ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Putin បញ្ជា​ឲ្យ​មាន​ការ​ផ្អាក​ការ​ប្រយុទ្ធ​គ្នា​ក្នុង​បុព្វហេតុ​មនុស្សធម៌​នៅ​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​លើ​ក្រុម​ឧទ្ទាម


លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ថ្លែង​សុន្ទរកថា​នៅ​វិមាន Grand Kremlin ក្នុង​ទិវា​អ្នក​ការពារ​មាតុភូមិ ឬ Defender of the Fatherland Day ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។

ការ​ផ្អាក​ការ​ប្រយុទ្ធ​គ្នា​ក្នុង​បុព្វហេតុ​មនុស្សធម៌​ដែល​ភាសាអង់គ្លេស​ហៅ​ថា «humanitarian pause» ប្រចាំថ្ងៃ​មួយ​ត្រូវ​ប្រកាសដោយ​ប្រទេស​រុស្ស៊ីចូល​ជា​ធរមាន​នៅ​ថ្ងៃ​អង្គារនេះ​នៅ​ក្នុង​ប្រទេស​ស៊ីរី​ដោយ​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​និយាយថា​រយៈពេល​ផ្អាកការ​ប្រយុទ្ធគ្នា​ចំនួន​៥ម៉ោង​បាន​បង្កើត​ឡើង​សម្រាប់​ឱ្យ​ពួក​ជន​ស៊ីវិល​រត់គេច​ខ្លួន​ពី​ការ​ប្រយុទ្ធ​គ្នានៅ​ជិត​ក្រុង​ដាម៉ាស់។

រដ្ឋមន្ត្រី​ការ​ពារ​ប្រទេស​រុស្ស៊ី Sergei Shoigu បាននិយាយ​ថា​កង​កម្លាំង​រុស្ស៊ី​ផ្អាក​ការ​វាយ​ប្រហារ​ពី​ម៉ោង​៩ព្រឹក​ដល់​ម៉ោង​២​រសៀល​តាមម៉ោង​ក្នុង​មូលដ្ឋាន។

បទ​បញ្ជា​នេះ​មានឡើង​តែ​ប៉ុន្មាន​ថ្ងៃក្រោយពី​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.បានបញ្ជា​ឱ្យមាន​កិច្ចឈប់បាញ់គ្នា​៣០ថ្ងៃ​នៅ​ទូទាំង​ប្រទេស​ស៊ីរី។​ ផែនការ​នេះ​បាន​ចាប់ផ្តើម​ដោយ​មាន​ការ​រអាក់រអួល​ជា​ដំបូងដោយ​ពួក​សកម្មជនបាន​រាយការណ៍​ថា​មានការ​វាយ​ប្រហារ​តាម​អាកាស​និង​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​តំបន់ Ghouta ខាង​កើតដែល​ជា​តំបន់ជាយ​ក្រុង​ដាម៉ាស់​កាន់កាប់ដោយ​ពួក​ឧទ្ទាមដែល​បានបណ្តាល​ឱ្យមនុស្សជាង​៣០​នាក់ស្លាប់​កាល​ពី​ថ្ងៃ​ចន្ទ។

នៅ​ក្នុង​ការ​ហៅ​ទូរសព្ទមួយ​កាលពី​ថ្ងៃចន្ទ លោកប្រធានាធិបតី​បារាំង​ Emmanuel Macron បានមាន​ប្រសាសន៍​ប្រាប់​ប្រធានាធិបតី​តួកគី Recep Tayyip Erdogan អំពី​ «កង្វល់​យ៉ាង​ខ្លាំង» របស់លោក​ស្តីពី​ការ​វាយ​ប្រហារ​តាម​អាកាសដែល​កំពុងមាន​ធ្វើដោយ​យក​ពួក​ជន​ស៊ីវិល​និង​មន្ទីរពេទ្យ​ក្នុង​តំបន់ Ghouta ខាង​កើត​ជា​ទី​ដៅ​នៃ​ការ​វាយ​ប្រហារ។​

ក៏​ប៉ុន្តែ​មេដឹកនាំ​បារាំង​រូប​នេះ​ក៏បាន​អំពាវ​នាវ​ដែរ​ដល់​លោក​ Erdogan ឱ្យ​បញ្ឈប់​ការ​វាយ​ប្រហារ​តាមអាកាស​ដោយ​កង​យន្តហោះ​ចម្បាំង​តួកគី នៅ​ក្នុង​តំបន់ Afrin ក្នុង​ប៉ែកខាង​ជើង​នៃ​ប្រទេសស៊ីរី ដែល​កង​កម្លាំង​តួកគី បាន​បើក​ធ្វើការ​វាយ​ប្រហារ​កាល​ពី​ខែ​មុន​ប្រឆាំងនឹង​កង​ជីវពល Kurde ស៊ីរី​គាំទ្រដោយ​ស.រ.អា.​ដែល​តួកគី​ចាត់ទុក​ថាជា​ពួក «ភេរវជន» ជា​សម្ព័ន្ធមិត្ត​របស់​ពួក​បះបោរ​ Kurde ដែល​បានប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​តួកគី​បី​ទសវត្សរ៍​មក​ហើយ​នោះ។​ កាល​ពី​ថ្ងៃ​អាទិត្យ ប្រទេស​តួកគី​បាននិយាយ​ថា​ការ​ឈប់បាញ់​គ្នា​ប្រកាស​ដោយ​អ.ស.ប.​គ្មានផល​ប៉ះពាល់​ដល់​កិច្ច​ប្រតិបត្តិការ​របស់​ខ្លួន​ក្នុង​ផ្នែក​ខាង​ជើង​នៃ​ប្រទេស​ស៊ីរី​ទេ៕

XS
SM
MD
LG