ការបាក់ដីនៅឯកន្លែងជីកយករ៉ែថ្លើមថ្មមួយកន្លែង នៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២៦នាក់ កាលពីថ្ងៃព្រសហ្បតិ៍ នៅពេលគំនរសំណល់ពីអណ្តូររ៉ែបានបាក់ចូលទៅបឹងមួយកន្លែង ដែលបានបណ្តាលឲ្យទឹកភក់កប់កម្មករជាច្រើន។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។ អាជ្ញាធរបារម្ភថា នឹងមានអ្នកស្លាប់ច្រើននាក់ទៀត។
ក្រុមផ្សាយជាភាសាភូមានៃវីអូអេ (VOA Burmese) បានរាយការណ៍ថា ឧប្បទ្ទវហេតុនេះបានកើតឡើងនៅតំបន់ Hpakant (ផាកាន់ថ៍) នៃរដ្ឋ Kachin ដែលជាតំបន់មួយដែលបានរងផលប៉ះពាល់យ៉ាងខ្លាំងពីសកម្មភាពជីកយករ៉ែហួសហេតុ ជាពិសេសេការជីករ៉ែរបស់ក្រុមហ៊ុនចិន។
នាយដ្ឋានអគ្គិភ័យបានរាយការណ៍តាមហ្វេសប៊ុកថា ក្រុមកម្មករពេលនោះកំពុងប្រមូលថ្លើមថ្មនៅតំបន់សម្បូររ៉ែថ្លើមថ្ម នៅក្នុងតំបន់ Hpakant ក្នុងរដ្ឋ Kachin នៅពេលដែលរលកភក់ក្រោយភ្លៀងមួយមេធំមួយបានហូរមកសង្កត់គ្របពួកគេ។
វីដេអូដែលបង្ហោះតាមបណ្តាញសង្គមបង្ហាញពីទិដ្ឋភាពកម្មករជីករ៉ែប្រញាប់ប្រញាល់រត់ទៅទីខ្ពស់ ដើម្បីគេចពីគំនរសំណល់រ៉ែដ៏ធំ ដែលបានបាក់ធ្លាក់ចូលបឹង និងបង្កើតបានជាល្បាប់ភក់ដែលប្រៀបបាននឹងរកស៊ូណាមិ។
ការបាក់ដីដ៏ប្រល័យតែងកើតមានជារឿយៗ នៅតំបន់ជីកយករ៉ែដែលមិនសូវមានការគ្រប់គ្រងនេះ ហើយដែលតែងទាក់ទាញកម្មករក្រីក្រពីទូទាំងមីយ៉ាន់ម៉ា។ ប៉ុន្តែព្រឹត្តិការណ៍កាលពីថ្ងៃព្រហស្បតិ៍ជាគ្រោះថ្នាក់ធ្ងន់បំផុតមួយ ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ។
ការបាក់ដីមួយនៅឆ្នាំ ២០១៥ បានសម្លាប់មនុស្សប្រមាណ ១០០នាក់ ហើយបាននាំឲ្យមានការអំពាវនាវឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា គ្រប់គ្រងវិស័យជីករ៉ែនេះឲ្យបានល្អជាងមុន៕