កាលពីថ្ងៃអង្គារ តុលាការកំពូលសហរដ្ឋអាមេរិកបានធ្វើការបោះឆ្នោតយ៉ាងប្រផិតប្រផើយដោយរក្សាទុកការរឹតត្បិតការធ្វើដំណើររបស់រដ្ឋបាលលោកត្រាំដល់ពលរដ្ឋមកពីប្រទេស៥ដែលមានអ្នកកាន់សាសនាឥស្លាមភាគច្រើន ដោយបានផ្តល់ជ័យជម្នះដល់ប្រធានាធិបតីត្រាំនៅក្នុងការអនុវត្តគោលនយោបាយដ៏ចម្រូងចម្រាសបំផុតមួយរបស់លោក។
នៅក្នុងការសម្រេចដោយសំឡេងឆ្នោត៥ទល់៤សំឡេង តុលាការកំពូលបានសម្រេចថាលោកប្រធានាធិបតីមានអំណាចដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៅក្រោមច្បាប់អន្តោប្រវេសន៍របស់សហរដ្ឋអាមេរិកដើម្បីកម្រិតការធ្វើដំណើរមកពីបរទេសដោយសារការព្រួយកង្វល់ខាងសន្តិសុខ ដូចដែលរដ្ឋបាលរបស់លោកត្រាំបានជជែកឲ្យហេតុផលម្តងហើយម្តងទៀត។
លោក John Robert ប្រធានតុលាការកំពូលសហរដ្ឋអាមេរិកបានសរសេរថា បទបញ្ជាប្រធានាធិបតីរបស់លោកត្រាំរឹតត្បិតការធ្វើដំណើរបានស្ថិតនៅក្នុងអំណាចប្រធានាធិបតី។
លោក Robert បានសរសេរថា លោកប្រធានាធិបតីបានធ្វើទៅតាមលក្ខខណ្ឌនៅក្រោមច្បាប់អន្តោប្រវេសន៍និងសញ្ជាតិឆ្នាំ១៩៦៥ដែលថា ការចូលរបស់ជនបរទេសដែលត្រូវបានហាមឃាត់នឹងធ្វើឲ្យខូចផលប្រយោជន៍របស់សហរដ្ឋអាមេរិក។
លោក Robert បានសរសេរទៀតថា ចុងចោទក្នុងរឿងក្តីនេះគឺ រដ្ឋហាវ៉ៃ សមាគមឥស្លាមរដ្ឋហាវ៉ៃនិងអ្នកស្រុក៣នាក់ទៀតមិនបានបង្ហាញថា បទបញ្ជាការហាមឃាត់ការធ្វើដំណើរនោះបានរំលោភមាត្រារដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកដែលមានការលម្អៀងខាងសាសនា៕