សហរដ្ឋអាមេរិកនឹងផ្ដល់ជំនួយយោធាថ្មីចំនួន៣០០ លានដុល្លារបន្ថែមទៀតដល់ប្រទេសអ៊ុយក្រែន ដែលកញ្ចប់ជំនួយថ្មីនេះត្រូវគេរំពឹងថានឹងរួមបញ្ចូលគ្រាប់សម្រាប់ប្រព័ន្ធការពារដែនអាកាស Patroit របស់អ៊ុយក្រែនផងដែរ។ នេះបើតាមការលើកឡើងរបស់មន្ត្រីការពារជាតិអាមេរិកាំងដែលថ្លែងប្រាប់ VOA។
មន្ត្រីការពារជាតិអាមេរិកាំងដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះមុនពេលដែលកញ្ចប់ជំនួយថ្មីនេះនឹងត្រូវប្រកាសនៅថ្ងៃពុធនេះ បាននិយាយថា កញ្ចប់ជំនួយនេះក៏រួមមានគ្រាប់រ៉ុក្កែតសម្រាប់ប្រព័ន្ធរ៉ុក្កែត HIMARS គ្រាប់រថក្រោះ និងសព្វាវុធកម្ទេចរថពាសដែកផងដែរ សម្រាប់ផ្ដល់ជូនអ៊ុយក្រែនមុនពេលអ៊ុយក្រែនគ្រោងធ្វើការវាយបកនឹងរុស្ស៊ី។
គ្រាប់រ៉ុក្កែត Zuni រាងដូចយន្តហោះដែលគ្មានការបញ្ជា និងមីស៊ីល AIM-7 បាញ់ពីអាកាសដែលបញ្ជាដោយរ៉ាដា ក៏ស្ថិតក្នុងកញ្ចប់ជំនួយថ្មីនេះដែរសម្រាប់ផ្ដល់ការគាំទ្រផ្លូវអាកាសដល់អ៊ុយក្រែន ហើយប្រព័ន្ធការពារដែនអាកាស Avenger និងប្រព័ន្ធមីស៊ីលបាញ់ពីដីទៅអាកាស Stinger ក៏ស្ថិតក្នុងកញ្ចប់ជំនួយនេះដែរ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីការពារជាតិអាមេរិកនោះ។
នៅពេលដែលកញ្ចប់ជំនួយនេះត្រូវបានប្រកាស វានឹងក្លាយជាការដកអាវុធយុទ្ធភណ្ឌពីបញ្ជីសារពើភណ្ឌរបស់ក្រសួងការពារជាតិអាមេរិកលើកទី ៣៩ ដែលអនុញ្ញាតដោយប្រធានាធិបតី តាំងពីពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២ មក។
កញ្ចប់ជំនួយថ្មីនេះលេចឡើង នៅចំពេលដែលទាហានអ៊ុយក្រែនប្រហែល ២០០ នាក់បានចាប់ផ្ដើមហ្វឹកហាត់រួមលើការប្រើរថក្រោះ Abrams ប្រភេទ M1A1 នៅក្នុងប្រទេសអាល្លឺម៉ង់។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់យោធាសហរដ្ឋអាមេរិកនៅទ្វីបអឺរ៉ុប។
ទាហានអ៊ុយក្រែន ២០០ នាក់ទៀតកំពុងហ្វឹកហាត់លើការធ្វើប្រតិបត្តិការចាក់សាំងរថក្រោះនិងការថែទាំរថក្រោះ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍នេះ។
ទាហានអ៊ុយក្រែននឹងហ្វឹកហាត់ប្រើរថក្រោះ Abrams ចំនួន ៣១ គ្រឿង ដែលត្រូវបានបញ្ជូនមកដល់ប្រទេសអាល្លឺម៉ង់កាលពីដើមខែនេះ។ មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា រថក្រោះ Abrams ប្រភេទ M1A1 ចំនួន ៣១ គ្រឿងទៀតកំពុងត្រូវបានកែច្នៃឡើងវិញនៅសហរដ្ឋអាមេរិកហើយនឹងត្រូវបញ្ជូនឱ្យអ៊ុយក្រែននៅត្រឹមរដូវស្លឹកឈើជ្រុះខាងមុខនេះ៕