ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​ថា រុស្ស៊ី​វាយ​ប្រហារ​លើ​អគារ​នៅ​កំពង់ផែ​តំបន់ Odesa


​ឃ្លាំង​ស្រូវ​​មួយ​កន្លែង​នៅ​ទីក្រុង Odesa ប្រទេស​អ៊ុយក្រែន ​ត្រូវ​គេ​ឃើញ​រង​ការ​ខូចខាត​ពី​ការ​វាយប្រហារ​​ពី​រុស្ស៊ី​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២៣។ (Odesa authorities/via Reuters)
​ឃ្លាំង​ស្រូវ​​មួយ​កន្លែង​នៅ​ទីក្រុង Odesa ប្រទេស​អ៊ុយក្រែន ​ត្រូវ​គេ​ឃើញ​រង​ការ​ខូចខាត​ពី​ការ​វាយប្រហារ​​ពី​រុស្ស៊ី​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២៣។ (Odesa authorities/via Reuters)

មន្ត្រី​អ៊ុយក្រែន​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា រុស្ស៊ី​បាន​វាយ​ប្រហារ​តាម​អាកាស​កាលពី​យប់​មិញសំដៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​កំពង់ផែ​នៅ​ក្នុង​តំបន់ Odesa។

មន្ត្រី​អ៊ុយក្រែន​បាន​បន្ថែម​ថា រុស្ស៊ី​បាន​ប្រើ​ដ្រូន​នៅ​ក្នុង​ការ​វាយ​ប្រហារ​លើ​កំពង់ផែ​នៅ​ទន្លេ Danube។

អភិបាល​តំបន់ Odesa លោក Oleh Kiper បាន​បញ្ជាក់​តាម Telegram ថា អគារ​ផលិតកម្ម​និង​អគារ​ដឹក​ជញ្ជូន​ទំនិញ​បាន​រង​ការ​វាយ​ប្រហារ និង​ថា​ឃ្លាំង​ស្រូវ​បាន​រង​ការ​ខូចខាត។

លោក Kiper បាន​បន្ថែម​ថា មិន​មាន​ជន​ស៊ីវិល​ណា​ម្នាក់​ស្លាប់​ឬ​ក៏​រង​របួស​នោះ​ទេ។

ឧបនាយក​រដ្ឋមន្ត្រី​អ៊ុយក្រែន​លោក Oleksandr Kubrakov​ បាន​និយាយ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថា ​គ្រាប់ធញ្ញជាតិ​នោះ​ត្រូវ​បាន​បម្រុងទុក​សម្រាប់​អេហ្ស៊ីប ​និង​រ៉ូម៉ានី។

លោក​Kubrakov ​បាន​និយាយ​ថា ​ការវាយប្រហារ​នេះ​បាន​ធ្វើឱ្យ​ខូចខាត​ដល់​ស្ថានីយ​ និង​ឃ្លាំង​គ្រាប់ធញ្ញជាតិ​ជាច្រើន ​ហើយ​វា​បាន​កាត់បន្ថយ​សមត្ថភាព​នាំចេញ​របស់​កំពង់ផែ​នេះ​ចំនួន​១៥%។

យោធា​អ៊ុយក្រែន​បាន​លើកឡើង​ថា រុស្ស៊ី​បាន​ប្រើ​ដ្រូន ២០ គ្រឿង​វាយ​ប្រហារ​លើ​អ៊ុយក្រែន​កាលពី​យប់​ និង​ថា​ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​អ៊ុយក្រែន​អាច​បាញ់​ទម្លាក់​ដ្រូន​ទាំង​នោះ​ចំនួន ៩ គ្រឿង​ដែល​ហោះ​កាត់​ពី​លើ​តំបន់ Odesa និង​ដ្រូន ២ គ្រឿង​ទៀត​នៅ​តំបន់ Zaporizhzhia។

អាជ្ញាធរ​រុស្ស៊ី​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ការ​វាយ​ប្រហារ​ដោយ​ដ្រូន​របស់​អ៊ុយក្រែន​បាន​សម្លាប់​មនុស្ស ៣ នាក់​នៅ​ក្នុង​តំបន់ Belgorod ដែល​ស្ថិត​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។

រុស្ស៊ី​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ដ្រូន​របស់​អ៊ុយក្រែន​មួយ​គ្រឿង​បាន​ធ្លាក់​ចំ​អគារ​មួយ​កន្លែង​នៅ​កណ្ដាល​ក្រុង​មូស្គូ បន្ទាប់ពី​ត្រូវ​បាន​ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​រុស្ស៊ី​បាញ់​ទម្លាក់​មក។
អភិបាល​ក្រុង​មូស្គូ​លោក Sergey Sobyanin បាន​និយាយ​ថា អគារ​នោះ​កំពុង​ដំណើរ​ការ​សាងសង់​និង​ថា​មិន​មាន​ករណី​ស្លាប់​ឬ​ក៏​រង​របួស​ណា​មួយ​ទេ៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង​ Reuters។

XS
SM
MD
LG