ប្រទេសរុស្ស៊ីបានធ្វើនូវអ្វីដែលមន្ត្រីអ៊ុយក្រែនបានហៅថាជា«ការវាយប្រហារខ្លាំងក្លា» នៅព្រឹកថ្ងៃអង្គារនេះសំដៅលើទីក្រុងកៀវដោយប្រើដ្រូនជាង ២០ គ្រឿងដែលផ្នែកការពារដែនអាកាសរបស់អ៊ុយក្រែនបានបាញ់ទម្លាក់។
លោក Serhiy Popko ប្រធានរដ្ឋបាលយោធាទីក្រុងកៀវ បានបញ្ជាក់តាម Telegram ថា បន្ទាប់ពីរុស្ស៊ីបានវាយប្រហារតាមអាកាសដោយប្រើដ្រូននិងមីស៊ីលអស់រយៈពេលប៉ុន្មានថ្ងៃមក រុស្ស៊ីបានប្រើតែដ្រូន Shahed ផលិតនៅប្រទេសអ៊ីរ៉ង់ប៉ុណ្ណោះសម្រាប់ការវាយប្រហាររបស់ខ្លួននៅថ្ងៃអង្គារនេះ ដែលជាការវាយប្រហារលើកទី ១៧ របស់ខ្លួនលើទីក្រុងកៀវនៅក្នុងខែឧសភានេះ។
អ៊ុយក្រែនបានលើកឡើងអំពីជ័យជម្នះម្ដងហើយម្ដងទៀតនៅក្នុងការបាញ់ទម្លាក់ដ្រូននិងមីស៊ីលភាគច្រើនដែលរុស្ស៊ីបានបាញ់មកលើទីក្រុងកៀវ ប៉ុន្តែជារឿយៗបំណែកបាក់បែកនៃដ្រូននិងមីស៊ីលដែលត្រូវបានបាញ់ទម្លាក់ទាំងនោះបានធ្លាក់ចំអគារនានានៅលើដី។
លោក Popko បាននិយាយថា កម្ទេចកំទីបាក់បែកនៃដ្រូនរបស់រុស្ស៊ីដែលអ៊ុយក្រែនបានបាញ់ទម្លាក់នៅថ្ងៃអង្គារនេះបានធ្លាក់ចំអគារស្នាក់នៅមួយកន្លែងនិងបង្កឱ្យមានភ្លើងឆេះ ដោយសម្លាប់មនុស្សយ៉ាងតិចម្នាក់និងធ្វើឱ្យមនុស្ស ៣ នាក់ទៀតរងរបួស។ លោកបានបន្ថែមថា កម្ទេចកំទីបាក់បែកបន្ថែមទៀតបានបំផ្លាញរថយន្តមួយចំនួននិងផ្ទះមួយខ្នងនៅផ្នែកផ្សេងៗទៀតនៃទីក្រុងកៀវ។
កងទ័ពរុស្ស៊ីបានដៅយកទីក្រុងកៀវជាទិសដៅដើម្បីវាយប្រហារខ្លាំងក្លានៅមុនការវាយបកដែលគ្រោងទុករបស់អ៊ុយក្រែនធ្វើឡើង។ ថ្នាក់ដឹកនាំអ៊ុយក្រែនបានបញ្ជាក់ថា ការវាយបកដែលគ្រោងទុកនេះគឺដើម្បីដណ្ដើមមកវិញនូវដែនដីដែលរុស្ស៊ីបានដណ្ដើមយកនៅតំបន់ភាគខាងកើតអ៊ុយក្រែនតាំងពីពេលដែលរុស្ស៊ីបានធ្វើការឈ្លានពានពេញទំហឹងលើអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំ ២០២២ មក។
នៅប្រទេសរុស្ស៊ីវិញ អភិបាលរដ្ឋធានីមូស្គូលោក Sergei Sobyanin បាននិយាយថា ក្នុងអំឡុងការវាយប្រហារលើទីក្រុងមូស្គូនៅថ្ងៃអង្គារនេះ ដ្រូនបានធ្វើឱ្យមានការខូចខាតតិចតួចលើអគារមួយចំនួន ប៉ុន្តែមិនមានករណីរងរបួសធ្ងន់ធ្ងរណាមួយទេ។
លោក Sobyanin បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ការវាយប្រហារនេះបានកើតឡើងនៅពេលថ្ងៃរះ និងថាអ្នករស់នៅក្នុងអគារពីរខ្នងត្រូវបានជម្លៀសចេញ៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានផ្ដល់ជូនដោយទីភ្នាក់ងារសារព័ត៌មាន AP, Reuters និង AFP។