ស.រ.អា. បានច្រានចោលការនិយាយអះអាងមួយចំនួនដោយប្រធានាធិបតីរុស្ស៊ី Vladimir Putin ដែលថាលោកមានអាវុធបរមាណូយុទ្ធសាស្ត្រថ្មីៗដែលអាចបាញ់ដល់ទីដៅណាក៏បានក្នុងពិភពលោក។
ក៏ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ សេតវិមាននិងក្រសួងការពារប្រទេសស.រ.អា.បាន បដិសេធការនិយាយនេះ ដោយថាជាវោហាសាស្ត្រ ហើយថាការប៉ុនប៉ងរបស់រុស្ស៊ីក្នុងការធ្វើឱ្យកងកម្លាំងបរមាណូរបស់ខ្លួនទំនើបជាងមុនជាការមិននាំឱ្យភ្ញាក់ផ្អើលទេហើយមិនបានធ្វើឱ្យស.រ.អា.បារម្ភខ្លាំងឡើយ។
អ្នកស្រី Sarah Sanders អ្នកនាំពាក្យសេតវិមានបាននិយាយថា៖ «ប្រធានាធិបតី Putin បានបញ្ជាក់អំពីអ្វីដែលរដ្ឋាភិបាលស.រ.អា.បានដឹងយូរយាមកហើយ។ ប្រទេសរុស្ស៊ីបានអភិវឌ្ឍប្រព័ន្ធអាវុធសម្រាប់ធ្វើឱ្យមានអស្ថិរភាពជាងមួយទសវត្សរ៍មកហើយដែលជាការរំលោភដោយផ្ទាល់ដល់កាតព្វកិច្ចរបស់ខ្លួនដែលមានចែងក្នុងសន្ធិសញ្ញានានា»។
អ្នកស្រី Sanders បាននិយាយបន្ថែមថា៖ «ប្រទេសអាមេរិកកំពុងបន្តទៅមុខដើម្បីធ្វើឱ្យឃ្លាំងអាវុធបរមាណូរបស់យើងទំនើបជាងមុននិងធ្វើឱ្យប្រាកដប្រជាថា គ្មានប្រទេសណាមួយអាចប្រជែងនឹងសមត្ថភាពរបស់យើងបានទេ» ដោយអ្នកស្រីបានបង្ហាញអំពីថវិកាការពារប្រទេសថ្មីរបស់ស.រ.អា.មានទឹកប្រាក់៧០០ពាន់លានដុល្លារ។
ពួកមន្ត្រីខាងការពារប្រទេសរបស់ស.រ.អា.ក៏បាននិយាយដែរថា ពួកគេគ្មានការភ្ញាក់ផ្អើលទេអំពីការនិយាយអះអាងទាំងនេះរបស់រុស្ស៊ី៕