ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មន្ត្រី​អាមេរិក​បញ្ជាក់​ថា ​ស.រ.អា.​បន្ត​គាំទ្រ​សាលាក្តីខ្មែរ​ក្រហមទៀត

  • សុខ ខេមរា

សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ជំហរ​របស់​ខ្លួន​ជា​ថ្មី​ទៀត​ថា​ នឹង​គាំទ្រ​ដំណើរការ​នាំ​ខ្លួន​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​មក​កាត់​ទោស​ចំពោះ​អំពើ​ឧក្រិដ្ឋកម្ម​សម័យ​ខ្មែរ​ក្រហម។​ មន្ត្រី​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក​មួយ​រូប​បាន​ចាត់​ទុក​ថា ​ការ​កាត់​ទោស​បទ​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ដែល​គេ​ទន្ទឹង​រង់​ចាំ​ជា​យូរ​មក​នេះ​ គឺ​ជា​គំរូ​សម្រាប់​ពិភពលោក។

សាលាក្តី​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អង្គការ​សហប្រជាជាតិ​បាន​កាត់​ទោស​ជន​ជាប់ចោទ​ពីរ​នាក់ ​គឺ នួន ជា ​និង​ ខៀវ សំផន​ ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិត​ពី​បទ​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ ឬ​ការ​បង្ខំ​ពលរដ្ឋ​ឲ្យ​ចេញ​ពី​លំនៅដ្ឋាន​ និង​ការ​កាប់​សម្លាប់​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០។​ សាលក្រម​ដំបូង​ដែល​កើត​ឡើង​ក្រោយ​រយៈ​ពេល​៣៥​ឆ្នាំ​ ដែល​ដាក់ទោស​មេដឹកនាំ​កំពូល​ដែល​នៅ​មាន​ជីវិត​នេះ​ បាន​ទទួល​ការ​ស្វាគមន៍​ពី​ប្រទេស​ជាច្រើន​និង​ពី​សហរដ្ឋ​អាមេរិក។​ សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ជំហរ​ជា​ថ្មី​ទៀត​ថា ខ្លួន​នៅ​តែ​បន្ត​គាំទ្រ​ដំណើរការ​ស្វែង​រក​យុត្តិធម៌​នេះ។ ​នេះ​ជា​ការ​អះអាង​របស់​លោក​ ស្កត់ ម៉ាស៊ែល ​(Scot Marciel) ​ឧបការី​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ដែល​បាន​ផ្តល់​កិច្ច​សម្ភាសន៍មួយ​ដល់​វីអូអេ​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​ពេល​លោក​បំពេញ​ទស្សនកិច្ច​ដើម្បី​ជួប​ជាមួយ​មន្ត្រី​កម្ពុជា។

លោក Scot Marciel ថ្លែង​ថា៖ «ជា​ការណ៍​ពិត​ឧក្រិដ្ឋកម្ម​ខ្មែរ​ក្រហម​ឃោរឃៅ​ណាស់​ ដែល​ខ្ញុំ​គិត​ថា​ ការ​នាំ​ខ្លួន​ មេដឹកនាំ​ខ្មែរក្រហម​ខ្លះ​មកកាត់​ទោស​គឺ​ជា​រឿង​សំខាន់។​ ជា​ការណ៍​ពិត​ វា​ជា​ ឧទាហរណ៍​ដ៏​សំខាន់​មួយ​សម្រាប់​ពិភពលោក។​ ដូច្នេះ​យើង​រីករាយ​នឹង​បរិចាក​ វិភាគទាន​ដល់​តុលាការ​នេះ ​ហើយ​ជា​ការព៍​ពិត​យើង​ស្វាគមន៍​ចំពោះ​លទ្ធផល​ កើត​ចេញ​ពី​សំណុំ​រឿង​ថ្មីៗ​នេះ​ផង​ដែរ។​ ខ្ញុំ​ដឹង​ថា​ តុលាការ​នេះ​នៅ​បន្ត​ដំណើរការ​ ទៅ​មុខ​ទៀត។​ តែ​យ៉ាង​ហោច​ណាស់​មាន​បទ​ចោទ​មួយ​ឈុត​ត្រូវ​គេ​ជំនុំ​សម្រេច​ចប់​សព្វ​គ្រប់​ហើយ»។

