ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​អាច​បញ្ចប់​ទំនាក់ទំនង​ការទូត​ជាមួយ​កូរ៉េ​ខាង​ជើង


ទាហាន​ជើង​ទឹក​កូរ៉េខាងត្បូង​ម្នាក់​តម្រង់​កាំភ្លើង​នៅ​ទិទាំង​ហ្វឹកហាត់ជាមួយ​សហរដ្ឋអាមេរិក​ក្នុង​ទីក្រុង​ Pyeongchang ដែល​មាន​ចម្ងាយ​ប្រមាណ​១៨០គីឡូម៉ែត្រពី​ទីក្រុង​សេអ៊ូល។

ការ​ចាប់ផ្ដើម​ឡើង​វិញ​នូវ​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កូរ៉េ​ខាង​ត្បូង​អាច​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​បញ្ចប់​នូវ​ទំនាក់ទំនង​ការទូត​បច្ចុប្បន្ន​ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាង​ជើង។ កន្លង​មក ការ​ធ្វើ​សមយុទ្ធ​នេះ​ត្រូវ​បាន​ពន្យារពេល​រហូត​ទាល់តែ​ការ​ប្រកួត​កីឡា​អូឡាំពិក និង​ការ​ប្រកួត​កីឡា​ប៉ារ៉ាឡាំពិក​នៅ​ទីក្រុង Pyeong Chang ប្រទេស​កូរ៉េ​ខាង​ត្បូង​បញ្ចប់​នៅ​ចុង​ខែ​មិនា។

ការ​ធ្វើ​សមយុទ្ធ​រួម​គ្នា​ប្រចាំ​ឆ្នាំ​នេះ​មាន​ទាំង​ការ​ធ្វើ​សមយុទ្ធ​ឲ្យ​ដូច​ពិតៗ​បែប​យុទ្ធសាស្ត្រ Key Resolve និង​ការ​ធ្វើ​សមយុទ្ធ​ផ្លូវ​គោក​ដែល​ហៅ​ថា Foal Eagle។

នៅ​ក្នុង​ការ​ធ្វើ​សមយុទ្ធ Key Resolve នោះ ទាហាន​អាមេរិកាំង និង​ទាហាន​កូរ៉េ​ខាង​ត្បូង រួម​ទាំង​គ្រឿង​សព្វាវុធ​និង​ឧបករណ៍​យោធា​នានា ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​គំរាម​កំហែង​របស់​កូរ៉េ​ខាង​ជើង​ដែល​អាច​កើត​មាន​ឡើង។

ការ​ធ្វើ​សមយុទ្ធ​កាល​ពី​លើក​មុនៗ​មាន​ការ​ចូលរួម​ពី​ទាហាន​អាមេរិកាំង​ជិត ២ ម៉ឺន​នាក់ ទាហាន​កូរ៉េ​ខាង​ត្បូង ៣ សែន​នាក់ និង​យន្តហោះ​ទម្លាក់​គ្រាប់​បែក យន្តហោះ​ចម្បាំង និង​នាវា​ចម្បាំង​ជា​ច្រើន​គ្រឿង។

ក្រុម​មេដឹកនាំ​យោធា​ចាត់​ទុក​ការ​ធ្វើ​សមយុទ្ធ​ជា​ប្រចាំ​នេះ​ថា​មាន​សារៈសំខាន់​ដើម្បី​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ការពារ និង​ទប់ទល់​ប្រឆាំង​នឹង​ការ​កើន​ឡើង​នូវ​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង។ ការ​ធ្វើ​សមយុទ្ធ​នេះ​ក៏​ជា​ការ​អនុវត្ត​ជា​ប្រចាំ​របស់​ប្រទេស​នីមួយៗ​នៅ​ក្នុង​ពិភពលោក​ផង​ដែរ ដើម្បី​បង្វឹក​ទាហាន​របស់​ពួកគេ។

កូរ៉េ​ខាង​ជើង​បាន​ហៅ​ការ​ធ្វើ​សមយុទ្ធ​រួម​គ្នា​នេះ​ថា​ជា​ការ​ហាត់​សម​បែប​គំរាមកំហែង​ដើម្បី​ឈ្លានពាន​ខ្លួន៕

XS
SM
MD
LG