អគ្គលេខាធិការ អ.ស.ប. លោក Antonio Guterres ព្រមានថា អាវុធនុយក្លេអ៊ែរបង្កហានិភ័យមហន្តរាយលើជីវិតមនុស្ស និងបរិស្ថាន ហើយគេត្រូវតែបំបាត់វាចោល។ នៅក្នុងសេចក្ដីសុន្ទរកថាទៅកាន់ប្រតិភូ ដែលចូលរួមសន្និសីទស្ដីពីការដកហូតអាវុធ ដែលមានសមាជិក៦៥ប្រទេស លោកអគ្គលេខាធិការ អ.ស.ប. បានបង្ហាញគម្រោងផ្ដួចផ្ដើមថ្មីមួយ ដើម្បីកាត់បន្ថយការគំរាមកំហែងជាសកលនេះ។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលស្គាល់ថា ប្រជាជនជុំវិញពិភពលោកមិនខុសទេ ដែលមានការព្រួយបារម្ភពីភាពដែលអាចកើតមានឡើង នៃសង្គ្រាមនុយក្លេអ៊ែរ។ ប៉ុន្តែលោក Antonio Guterres កត់សម្គាល់ថា ប្រជាជនរាប់លាននាក់ដែលរស់នៅក្នុងតំបន់អាស៊ីភាគខាងកើត គឺរស់នៅក្នុងតថភាពប្រចាំថ្ងៃមួយ ដែលសង្គ្រាមនុយក្លេអ៊ែរជាការគំរាមកំហែងដែលខិតជិតមកដល់។
លោក Guterres ស្វាគមន៍ចំពោះអ្វីដែលលោកហៅថា ជាការផ្ដួចផ្ដើមដ៏អង់អាចរបស់ប្រទេសកូរ៉េខាងត្បូង ក្នុងកំឡុងពេលការប្រកួតកីឡាអូឡាំពិក ដើម្បីកាត់បន្ថយភាពតានតឹងជាមួយប្រទេសកូរ៉េខាងជើង។ ប៉ុន្តែលោកមានប្រសាសន៍ថា វាមិនទាន់គ្រប់គ្រាន់ទេ។
លោក Guterres បានថ្លែងថា៖ «យើងត្រូវការការរីកចម្រើនយូរអង្វែង ដោយផ្អែកតាមគោលដៅចម្បងនៃគោលការណ៍លុបបំបាត់នុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ និងគោលការណ៍សន្តិភាពដែលមាននិរន្តរភាពក្នុងតំបន់។ ខ្មុំក៏ស្វាគមន៍ការបញ្ចប់ការកាត់បន្ថយអាវុធនុយក្លេអ៊ែរ ដែលធ្វើឡើងដោយអង្គការសហប្រជាជាតិ និងប្រទេសរុស្ស៊ី ក្រោមសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រផងដែរ។ យើងត្រូវការការដកហូតអាវុធបន្ថែមទៀត និងវិធានការគ្រប់គ្រងអាវុធ ដែលជាមូលដ្ឋានដ៏រឹងមាំមួយសម្រាប់សន្តិភាពពិភពលោក»។
លោក Guterres ព្រមានថា ពិភពលោកត្រូវលុបបំបាត់អាវុធប្រល័យលោកជាច្រើនទៀត ហើយលោកបន្ថែមថា ពិភពលោកគឺត្រូវបានគ្របដណ្ដប់ដោយអាវុធនុយក្លេអ៊ែរ និង អាវុធសាមញ្ញទូទៅផ្សេងៗទៀត។ លោក Guterres បន្តថាចាប់តាំងពីសង្គ្រាមត្រជាក់បានបញ្ចប់មក ការជួញដូរសព្វាវុធ ដែលមានតម្លៃរាប់ពាន់លានដុល្លារ បានផ្គត់ផ្គង់ជម្លោះក្នុងតំបន់នានា។
លោក Guterres និយាយថា៖ «របបដែលគ្មានអាវុធនុយក្លេអ៊ែរ គឺត្រូវបានគំរាមកំហែងដោយប្រទេសមួយចំនួនដែលយល់ខុសថា អាវុធនុយក្លេអ៊ែរអាចធ្វើអោយពួកគេមានសុវត្ថិភាពជាងមុន។ ហើយលោកបន្តទៀតថា គ្រោះមហន្តរាយនេះ ត្រូវបានបូកផ្សំដោយ ប្រទេសទាំងឡាយផ្សេងទៀង ដែលកំពុងតែពិចារណាលើការប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ»។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិមានប្រសាសន៍ថា គម្រោងផ្ដួចផ្ដើមថ្មីរបស់លោកមានគោលដៅទប់ស្កាត់ការប្រមូលផ្តុំនិងការរីករាលដាលលើសកំណត់នៃអាវុធ ធ្វើការឆ្ពោះទៅកាន់ការកសាងកម្លាំងចលករមួយក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរ ហើយនិងពិនិត្យពិច័យហានិភ័យនិងការប្រឈមទាំងឡាយដែលអាចកើតមាន៕
ប្រែសម្រួលដោយ ចាប ចិត្រា