ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​មន្ត្រី​សហរដ្ឋ​អាមេរិក​មិន​អាច​អនុវត្ត​គោលនយោបាយ​ដែល​គ្មាន​ការ​លើក​លែង ចំពោះ​ក្រុម​គ្រួសារ​អន្តោប្រវេសន៍​បាន​ឡើយ


ក្រុម​គ្រួសារ​ពី​ប្រទេស​ម៉ិកស៊ិក​ ដែល​រត់​គេច​ពី​អំពើ​ហិង្សា​ដើរ​សំដៅ​ទៅ​សហរដ្ឋ​អាមេរិក ដើម្បី​ជួប​មន្ត្រី​នៅ​​ទី​ភ្នាក់ងារ​គយ និង​ការ​ពារ​ព្រំ​ដែន ដើម្បី​ដាក់​ពាក្យ​ស្នើ​សុំ​សិទ្ធិ​​ជា​ជន​ភៀស​ខ្លួន​ នៅ​ក្រុង Ciudad Juarez កាល​ពី​ថ្ងៃ​ទី​២០ មិថុនា ២០១៨។

មន្រ្តី​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​ការ​អនុវត្ត​ច្បាប់​ព្រំ​ដែន កាល​ពី​ថ្ងៃ​ចន្ទ បាន​ទទួល​ស្គាល់​ថា អាជ្ញា​ធរ​មិន​អាច​អនុវត្ត​គោល​នយោបាយ​ដែល​គ្មាន​ការ​លើក​លែង​របស់​រដ្ឋបាល​លោក ត្រាំ​ ស្តី​ពី​ការ​ឃុំ​ខ្លួន​និង​កាត់​ទោស​ជន​ណា​ដែល​ចូល​មក​សហរដ្ឋ​អាមេរិក​ដោយ​ខុស​ច្បាប់​បាន​ឡើយ ខណៈ​ពេល​ដែល​មន្ត្រី​រដ្ឋាភិបាល​កំពុង​រៀប​ចំ​គោល​នយោបាយ​មួយ ដែល​នឹង​អនុញ្ញាត្ត​ឲ្យ​មាន​ការ​កាត់​ទោស​ដោយ​មិន​ចាំ​បាច់​បំបែក​ក្រុម​គ្រួសារ។

លោក​ Kevin McAleenan ឧត្តម​ស្នង​ការ​ជាន់​ខ្ពស់​ប្រ​ចាំ​ទី​ភ្នាក់ងារ​គយ និង​ការ​ពារ​ព្រំ​ដែន បាន​ប្រាប់​អ្នកយក​ព័ត៌មាន​នៅ​ក្នុង​រដ្ឋ Texas ​ថា​ លោក​បាន​បញ្ឈប់​ការ​បញ្ជូន​សំណុំ​រឿង​ឪពុក​ម្តាយ​ដែល​ចូល​មក​សហរដ្ឋ​អាមេរិក​ដោយ​ខុស​ច្បាប់​ទៅ​ឲ្យ​រដ្ឋ​អាជ្ញា​ទៀត​ហើយ បន្ទាប់​ពី​ប្រធានា​ធិប​តី ដូណាល់ ត្រាំ​ បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​នីតិ​ប្រតិបត្តិ​មួយ​កាល​ពីសប្តាហ៍​មុន ក្នុង​គោល​បំណង​បញ្ឈប់​ការ​បំបែក​ជន​អន្តោ​ប្រវេសន៍​ពី​កូនៗ​របស់​ពួក​គេ។

លោក ​McAleenan បាន​ទទូច​ចង់​ឲ្យ​គោល​នយោបាយ​រដ្ឋ​បាល​មួយ​នេះ នៅ​តែ​មាន​ប្រសិទ្ធភាព បើ​ទោះ​បី​ជា​ជួប​ឧបសគ្គ​មួយ​ចំនួន​ក៏​ដោយ ហើយ​លោក​បាន​និយាយ​ថា​លោក​កំពុង​រៀប​ចំ​ផែន​ការ​ដើម្បី​ឲ្យ​មាន​ការ​កាត់​ទោស​ឡើង​វិញ។

កាល​ពី​សប្តាហ៍​មុន លោក ត្រាំ​ បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជានីតិ​ប្រតិ​បត្តិ​មួយ​ដើម្បី​រក្សា​ទុក​គោលនយោ​បាយ​ដែល​គ្មាន​ការ​លើក​លែង​របស់​លោក ស្តី​ពី​ការ​ឃុំ​ខ្លួន និង​កាត់​ទោស​ដល់​ជន​ណា​ដែល​ឆ្លង​ដែន​ចូល​សហរដ្ឋ​អាមេរិក​ដោយ​ខុស​ច្បាប់ ក៏​ប៉ុន្តែ​បាន​បញ្ឈប់​ការ​បំបែក​ជន​អន្តោ​ប្រវេសន៍ និង​កូនៗ​របស់​ពួក​គេ។

