កាលពីថ្ងៃសុក្រ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិយាយថា សមាជិកសភាខាងគណបក្សសាធារណរដ្ឋត្រូវតែបោះបង់ចោលការខំប្រឹងប្រែងដើម្បីអនុម័តសេចក្តីព្រាងច្បាប់អន្តោប្រវេសន៍ រហូតដល់ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកា ដោយបានស្តីបន្ទោសពួកគណបក្សប្រជាធិបតេយ្យចំពោះការមិនគាំទ្ររបស់ពួកគេដល់សេចក្តីព្រាងច្បាប់អន្តោប្រវេសន៍២។
ប្រធានាធិបតីត្រាំបានសរសេរនៅក្នុងសារតាមប្រព័ន្ធ Twitter ជាបន្តបន្ទាប់ស្តីពីវិបត្តិជនអន្តោប្រវេសន៍ដែលបានធ្វើឲ្យវិបត្តិក្នុងប្រទេសថា៖ «ពួកគណបក្សសាធារណរដ្ឋត្រូវតែបញ្ឈប់ការខ្ជះខ្ជាយពេលវេលារបស់ខ្លួនស្តីពីជនអន្តោប្រវេសន៍រហូតក្រោយពីយើងបោះឆ្នោតរើសសមាជិកព្រឹទ្ធសភានិងសភាតំណាងរាស្រ្តកាន់តែច្រើនឡើងនៅខែវិច្ឆិកា។ ពួកគណបក្សប្រជាធិបតេយ្យកំពុងតែលេងល្បែង មិនមានគោលបំណងធ្វើអ្វីៗដើម្បីដោះស្រាយបញ្ហាដែលមានចំណាស់រាប់ទសវត្សរ៍នេះទេ។ យើងអាចអនុម័តសេចក្តីព្រាងច្បាប់ដ៏អស្ចារ្យនេះបន្ទាប់ពីគណបក្សយើងឈ្នះ»។
លោកប្រធានាធិបតីត្រាំ នឹងពិភាក្សាបញ្ហាជនអន្តោប្រវេសន៍នេះនៅថ្ងៃនេះនៅសេតវិមានជាមួយក្រុមគ្រួសារដែលមានសាច់ញាតិត្រូវបានសម្លាប់ដោយមនុស្សដែលបានចូលក្នុងសហរដ្ឋអាមេរិកខុសច្បាប់។
ការអំពាវនាវរបស់ប្រធានាធិបតីត្រាំដល់សភាឲ្យពន្យាពេលចាត់វិធានការកើតមានឡើងនៅពេលដែលមេដឹកនាំសភាតំណាងរាស្រ្តខាងគណបក្សសាធារណរដ្ឋនៅក្នុងពេលថ្មីៗនេះមិនអាចប្រមូលបានការគាំទ្រគ្រប់គ្រាន់ដើម្បីអនុម័តសេចក្តីព្រាងច្បាប់២ដែលនឹងពិនិត្យមើលយ៉ាងដិតដល់ពីច្បាប់អន្តោប្រវេសន៍សហរដ្ឋអាមេរិកហើយនឹងធ្វើឲ្យប្រសើរឡើងនូវសន្តិសុខព្រំដែន៕