បើតាមរបាយការណ៍ថ្មីមួយដោយពួកអ្នកស្រាវជ្រាវអាមេរិកាំងថារដ្ឋាភិបាលក្រុងប៉េកាំងកំពុងប្រើប្រាក់ជំនួយបន្ថែមដើម្បីកសាងឧស្សាហកម្មរ៉ែកម្រហៅrare earthsហើយគ្រោងនឹងប្រើរ៉ែនេះជាអាវុធខាងភូមិសាស្ត្រនយោបាយមួយប្រឆាំងនឹងពួកបស្ចឹមប្រទេស។
ភាពគ្របដណ្តប់របស់ប្រទេសចិនក្នុងការរករ៉ែលោហធាតុនិងរ៉ែដែលមានសារៈសំខាន់ក្នុងការផលិតឧបករណ៍បច្ចេកទេសទំនើបបានធ្វើឲ្យសមាជិកសភាស.រ.អា.ផ្តោតការយកចិត្តទុកដាក់អំពីការផ្គត់ផ្គង់រ៉ែកម្រនេះ។
ក៏ប៉ុន្តែរបាយការណ៍ថ្មីមួយបោះពុម្ពផ្សាយកាលពីថ្ងៃចន្ទទី២៨ ខែមិថុនាដោយក្រុមហ៊ុនពិគ្រោះយោបល់អាមេរិកាំងឈ្មោះ Horizon Advisory សន្មត់ថាប្រទេសចិនផ្តល់តម្លៃខ្ពស់ដល់ឧស្សាហកម្មនេះដោយសារវាមានសក្តានុពលសម្រាប់ការគ្របដណ្តប់ខាងភូមិសាស្ត្រនយោបាយជាជាងតម្លៃខាងពាណិជ្ជកម្មរបស់វា។
លោក Nathan Picarsic ជាអ្នកបង្កើតក្រុមហ៊ុន Horizon។ លោកបាននិយាយប្រាប់កាសែតWall Street Journal ថា៖«ពួកចិនមិនខ្វាយខ្វល់អំពីផលប្រយោជន៍ខាងសេដ្ឋកិច្ចទេ ក្នុងករណីជាច្រើននៃករណីទាំងនេះ។ពួកគេយល់ឃើញថាការគ្រប់គ្រងឧស្សាហកម្មបែបនេះជាមា៌គាមួយទៅកាន់ជ័យជម្នះដោយមិនចាំបាច់ប្រយុទ្ធ»។មូលនិធិសម្រាប់ការការពារលទ្ធិប្រជាធិបតេយ្យដែលលោក Nathan Picarsic ជាអ្នកស្រាវជ្រាវជាន់ខ្ពស់ម្នាក់ឲ្យដឹងថាក្រុមហ៊ុនពិគ្រោះយោបល់របស់លោកផ្តោតការយកចិត្តទុកដាក់លើវិធីប្រកួតប្រជែងរបស់ប្រទេសចិនរបស់ប្រទេសចិនទាក់ទងភូមិសាស្ត្រនយោបាយ។
បើតាមក្រុមហ៊ុន Horizon ថារបាយការណ៍កាលពីឆ្នាំ២០០៩យផ្តល់ប្រាក់កាសដោយរដ្ឋាភិបាលចិនបានលើកឡើងថា៖«ប្រទេសចិននឹងមិនបដិសេធការប្រើពួកអ្នកជំនាញខាងរ៉ែកម្រជាអានុភាព»ដើម្បីដោះស្រាយសង្គ្រាមពាណិជ្ជកម្មរវាងស.រ.អា.និងប្រទេសចិនទេ។