ដំណើរ​ការ​នេះ​បាន​នាំឲ្យ​មាន​ការ​ចោទ​ជា​សំណួរ​ឡើង​ថា តើ​ត្រូវ​ទុក​ឲ្យ​ក្រុម​គ្រួសារ​ជន​អន្តោ​ប្រវេសន៍​ជួប​ជុំ​គ្នា​យ៉ាង​ដូច​ម្តេច នៅ​ពេល​ដែល​មាន​ការកាត់​ទោស​ឳពុក​ម្តាយ​អន្តោប្រវេសន៍។ ប្រការ​នេះ​នាំ​ឲ្យ​ស្ថាប័ន​រដ្ឋាភិ​បាល​ជា​ច្រើន​ស្វះ​ស្វែង​រក​វិធី​សាស្រ្ត​ក្នុង​ការ​ផ្តល់​ជម្រក​ដល់​ជន​អន្តោ​ប្រវេសន៍​ដែល​ត្រូវ​ឃុំ​ខ្លួន។

លោក​ Jim Mattis​ រដ្ឋ​មន្រ្តី​ការ​ពារ​ប្រទេស​បាន​និយាយ​ថា​ យោធា​នឹង​ជួយ​ឲ្យ​ក្រុម​ជន​អន្តោ​ប្រវេសន៍​ស្នាក់​នៅក្នុង​មូល​ដ្ឋាន​យោធា ដោយ​រួមបញ្ចូល​ទាំង​មូល​ដ្ឋានយោធា​ចំនួន​ពីរ​នៅ​ក្នុង​រដ្ឋ​ Texas ​ផង​ដែរ។ ​

លោក​ Mattis បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​អំឡុង​ពេល​ទស្សន​កិច្ច​ទៅ​កាន់​រដ្ឋ Alaska កាល​ពី​យប់​ថ្ងៃ​ចន្ទ​ថា​ ក្រុម​យោធា​នឹង​ផ្តល់​ការ​គាំ​ទ្រ​ផ្នែក​សម្ភារៈ​ ដោយ​មិន​ឆ្លៀត​ឱ​កាសកេង​ចំណេញ​ផ្នែក​នយោបាយ​ពី​ស្ថានការណ៍​នេះ​ឡើយ។ លោក​បាន​និយាយ​ថា​ យោធា​សហរដ្ឋ​អាមេរិក​មាន​ប្រវត្តិ​យូរ​លង់​ណាស់​មក​ហើយ ក្នុង​ការ​ផ្តល់​ការ​គាំ​ទ្រ​សម្ភារៈ​ដល់​ប្រជាជន​ដែល​ទទួល​រង​គ្រោះ ​ដោយ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ផ្សេងៗ​ ឬ ប្រជាជន​ដែល​រត់​គេ​ពី​ការ​ធ្វើ​ទុក​បុកម្នេញ​ជា​ដើម។​

លោក​ ត្រាំ​ បាន​ចូល​រួម​ក្នុង​បាតុ​កម្មនយោ​បាយ​មួយ ដែល​ធ្វើ​ឡើង​កាល​ពី​យប់​ថ្ងៃ​ចន្ទ នៅ​ក្នុង​រដ្ឋ​ South Carolina ដោយ​បង្ហាញ​ឲ្យ​ឃើញ​ថា​ រូប​គាត់​ជា​មនុស្ស​ម៉ឺងម៉ាត់​ នៅ​ពេលដោះ​ស្រាយ​បញ្ហា​សន្តិសុខ។

លោក​បាន​និយាយ​ថា៖​ «ពួក​យើង​កំពុង​ការ​ពារ​ព្រំ​ដែន​របស់​យើង ព្រោះ​ថា​បើ​អ្នក​គ្មាន​ព្រំ​ដែន​ទេ​នោះ អ្នក​ក៏​គ្មាន​ប្រទេស​ដែរ។​ ពួក​គណបក្ស​ប្រជាធិប​តេយ្យ​ចង់​បើក​ចំ​ហរ​ព្រំ​ដែន​ ហើយ​ពួក​គេ​មិន​ខ្វល់​ខ្វាយ​ពី​រឿង​ឧក្រិដ្ឋ​កម្ម​នោះ​ទេ»។

