ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ផ្តល់​ជំនួយ​រហូត​ដល់​២៥០​លាន​ដុល្លារ​ថែម​ទៀត​ឱ្យ​អ៊ុយក្រែន


រូបឯកសារ៖ រ៉ុក្កែតសម្រាប់យានបាញ់មីស៊ីល HIMARS របស់អាមេរិក បាញ់មីស៊ីល​មួយគ្រាប់ អំឡុងពេលធ្វើសមយុទ្ធយោធារួមគ្នានៅ​ស្ថានីយ៍កងទ័ពជើងទឹក​ហ្វីលីពីន នៅ​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។ អាមេរិក​កំពុងផ្តល់ជំនួយ​យោធាថែមទៀត​ដល់អ៊ុយក្រែន​ក្នុងកញ្ចប់​ដែល​រួមបញ្ចូល​រ៉ុក្កែតជាច្រើនទៀត​សម្រាប់ HIMARS។
រូបឯកសារ៖ រ៉ុក្កែតសម្រាប់យានបាញ់មីស៊ីល HIMARS របស់អាមេរិក បាញ់មីស៊ីល​មួយគ្រាប់ អំឡុងពេលធ្វើសមយុទ្ធយោធារួមគ្នានៅ​ស្ថានីយ៍កងទ័ពជើងទឹក​ហ្វីលីពីន នៅ​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។ អាមេរិក​កំពុងផ្តល់ជំនួយ​យោធាថែមទៀត​ដល់អ៊ុយក្រែន​ក្នុងកញ្ចប់​ដែល​រួមបញ្ចូល​រ៉ុក្កែតជាច្រើនទៀត​សម្រាប់ HIMARS។

សហរដ្ឋ​អាមេរិក​ផ្តល់​ជំនួយ​យោធា​រហូត​ដល់​២៥០លាន​ដុល្លារ​ថែមទៀតឱ្យ​អ៊ុយក្រែនក្នុង​កញ្ចប់​ជំនួយ​មួយដែល​មាន​រួម​មាន​រ៉ុក្កែតថែម​ទៀត​សម្រាប់​យាន​បាញ់​មីស៊ីល HIMARS និង​ AIM-9M Sidewinder ដែល​អាច​ត្រូវ​ប្រើ​ដើម្បី​ការពារដែនអាកាស​អ៊ុយក្រែន។

នេះ​ជាលើក​ដំបូង​ហើយដែល​សហរដ្ឋ​អាមេរិកផ្តល់​ឱ្យ​អ៊ុយក្រែន​នូវ​មីស៊ីល​ Sidewinders ដែល​អាច​ត្រូវ​ប្រើ​សម្រាប់​ការ​វាយប្រហារ​ចម្ងាយ​ខ្លីនិង​ការ​វាយប្រហារពី​អាកាស​ទៅ​អាកាស។

ជំនួយ​នេះក៏​មាន​រួម​បញ្ចូល​ដែរ​នូវឧបករណ៍សម្អាត​មីន​និង​អាវុធ​ប្រឆាំង​រថក្រោះដូច​ជា​មីស៊ីល​ធុន TOW និង​ Javelins បាញ់​ដាក់​លើ​ស្មា​ជា​ដើម។

កញ្ចប់​ជំនួយថ្មី​បំផុត​នេះ​ជា​ការ​យក​យុទ្ធោបករណ៍អនុញ្ញាត​ដោយ​ប្រធានាធិបតី​លើក​ទី​៤៥ ពី​បញ្ជី​សារពើភ័ណ្ឌក្រសួង​ការពារជាតិ​ ចាប់​តាំង​ពី​រុស្ស៊ី​បានលុកលុយ​អ៊ុយក្រែន​កាលពី​ខែកុម្ភៈ២០២២​មក។

នៅ​ពេល​នេះ​ទៀត ​ប្រព័ន្ធ​មីស៊ីល​កលយុទ្ធមានចម្ងាយ​ឆ្ងាយ​នៃ​កងទ័ព​ជើងគោក​ដែល​គេ​ស្គាល់​ថា ATACMS មិនឋិត​ក្នុង​កញ្ចប់​ជំនួយ​នេះ​ទេ ដែល​នាំ​ឱ្យ​មាន​ការ​រិះគន់​ពី​ពួក​អ្នកវិភាគដូចជា​ឧត្តមសេនីយ៍​ឯក​ចូលនិវត្តន៍ លោក ​Ben Hodges ដែល​បាន​បម្រើការ​ជា​ឧត្តមសេនីយ៍​បញ្ជាការ​កងកម្លាំងសហរដ្ឋ​អាមេរិក​នៅ​អឺរ៉ុប​ពី​ឆ្នាំ២០១៤​ដល់​ឆ្នាំ​២០១៧។​

លោក Hodges បាន​និយាយ​ប្រាប់​វីអូអេ​កាលពី​ថ្ងៃអង្គារថា៖ «ជា​អកុសល​ជនជាតិ​អ៊ុយក្រែននឹង​បន្តរងទុក្ខ​វេទនា​ច្រើន​ត​ទៅទៀតពីព្រោះ យើង​ គឺក្រុម​បស្ចិមប្រទេស​ មិនបាន​ផ្តល់​សមត្ថភាពដែល​ពួក​គេ​ត្រូវការ។ ហើយ ខ្ញុំ​និយាយ​ជា​ពិសេស​អំពី​អាវុធ​សម្រាប់​បាញ់​ចំ​ទីដៅ​នៅ​ចម្ងាយ​ឆ្ងាយ‍»។​

រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​ចាប់​ផ្តើមធ្វើការ​វាយលុក​ជា​ថ្មី​ក្នុង​អ៊ុយក្រែន​នៅ​ដើម​ឆ្នាំនេះ ដែល​បាន​គាំង​ដំណើរ។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ចាត់​ទុកការ​វាយបក​នៅ​ពេល​នេះ​ប្រឆាំង​នឹង​កងកម្លាំង​រុស្ស៊ីថា​ យឺត តែ​គ្មានការ​ប្រែ​ប្រួល ដោយ​កងកម្លាំង​អ៊ុយក្រែន​បាន​បញ្ចូល​ក្រុមទាហានបម្រុងនិង​បាន​វាយទម្លាយខ្សែ​បន្ទាត់​ការពារ​របស់កងកម្លាំង​រុស្ស៊ី​នៅតំបន់ឦសានកាល​ពីដើម​ខែ​នេះ។

អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​សហរដ្ឋ​អាមេរិក​ឧត្តមសេនីយ៍ទោ​លោក Pat Ryder បាន​និយាយ​ប្រាប់​វីអូអេ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយនៅ​ក្រសួង​ការពារជាតិ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​មុន​ថា៖ «អ៊ុយក្រែន​នៅ​តែ​វាយ​ប្រហារ​លើ​កងទ័ពរុស្ស៊ី​ត​ទៅ​ទៀត។ ពួកគេ​បាន​ធ្វើ​ឱ្យ​មានការជឿនលឿននៅ​សមរភូមិ​ជួរមុខ តែនឹង​មាន​ការលំបាក​ច្រើន»៕

XS
SM
MD
LG