ពួកមន្ត្រីចិនមិនបានធ្វើអត្ថាធិប្បាយអំពីការចោទប្រកាន់នេះនៅឡើយទេ ក៏ប៉ុន្តែកាលពីពេលមុនៗពួកមន្ត្រីចិនបាននិយាយការពារឧស្សាហកម្មរ៉ែកម្ររបស់ប្រទេសចិនដោយនិយាយថាពួកគេជាដៃគូពាណិជ្ជកម្មគួរឱ្យជឿទុកចិត្តបាននៅក្នុងប្រព័ន្ធផ្គត់ផ្គង់សាកល។
គេត្រូវការរ៉ែកម្រ
ប្រទេសចិនផ្តល់រ៉ែច្រើនប្រភេទដល់ស.រ.អា.។ រ៉ែកម្រ rare earths គ្រាន់តែជារ៉ែមួយប្រភេទប៉ុណ្ណោះ។បើតាមទីភ្នាក់ងារព័ត៌មាន Reuters ថារ៉ែកម្របានត្រូវប្រើច្រើនយ៉ាងចាប់តាំងពីទូរសព្ទsmartphones រហូតដល់ម៉ាស៊ីនឡានអគ្គិសនីម៉ាស៊ីនយន្តហោះប្រតិកម្មយោធាផ្កាយវិទ្យាសាស្ត្រនិងឧបករណ៍ឡាហ្សែ។ការដកយករ៉ែនេះពីក្នុងដីអស់សោហ៊ុយច្រើនមួយផ្នែកគឺដោយសារការជីករករ៉ែនេះពិបាកណាស់។
បើតាមឯកសារ Mineral Commodity Summaries ប្រចាំឆ្នាំ២០២០នៃផ្នែកស្ទង់ភូគព្ភសាស្ត្រស.រ.អា.ហៅ U.S. Geological Survey ថាមានរ៉ែសំខាន់ៗយ៉ាងតិច៨ដែលស.រ.អា.ទិញពីប្រទេសចិន។ចំនួនជាងពាក់កណ្តាលនៃផលិតផលរ៉ែទាំងនេះបានត្រូវដឹកជញ្ជូនចូលក្នុងប្រទេសដោយមានផលិតផលរបស់ចិនមានយ៉ាងតិច៥០%នៃការដឹកជញ្ជូនចូលក្នុងប្រទេសអាមេរិក។
បើតាមសេចក្តីរាយការណ៍មួយចេញផ្សាយដោយក្រសួងពាណិជ្ជកម្មស.រ.អា.កាលពីឆ្នាំ២០១៩ថាប្រសិនបើប្រទេសចិនឬប្រទេសរុស្ស៊ីបញ្ឈប់ការដឹកជញ្ជូនរ៉ែសំខាន់ៗមកកាន់ស.រ.អា.និងពួកប្រទេសជាសម្ព័ន្ធមិត្តរបស់អាមេរិកាំងរយៈពេលយូរដែលស្រដៀងគ្នានឹងការរាំងខ្ទប់មិនដឹករ៉ែកម្ររបស់ចិនកាលពីឆ្នាំ២០១០នោះនោះការបង្អាក់ការផ្គត់ផ្គង់អាចបណ្តាលឱ្យមានការប៉ះពាល់នៅទូទាំងប្រព័ន្ធផ្គត់ផ្គង់រ៉ែសំខាន់ៗក្នុងស.រ.អា.និងប្រទេសឯទៀតៗ។
កិច្ចខិតខំប្រឹងប្រែងរបស់សភាស.រ.អា.
