ​ព្រំដែន​រុស្ស៊ី​និង​អ៊ុយក្រែន។

ការបង្កើន​ទ័ព​រុស្ស៊ី​នៅតាម​បណ្តាយ​ព្រំដែន​ភាគខាងកើត​នៃ​ប្រទេស​អ៊ុយក្រែន​នាំឲ្យ​មាន​ការបារម្ភ​ថា​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​កំពុង​រៀបចំ​ផែនការ​យោធា​លើ​ប្រទេស​ជិតខាង​របស់​ខ្លួន​ដែលពីមុន​ជា​ផ្នែក​មួយ​នៃ​អតីត​សហភាព​សូវៀត​ដែល​ដឹកនាំ​ដោយ​រុស្ស៊ី​នោះ។ ប្រទេស​រុស្ស៊ី​បាន​ដណ្តើម​កាន់កាប់​ឧបទ្វីប​Crimea ​ពី​ប្រទេស​អ៊ុយក្រែន​កាលពី​ឆ្នាំ ២០១៤។

រុស្ស៊ី​បាន​បន្ត​បង្កើន​ទ័ព​របស់​ខ្លួន​និង​បង្កើន​ពាក្យសម្តី​ធ្ងន់ធ្ងរ​ដាក់​ប្រទេស​អ៊ុយក្រែន​ហើយ​បាន​បញ្ជូន​កង​កម្លាំង​រុស្ស៊ី​ចូលក្នុង​ប្រទេស​Belarus ​កាលពីចុង​សប្តាហ៍មុន។ រុស្ស៊ី​បានទាមទារ​ឲ្យមាន​ការធានា​ថា អ៊ុយក្រែន​នឹង​មិនចូលជា​សមាជិក​នៃអង្គការ​អូតង់​ជាដាច់ខាត។​

មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន​តាម​ទូរស័ព្ទ​មួយ​កាលពី​ថ្ងៃអង្គារ​ថា៖ «យើង​កំពុង​ស្ថិតក្នុង​ដំណាក់កាល​មួយ ដែល​រុស្ស៊ី​អាច​វាយប្រហារ​អ៊ុយក្រែន​នៅពេលណាមួយ​ក៏បាន‍»។

ទស្សនកិច្ច​របស់​លោក Blinken ​កាលពី​ថ្ងៃពុធ​ទៅកាន់​ប្រទេស​អ៊ុយក្រែន​ជា​ការសំចត​ទីមួយ​ក្នុង​ទស្សនកិច្ច​ដែល​រៀបចំឡើង​យ៉ាង​ប្រញ៉ាប់​ប្រញ៉ាល់​ដែល​នឹង​នាំ​លោក​ទៅកាន់​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់​ផងដែរ។ នៅ​ថ្ងៃព្រហស្បតិ៍​លោកនឹងជួប​ជាមួយ​លោកស្រី​រដ្ឋមន្ត្រី​ការ​បរទេស​អាល្លឺម៉ង់​Annalena Baerbock​«ដើម្បី​ពិភាក្សា​អំពី​ការពិភាក្សា​ខាង​ផ្លូវការទូត​កាលពី​ពេល​ថ្មីៗ​ជាមួយ​ប្រទេស​រុស្ស៊ី​និង​អំពី​កិច្ច​ប្រឹងប្រែង​រួម​ដើម្បី​រារាំង​កុំឲ្យមាន​អំពើ​គឃ្លើន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​ថែមទៀត។​នេះ​បើតាម​ការឲ្យ​ដឹង​របស់​ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក។

លោក Blinken ​បន្ទាប់មក​គ្រោងនឹង​អំពាវនាវ​ឲ្យ​រុស្ស៊ី «ចាត់វិធានការ​ផ្សេងៗ​ជាបន្ទាន់​ដើម្បី​កាត់បន្ថយ​ភាពតានតឹង»​នៅតាម​បណ្តោយ​ព្រំដែន​អ៊ុយក្រែន​នៅពេល​លោកជួប​ជាមួយ​លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​Sergey Lavrov​នៅក្នុង​ទីក្រុង​ហ្សឺណែវ​ប្រទេសស្វីស​ នៅថ្ងៃសុក្រ៕

ប្រែសម្រួលដោយ លោក ប៉ូច រាស៊ី

XS
SM
MD
LG