ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​អ៊ុយក្រែន​អរគុណ​កម្ពុជា​សាជាថ្មី


រូបឯកសារ៖ ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ថ្លែង​ក្នុង​អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​នៃ​ក្រុម​ប្រទេស​ទាំង​ប្រាំពីរ G-7 នៅ​ក្នុង​ទីក្រុង Hiroshima ភាគ​ខាងលិច​ប្រទេស​ជប៉ុន កាលពី​ថ្ងៃ​អាទិត្យ ទី២១ ខែ​ឧសភា ឆ្នាំ២០២៣។
រូបឯកសារ៖ ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ថ្លែង​ក្នុង​អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​នៃ​ក្រុម​ប្រទេស​ទាំង​ប្រាំពីរ G-7 នៅ​ក្នុង​ទីក្រុង Hiroshima ភាគ​ខាងលិច​ប្រទេស​ជប៉ុន កាលពី​ថ្ងៃ​អាទិត្យ ទី២១ ខែ​ឧសភា ឆ្នាំ២០២៣។

នៅ​ក្នុង​ជំនួប​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ជាមួយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​ប្រធានាធិបតី​ប្រទេស​អ៊ុយ​ក្រែន ​លោក​ Volodymyr Zelenskyy ​បាន​អរគុណ​កម្ពុជា​សាជា​ថ្មី​ចំពោះ​ការ​កាន់​ជំហរ​គាំទ្រ​អ៊ុយក្រែន ​និង​ការ​ផ្តល់ជំនួយ​មនុស្ស​ធម៌​នៅ​ក្នុង​ការ​បណ្តុះ​បណ្តាល​អ្នក​ដោះមីន​អ៊ុយក្រែន​កាល​ពី​ពេល​កន្លង​ទៅ។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ ជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ និង​លោក​ប្រធានាធិបតី​អ៊ុយក្រែន​ធ្វើ​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ កាល​ពី​ថ្ងៃទី​២៩ ​ខែ​ឧសភា​ ឆ្នាំ​២០២៣​ តាម​ការ​ស្នើ​សុំ​របស់​ប្រធានាធិបតី​អ៊ុយក្រែន។​ នេះ​គឺ​ជា​ជំនួប​តាម​ទូរស័ព្ទ​លើក​ទី​២​ហើយ​រវាង​ថ្នាក់​ដឹកនាំ​ទាំង​ពីរ។​

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បន្ថែម​ថា​ នៅ​ក្នុង​ជំនួប​នោះ​ លោក ​ហ៊ុន សែន​ បាន​លើក​ឡើង​ពី​សារៈ​សំខាន់​នៃ​ការ​ស្វែង​រក​កិច្ច​សន្ទនា​តាមមធ្យោ​បាយ​ជាក់ស្តែង​ដើម្បី​បញ្ចប់​សង្គ្រាម​ ដើម្បីនាំ​ប្រជា​ពលរដ្ឋ​ចេញ​ពី​សេចក្តី​ទុក្ខ។​

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា៖ ​«សម្តេច​តេជោ​បាន​គូស​បញ្ជាក់​ពី​គោលជំហរ​ជា​គោល​ការណ៍​របស់​កម្ពុជា​ចំពោះសង្គ្រាម​នៅ​អ៊ុយក្រែន។ ​កម្ពុជា​គោរព ​និង​កាន់​ខ្ជាប់​យ៉ាង​ម៉ឺង​មាត់​តាម​ធម្មនុញ្ញ​អង្គ​ការសហ​ប្រជាជាតិ ​និង​ច្បាប់​អន្តរ​ជាតិ»។​

ក្រៅ​ពីនេះ​ លោក ​ហ៊ុន សែន​ ក៏​បាន​ប្រកាស​គាំទ្រ​ប្រទេស​អ៊ុយក្រែន​នៅ​ក្នុង​ការ​ចូល​ជា​ដៃ​គូ​សន្ទនា​តាម​វិស័យ​របស់​អង្គការ​តំបន់​អាស៊ាន​ផង​ដែរ៕

XS
SM
MD
LG