រុស្ស៊ីបាននិយាយនៅព្រឹកថ្ងៃសុក្រនេះថា ខ្លួនបាញ់ទម្លាក់យន្តហោះដ្រូនជាច្រើនគ្រឿង ដែលធ្វើសកម្មភាពចេញពីប្រទេសអ៊ុយក្រែន។ ក្រសួងការពារជាតិរុស្ស៊ីនិយាយថា យន្តហោះដ្រូនចំនួន៤២គ្រឿងរបស់អ៊ុយក្រែន ត្រូវបានបាញ់បំផ្លាញលើតំបន់ Crimea ដោយ៩គ្រឿង ដោយកងកម្លាំងការពារដែនអាកាសរុស្ស៊ី និង៣៣គ្រឿងទៀតដោយប្រព័ន្ធបញ្ជាសង្គ្រាមអេឡិចត្រូនិក។ តំបន់ Crimea ត្រូវបានដាក់បញ្ជូលជាផ្នែកមួយនៃទឹកដីរបស់រុស្ស៊ីកាលឆ្នាំ២០១៤។ គេនៅមិនទាន់ឃើញមានសេចក្តីរាយការណ៍ភ្លាមៗណាមួយស្តីពីការបាត់បង់ជីវិតដោយសារការបាញ់ទម្លាក់ដ្រូននេះនៅឡើយទេ។
ទន្ទឹមនឹងនោះដែរ ក្រសួងការពារជាតិសហរដ្ឋអាមេរិកនិយាយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា ខ្លួននឹងហ្វឹកហ្វឺនកងកម្លាំងអ៊ុយក្រែន ឱ្យចេះពីរបៀបនៃការបង្ហោះដ្រូន ក៏ដូចជាការថែរក្សាជួសជុលយន្តហោះប្រយុទ្ធ F-16 របស់អាមេរិកផងដែរ។
ក្រសួងការពារជាតិអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបណ្តុះបណ្តាលនេះ នឹងត្រូវធ្វើឡើងនៅមូលដ្ឋានឆ្មាំអាកាសជាតិ Morris Air ក្នុងទីក្រុង Tucson រដ្ឋ Arizona ហើយត្រូវសម្របសម្រួលដោយកងទី162nd Wing នៃអង្គភាពឆ្មាំអាកាសជាតិ។
អ្នកនាំពាក្យក្រសួងការពារជាតិសហរដ្ឋអាមេរិក លោកឧត្តមសេនីយ៍ត្រីទ័ពអាកាស Pat Ryder បាននិយាយថា ការបណ្តុះបណ្តាលដោយសហរដ្ឋអាមេរិកនេះ «គឺជាការគាំទ្រមួយដល់កិច្ចប្រឹងប្រែងអន្តរជាតិ ក៏ដូចជាការពង្រឹងការពាររយៈពេលយូរអង្វែងរបស់អ៊ុយក្រែនផងដែរ»។
ការហ្វឹកហ្វឺនអនុវត្តនេះនឹងត្រូវចាប់ផ្តើមឡើងក្នុងខែតុលាខាងមុខនេះ ក្រោយពីកងកម្លាំងអ៊ុយក្រែន បញ្ចប់វគ្គសិក្សាភាសាអង់គ្លេសមួយ ដែលនឹងត្រូវចាប់ផ្តើមធ្វើនៅខែកញ្ញានេះ៕