លោក​ ស្តេហ្វេន រ៉ាប់ ​(Stephen Rapp) ​ឯកអគ្គរដ្ឋទូត​គោចរ​ទទួល​បន្ទុក​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៃ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ​បាន​អះអាង​ដែរ​ថា​សាលក្រម​ដាក់​ទោស​ក្នុង​សំណុំ​រឿង​០០២​ វគ្គ​ទី១​នេះ​ ជា​ការ​បង្ហាញ​ពី​ការ​កើត​ឡើង​នៅ​យុត្តិធម៌​ហើយ​ជា​ការ​ផ្ញើ​សារ​ទៅ​កាន់​តំបន់​ដែល​មាន​ការ​កាប់​សម្លាប់​ពលរដ្ឋ​ស៊ីវិល​ក្នុង​តំបន់​អាហ្រ្វិក​និង​តំបន់​ផ្សេង​ទៀត​ក្នុង​ពិភពលោក​ថា​ គ្មាន​នរណា​ម្នាក់​អាច​គេច​វេស​ពី​យុត្តិធម៌​បាន​ទេ។

«ហើយ​ការ​កាត់ទោស​នេះ​ជា​ការ​ផ្តល់​សញ្ញា​សំខាន់​មួយ​ដល់​អ្នក​ណា​ដែល​ ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ទាំង​ឡាយ​ ថា​គេ​នឹង​ជួប​ប្រទះ​នូវ​ផលវិបាក​នានា​ ហើយ​យើង​ សង្ឃឹម​ថា​ ការ​ធ្វើ​ដូច្នេះ​ យើង​នឹង​ទប់ស្កាត់​មិន​ឲ្យ​មនុស្ស​ដទៃ​ទៀត​រង​គ្រោះ​ស្លាប់​ រងគ្រោះ​មហន្តរាយ​ រងគ្រោះ​ថ្នាក់​និង​រងរបួស»។

ទោះ​ជា​តុលាការ​ខ្មែរ​ក្រហម​បាន​កាត់​ទោស​តែ​ជន​ជាប់​ចោទ​ពីរ​នាក់​ដែល​មាន​ វ័យ​ចំណាស់ៗ​ជាង​៨០​ឆ្នាំ ​ហើយ​រង​ការ​រិះគន់​ចំពោះ​ចំនួន​អ្នក​ទទួល​ខុស​ត្រូវ​តិច ​និង​យឺត​ពេល​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ជូន​ពលរដ្ឋ​ខ្មែរ​ជាង​១​លាន៧​សែន​នាក់​ មែន​ តែ​លោក​ម៉ាស៊ែល​បាន​បញ្ជាក់​ជា​ថ្មី ​ពី​ជំហរ​របស់​សហរដ្ឋ​អាមេរិក​លើ​សាលក្រម​ដាក់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ក្នុង​សំណុំ​រឿង​០០២​វគ្គ​ទី១ ​ដោយ​បន្ទរ​តាម​លោក​រដ្ឋមន្ត្រី​ការបរទេស ​ចន ឃែរី ​(John Kerry) របស់​អាមេរិក។

លោក Marciel ថ្លែង​ថា៖ «យើង​ស្វាគមន៍​ខ្លាំង​ណាស់​ ដូច​ដែល​លោក​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ ចន ឃែរី ថ្លែង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ស្វាគមន៍​ចំពោះ​សាលក្រម​អញ្ចឹង។​ យើង​គិត​ថា​ ជា​ថ្មី​ទៀត ​វា​ជា​រឿង​សំខាន់​ក្នុង​ការ​មាន​ការ​ទទួល​ខុសត្រូវ​និង​ទទួល​បាន​យុត្តិធម៌​ក្នុង​ចិត្ត។​ រឿង​នេះ​ស្រេច​លើ​តុលាការ​ដែល​បាន​ចេញ​សាលក្រម​ទេ។​ តែ​យើង​គិត​ថា ​នេះ​ជា​រឿង​ត្រូវ​ស្វាគមន៍»។

លោក​រដ្ឋមន្ត្រី​ការបរទេស​ ចន ឃែរី​ ក្នុង​ឋានៈ​លោក​ជា​សមាជិក​ព្រឹទ្ធសភា​កាល​ពី​ជាង​១០ឆ្នាំ​មុន​នោះ​ ត្រូវ​គេ​ដឹង​ថា​ ជា​អ្នក​ដើរ​តួ​ផ្សះផ្សារ​ឲ្យ​មាន​កិច្ច​ចរចា​ឡើង​វិញ ​បន្ទាប់​ពី​កម្ពុជា​និង​អង្គការ​សហប្រជាជាតិ​ពេល​នោះ​បាន​ទាល់ច្រក​ដោះស្រាយ​មិន​ចេញ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​រូបមន្ត​កាត់ទោស​ខ្មែរក្រហម​ដែល​ត្រូវ​ប្រើប្រាស់​រវាង​ចៅក្រម​ជាតិ​និង​អន្តរជាតិ។

សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ថវិកា​ជាច្រើន​លាន​ដុល្លារ​ជា​បន្តបន្ទាប់​ដល់​សាលាក្តី​ ដោយ​ផ្ទាល់​ឬ​ផ្តល់​ដល់​អង្គការ​សង្គម​ស៊ីវិល​សម្រាប់​ដំណើរការ​កាត់​ទោស​រក​ យុត្តិធម៌​និង​ធ្វើ​កិច្ចការ​ជាមួយ​ជន​រងគ្រោះ​និង​ការ​ស្រាវជ្រាវ​ចាប់​តាំង​ពី​សាលាក្តី​ នេះ​បាន​ព្រម​ព្រៀង​គ្នា​រវាង​ភាគី​កម្ពុជា​និង​អង្គការ​សហប្រជាជាតិ​ ហើយ​ចាប់​ផ្តើម​ការ​កាត់​ទោស​តាំង​ពី​ឆ្នាំ​២០០៦​មក។​ លោក​ ស្កត ម៉ាស៊ែល​ បាន​អះអាង​ថា​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​តែងតែ​ស្វែង​រក​ថវិកា​ជា​ប្រចាំ​ពី​សភា​ដើម្បី​ផ្តល់​ដល់​សាលាក្តី​ខ្មែរក្រហម។

«ដូច​លោក​អ្នក​បាន​ដឹង​ហើយ ​យើង​បាន​ផ្តល់​ការ​គាំទ្រ​ថវិកា​សម្រាប់​កាត់​ទោស​ ជា​ប្រចាំ​តាំង​ពី​សាលាក្តី​នេះ​បង្កើត​ឡើង។​ យើង​ពិត​ជា​ចង់​ឃើញ​តុលាការ​នេះ​ បន្ត​ដំណើរ​ទៅ​មុខ​តែ​យើង​ចាំបាច់​ត្រូវ​ស្វែង​រក​ថវិកា​ពី​សភា​រាល់​ឆ្នាំ។​ ដូច្នេះ​ខ្ញុំ​ មិន​អាច​ផ្តល់​អាត្ថា​ធិប្បាយ​មុន​សភា​ ចំពោះ​ជំនួយ​ដែល​យើង​ត្រូវ​ជួយ​ប៉ុន្មាន​ នោះ​ទេ។​ តែ​យើង​បាន​ផ្តល់​ថវិកា​ជាប់​ជា​ប្រចាំ»។

សាលាក្តី​កាត់ទោស​ខ្មែរក្រហម​គ្រោង​នឹង​ធ្វើ​ការ​កាត់ទោស​សំណុំ​រឿង​០០២​វគ្គ​ទី២ ​ទៀត​ ដែល​មាន​បទចោទ​ជា​ច្រើន​ទៀត​ រួម​ទាំង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ផង​ដែរ​ ដែល​មេដឹកនាំ​ពីរ​រូប​ដដែល​គឺ​ នួន ជា​ បង​ធំ​ទី២​នៃ​របប​ខ្មែរក្រហម​ និង​ ខៀវ សំផន​ ប្រមុខរដ្ឋ​ត្រូវ​ប្រឈម​មុខ។​ ក្រុម​អ្នក​វិភាគ​រំពឹង​ថា​នៅ​ពេល​ខាង​មុខ ​ការ​កាត់​ទោស​សំណុំរឿង​វគ្គ​ថ្មី​ ជាមួយ​នឹង​បទ​ចោទ​សំខាន់ៗ​រឿង​ ប្រល័យ​ពូជសាសន៍​ លើ​ជនជាតិ​ចាម​និង​វៀតណាម​ផង​នោះ​ នឹង​ផ្តល់​យុត្តិធម៌​ ក្នុង​ចិត្ត​បន្ថែម​ទៀត​ ហើយ​បើក​ឲ្យ​ឃើញ​ការណ៍​ពិត​ថែម​ទៀត​ផង​ដែរ៕

XS
SM
MD
LG