ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​ចិន​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​សម្រាប់​ទីក្រុង​ហុងកុង


ស្ត្រី​ម្នាក់​ដើរ​កាត់​ស្លាកសញ្ញា​មួយ​ដែល​សរសេរ​ថា ច្បាប់​សន្ដិសុខជាតិ​សម្រាប់​ហុងកុង នៅ​ទីក្រុង​ហុងកុង ថ្ងៃអង្គារ ទី​៣០ ខែមិថុនា ឆ្នាំ​២០២០។
ស្ត្រី​ម្នាក់​ដើរ​កាត់​ស្លាកសញ្ញា​មួយ​ដែល​សរសេរ​ថា ច្បាប់​សន្ដិសុខជាតិ​សម្រាប់​ហុងកុង នៅ​ទីក្រុង​ហុងកុង ថ្ងៃអង្គារ ទី​៣០ ខែមិថុនា ឆ្នាំ​២០២០។

រដ្ឋសភា​ប្រទេស​ចិន​បាន​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​ដ៏​ប្រទាំង​ប្រទើស​មួយ​សម្រាប់​ទីក្រុង​ហុងកុង ដែល​សហរដ្ឋ​អាមេរិក និង​សកម្មជន​ទាមទារ​ប្រជាធិបតេយ្យ​នានា​ជឿ​ថា នឹង​ច្រោះ​យក​សេរីភាព​របស់​ទីក្រុង​ហុងកុង​បន្ថែម​ទៀត។

ច្បាប់​ថ្មី ដែល​បាន​អនុម័ត​នៅ​ថ្ងៃ​អង្គារ​នេះ​ដោយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ចិន​នេះ ស្នើ​ឲ្យ​រដ្ឋាភិបាល​កណ្ដាល​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​បង្កើត​ការិយាល័យ​សន្តិសុខ​ជាតិ​មួយ​នៅ​ក្នុង​ទីក្រុង​ហុងកុង ក្នុង​គោល​បំណង​ទប់ទល់​នឹង​សកម្មភាព​ផ្ដួល​រំលំ​រដ្ឋ​អំណាច អំពើ​ភេរវកម្ម ការ​ផ្ដាច់​ខ្លួន និង​ការ​ឃុបឃិត​ជាមួយ​នឹង​កង​កម្លាំង​បរទេស។ ចំណុច​លម្អិត​ពិត​ប្រាកដ​នៃ​ច្បាប់​ថ្មី​នេះ​មិន​ទាន់​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ឡើយ​ទេ។

ច្បាប់​ថ្មី​នេះ​បំពេញ​បន្ថែម​ទៅ​នឹង​កិច្ច​ប្រឹងប្រែង​ខ្លាំងក្លា​របស់​លោក​ប្រធានាធិបតី Xi Jinping នៅ​ក្នុង​ការ​រឹត​បន្ដឹង​ការ​គ្រប់គ្រង​លើ​ទីក្រុង​ហុងកុង​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ការ​រឹត​បន្ដឹង​នេះ​កន្លង​មក​នេះ​បាន​បណ្ដាល​ឲ្យ​មាន​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​នៅ​តាម​ដង​ផ្លូវ​ទាមទារ​ឲ្យ​ទីក្រុង​ហុងកុង​មាន​សេរីភាព​ប្រសើរ​ជាង​មុន។

ការ​អនុម័ត​ច្បាប់​របស់​រដ្ឋសភា​ចិន​នេះ​គឺ​ធ្វើ​ឡើង​ដោយ​មិន​បាន​ឆ្លង​កាត់​រដ្ឋសភា​របស់​ទីក្រុង​ហុងកុង។ រដ្ឋសភា​ហុងកុង​មាន​សិទ្ធិ​អនុម័ត​ច្បាប់​សន្តិសុខ​ណា​មួយ​បាន​នៅ​ក្រោម​រដ្ឋធម្មនុញ្ញ​របស់​ទីក្រុង។ កន្លង​មក សមាជិក​សភា​ទីក្រុង​ហុងកុង​បាន​រង​សម្ពាធ​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ឲ្យ​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ ប៉ុន្តែ​ត្រូវ​បាន​រង​ការ​តវ៉ា​ខ្លាំងក្លា។

ច្បាប់​ថ្មី​នេះ​ត្រូវ​បាន​អនុម័ត​មួយ​ថ្ងៃ​មុន​ខួប​មក​ដល់​នៃ​ការណ៍​ដែល​ចក្រភព​អង់គ្លេស​ប្រគល់​ទីក្រុង​ហុងកុង​ឲ្យ​ប្រទេស​ចិន​កាល​ពី​ឆ្នាំ ១៩៩៧ ក្រោម​គោលការណ៍​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ។ អាជ្ញាធរ​ទីក្រុង​ហុងកុង​បាន​ហាមឃាត់​ការ​ជួបជុំ​ប្រចាំ​ឆ្នាំ​ដើម្បី​ប្រារព្ធ​ខួប​នេះ ដោយ​លើក​ឡើង​ពី​ហេតុផង​នៃ​ការ​ខ្លាច​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩។

រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ចាត់​វិធានការ​មួយ​ចំនួន បន្ទាប់ពី​ប្រទេស​ចិន​បាន​ប្រកាស​អំពី​បំណង​របស់​ខ្លួន​នៅ​ក្នុង​ការ​អនុម័ត​ច្បាប់​នេះ​កាល​ពី​ខែ​ឧសភា។

កាល​ពី​ដើម​ខែ​នេះ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​ប្រកាស​ថា សហរដ្ឋ​អាមេរិក​លែង​ចាត់​ទុក​ទីក្រុង​ហុងកុង​ថា​មាន​ស្វ័យភាព​ពី​ប្រទេស​ចិន​ហើយ ហើយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ បាន​បញ្ចប់​ការ​នាំ​ចេញ​ឧបករណ៍​យោធា និង​បច្ចេកវិទ្យា​គោល​បំណង​ពីរ​ដែល​មាន​ប្រភព​ពី​សហរដ្ឋ​អាមេរិក​ទៅ​កាន់​ទីក្រុង​ហុងកុង ដោយ​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​ផ្នែក​សន្តិសុខ​ជាតិ៕

XS
SM
MD
LG