លោក Joe Manchin ជាសមាជិកជាន់ខ្ពស់របស់គណៈកម្មាធិការថាមពលនិងប្រភពធនធានធម្មជាតិនៃព្រឹទ្ធសភាស.រ.អា.មកពីខាងគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ West Virginia។ លោកបាននិយាយនៅក្នុងសវនាការមួយកាលពីដើមខែមិថុនាថាស.រ.អា.ត្រូវផ្តោតការយកចិត្តទុកដាក់លើការបណ្តាក់ទុនក្នុងការរករ៉ែដោយរបៀបថ្មីនិងការកែច្នៃរ៉ែដោយអភិវឌ្ឍគ្រឿងជំនួសសម្រាប់សម្ភារៈសំខាន់ៗដែលអាចរកបាននៅខាងក្នុងស.រ.អា.និងអនុវត្តគោលនយោបាយឈ្លាសវៃដើម្បីកែប្រែជាថ្មីនូវសម្ភារៈសំខាន់ៗសម្រាប់យកមកផលិតសម្ភារៈផ្សេងៗឡើងវិញ។
លោក Manchin បានថ្លែងថា៖«ទាំងអស់នេះអាចកាត់បន្ថយការពឹងពាក់របស់យើងលើការដឹកជញ្ជូនទំនិញពីប្រទេសក្រៅនៅពេលបង្កើតការងារនៅក្នុងស.រ.អា.»។
សភាស.រ.អា.បានធ្វើកិច្ចខិតខំប្រឹងប្រែងមួយចំនួនដើម្បីជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែនៅក្នុងស.រ.អា.ដោយមានរួមបញ្ចូលសេចក្តីព្រាងច្បាប់ដែលមានគោលដៅបន្ថយពន្ធដារសម្រាប់ឧស្សាហកម្មរ៉ែកម្រហៅ rare earths ឧបត្ថម្ភផ្ចុងផ្តើមការជីករករ៉ែកម្រនៅខាងក្នុងប្រទេសនិងអភិវឌ្ឍបច្ចេទេសថ្មីខាងកែប្រែជាថ្មីនូវសម្ភារៈសំខាន់ៗសម្រាប់យកមកផលិតសម្ភារៈផ្សេងៗឡើងវិញ។
លោកសមាជិកព្រឹទ្ធសភាស.រ.អា.Ted Cruz ខាងគណបក្សសាធារណរដ្ឋប្រចាំរដ្ឋTexasបានដាក់ស្នើសេចក្តីព្រាងច្បាប់មួយកាលពីខែឧសភាដោយមានការបន្ថយពន្ធដារសម្រាប់ក្រុមហ៊ុនជីកអណ្តូងរ៉ែនិងក្រុមហ៊ុនផលិតគ្រឿងឧបភោគបរិភោគដែលទិញផលិតផលរបស់ក្រុមហ៊ុនរ៉ែទាំងនេះ។
កាលពីខែឧសភានោះដែរសមាជិកព្រឹទ្ធសភាស.រ.អា.មួយចំនួនគឺលោកស្រីLisa Murlowski ខាងគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Alaska លោក Joe Manchin ខាងគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ West Virginia លោកស្រី Martha McSally ខាងគណបក្សសាធារណរដ្ឋប្រចាំរដ្ឋArizona និងលោក Dan Sullivan ខាងគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Alaska បានដាក់ស្នើសេចក្តីព្រាងច្បាប់របស់គណបក្សទាំងពីរមានឈ្មោះថាច្បាប់ខាងសន្តិសុខរ៉ែអាមេរិកាំងដែលមានរបៀបដោះស្រាយទូលំទូលាយមួយដោយចាប់ផ្តើមកាត់បន្ថយការពឹងពាក់របស់ស.រ.អា.លើរ៉ែបរទេស។នៅពេលដាក់ស្នើសេចក្តីព្រាងច្បាប់នេះលោកស្រី Murlowski ដែលជាប្រធានគណៈកម្មាធិការថាមពលនិងប្រភពធនធានធម្មជាតិនៃព្រឹទ្ធសភាស.រ.អា.បានមានប្រសាសន៍ថា៖ «សន្តិសុខខាងរ៉ែរបស់ប្រទេសយើងជាបញ្ហាសំខាន់បន្ទាន់មួយ ហើយជាញឹកញយមិនបានត្រូវអើពើទេ។ការពឹងពាក់របស់យើងលើប្រទេសចិននិងប្រទេសឯទៀតៗដើម្បីនាំចូលរ៉ែសំខាន់ៗបានធ្វើឱ្យយើងខាតបង់ការងារធ្វើឱ្យខ្សោយដល់ភាពប្រកួតប្រជែងខាងសេដ្ឋកិច្ចរបស់យើងហើយធ្វើឱ្យយើងចាញ់ប្រៀបខាងភូមិសាស្ត្រនយោបាយថែមទៀតផងដែរ»៕
ប្រែសម្រួលដោយ លោក ឈឹម សុមេធ