នៅ​ក្នុង​ពេល​ចាប់​ផ្តើម​នា​ថ្ងៃ​នោះ​ដែរ លោក​ ត្រាំ បាន​និយាយ​រិះ​គន់​ទៅ​លើការ​ត្រួ​ត​ពិនិត្យ​ដំណើរ​ការ​ច្បាប់​ឡើង​វិញ ​ចំពោះ​ជន​ដែល​លួច​ឆ្លង​ដែន​ខុស​ច្បាប់​ ដោយ​លោក​អះ​អាង​ថា ជន​អន្តោ​ប្រវេសន៍​ដែល​ចូល​មក​សហរដ្ឋ​អាមេរិក​ខុស​ច្បាប់ គួរ​តែ​ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​កាន់​ប្រទេស​កំណើត​របស់​ពួកគេ​វិញ​ភ្លាមៗ។

លោក​ ត្រាំ​ បាន​ប្រាប់​អ្នកសារព័ត៌​មាន​នៅ​ឯសេត​វិមាន​ថា៖​ «យើង​ចង់​បាន​ប្រព័ន្ធ​មួយ​ដែល​ធានា​ថា នៅ​ពេល​ដែល​មាន​អ្នក​ចូល​មក​ខុស​ច្បាប់ ពួក​គេ​ត្រូវ​តែ​ត្រឡប់​ទៅ​វិញ។ យើង​ចង់​បាន​ព្រំដែន​រឹងមាំ និង​មិន​ចង់​ឲ្យ​មាន​បទ​ឧក្រិដ្ឋ​នោះ​ទេ»។

លោក​ ត្រាំ​ បាន​សរសេរ​សារ​នៅ​លើ​បណ្តាញ Twitter​ របស់​លោក​ថា៖ «ការ​ជួល​ចៅ​ក្រម​រាប់​ពាន់​នាក់​មក​ធ្វើ​ការ និង​ដំណើរ​ការ​នី​តិវិធី​ដ៏​ស្មុក​ស្មាញ​ផង​នោះ​ មិន​មែន​ជា​ជម្រើស​ទេ​ ហើយ​នឹង​មិន​អាច​សម្រេច​ការ​ងារ​បាន​ឡើយ។​ លោក​បាន​បន្ត​ទៀត​ថា ពួក​យើង​ត្រូវ​តែ​ឃាត់​ខ្លួន​ពួក​គេនៅ​ព្រំ​ដែន ហើយ​ប្រាប់​ពួក​គេ​ថា​អ្នក​មិន​អាច​ចូល​មក​សហរដ្ឋ​អាមេរិក​ដោយ​ខុស​ច្បាប់​បាន​ឡើយ»។

លោក​ស្រី ​Sarah Huckabee Sanders អ្នក​នាំ​ពាក្យ​សេត​វិមាន​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា៖ «វា​មិន​សម​ហេតុ​ផ​លទាល់​តែ​សោះ​ដែល​ថា​ ជន​បរទេស​ដែល​ចូល​មក​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក​ខុស​ច្បាប់​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ដែល​នឹង​ត្រូវចំណាយ​ពេល​ ពី ៣ ទៅ ៥ ឆ្នាំ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ ​មុន​នឹង​ត្រូវ​បញ្ជួន​ពួក​គេ​ចេញ​ពី​ប្រទេស»។

លោក​ស្រី​បាន​បន្ត​ទៀត​ថា មាន​ច្រក​ចូល​ច្រើន​កន្លែង​ដែល​បាន​បង្កើត​ឡើង​សម្រាប់​អ្នក​ស្វែង​រក​សិទ្ធ​ជ្រក​កោន​ដែល​អាច​ឲ្យ​ពួក​គេ​ដាក់​ពាក្យ​ស្នើរ​សុំទិដ្ឋា​ការ​ ដើម្បី​ស្វែង​រក​សិទ្ធ​ជ្រក​កោន​បាន។

លោក​ស្រី​ថ្លែង​ថា​៖ «ជន​គ្រប់​រូប​អាច​ចូល​តាម​ច្រក​មួយ​នេះ ដើម្បី​ស្វែង​រក​សិទ្ធ​ជ្រក​កោន​ ដែល​នេះ​នឹង​មិន​ត្រូវ​បាន​គេ​កាត់​ទោស​ឡើយ»។

សហ​ជីព​ The American Civil Liberties Union បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ការ​អំពាវ​នាវ​របស់​លោក ត្រាំ​ ឲ្យ​បញ្ចប់​សវនា​ការ​កាត់​ទោស​ជន​អន្តោ​ប្រវេសន៍​គ្មាន​ឯក​សារ​ដែល​ចូល​មក​ដោយ​ខុស​ច្បាប់ ដើម្បី​ស្វែង​រក​សិទ្ធ​ជ្រក​កោន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក គឺ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ៕

ប្រែសម្រួលដោយ ឆេង ចន្នី

XS
SM
MD
LG