កងទ័ពរុស្ស៊ីបានបាញ់ទម្លាក់ដ្រូន «ជាច្រើនគ្រឿង» នៅក្នុងតំបន់ Belgorod នៅភាគខាងត្បូងប្រទេសរុស្ស៊ី ក្នុងពេលមួយថ្ងៃក្រោយមកបន្ទាប់ពីរុស្ស៊ីបានប្រកាសថាកងទ័ពរបស់ខ្លួនបានកម្ទេចការសម្រុកវាយប្រហារឆ្លងព្រំដែនរបស់អ៊ុយក្រែននៅក្នុងតំបន់នោះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP ដែលយោងលើការបញ្ជាក់របស់មន្ត្រីមូលដ្ឋានម្នាក់នៅថ្ងៃពុធនេះ។
ដ្រូនទាំងនេះត្រូវបានបាញ់ទម្លាក់កាលពីយប់ថ្ងៃពុធនៅក្នុងតំបន់ Belgorod។ នេះបើតាមការបញ្ជាក់របស់អភិបាលតំបន់ Belgorod លោក Vyacheslav Gladkov តាម Telegram។ លោកបាននិយាយថា មិនមាននរណាម្នាក់រងរបួសនោះទេ ប៉ុន្តែអគាររដ្ឋបាល អគារស្នាក់នៅ និងរថយន្តមួយចំនួនបានរងការខូចខាត។
មន្ត្រីអ៊ុយក្រែនមិនបានធ្វើអត្ថាធិប្បាយណាមួយភ្លាមៗអំពីរឿងនេះទេ។
រុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃអង្គារថា ខ្លួនបានរុញច្រានទៅវិញនូវការវាយប្រហារឆ្លងព្រំដែនដ៏ខ្លាំងក្លាបំផុតមួយនៅក្នុងសង្គ្រាមនេះ ដោយក្រសួងការពាររុស្ស៊ីបានលើកឡើងថា អ្នកវាយប្រហារជាង ៧០ នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធនៅតំបន់ Belgorod នោះ ដែលមានរយៈពេលប្រហែល ២៤ ម៉ោង។ ក្រសួងនេះមិនបានបញ្ជាក់អំពីការស្លាប់ឬរងរបួសណាមួយរបស់ភាគីរុស្ស៊ីនៅក្នុងការប្រយុទ្ធនេះទេ។
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov បាននិយាយថា ទាហានមូលដ្ឋាន ការវាយប្រហារតាមអាកាស និងការវាយប្រហារដោយកាំភ្លើងធំបានធ្វើឱ្យអ្នកវាយប្រហារទាំងនោះរត់ខ្ចាត់ខ្ចាយត្រឡប់ទៅវិញ។
អាជ្ញាធរថា ជនស៊ីវិល ១២ នាក់នៅក្នុងតំបន់នោះបានរងរបួសនៅក្នុងការវាយប្រហារនេះ ហើយស្ត្រីវ័យចំណាស់ម្នាក់បានស្លាប់ក្នុងអំឡុងពេលជម្លៀស។
សេចក្ដីលម្អិតអំពីហេតុការណ៍នៅក្នុងតំបន់ Belgorod នេះគឺនៅមិនទាន់ច្បាស់នៅឡើយ។ តំបន់នេះស្ថិតនៅចម្ងាយប្រមាណ ៨០ គីឡូម៉ែត្រភាគខាងជើងទីក្រុង Kharkiv នៅភាគខាងកើតប្រទេសអ៊ុយក្រែន និងស្ថិតនៅឆ្ងាយពីសមរភូមិជួរមុខនៃសង្គ្រាម។
រុស្ស៊ីបានបន្ទោសក្រុមអ្នកបំផ្លិចបំផ្លាញយោធាអ៊ុយក្រែនថាជាអ្នកធ្វើការលុកលុយនេះដែលបានចាប់ផ្ដើមកាលពីថ្ងៃចន្ទ។ រីឯអ៊ុយក្រែនវិញបានហៅហេតុការណ៍នេះថាជាការបះបោររបស់បក្ខពួករុស្ស៊ីដែលប្រឆាំងនឹងរដ្ឋាភិបាលរុស្ស៊ី។ ការស្វែងរកចំណុចកណ្ដាលនៃការលើកឡើងផ្សេងគ្នាទាំងពីរនេះគឺមិនអាចទៅរួចនោះទេ ដើម្បីបញ្ជាក់ឱ្យបានច្បាស់ថាអ្នកណាដែលស្ថិតនៅពីក្រោយការវាយប្រហារនេះ៕