ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ប្រារព្ធ​ខួប​ទី​១៧ នៃ​ការ​វាយ​ប្រហារ​ភេរវកម្ម​ថ្ងៃ​១១ ខែ​កញ្ញា ឆ្នាំ​២០០១


រូបឯកសារ៖ ផ្សែង​ចេញ​ពី​អាគារ​ភ្លោះ​នៃ​អាគារ​ពាណិជ្ជកម្ម​ពិភពលោក ដែល​ត្រូវ​បាន​បុក​កម្ទេច​នៅ​ទីក្រុង​ញូវយ៉ក កាល​ពី​ឆ្នាំ​២០០១។
រូបឯកសារ៖ ផ្សែង​ចេញ​ពី​អាគារ​ភ្លោះ​នៃ​អាគារ​ពាណិជ្ជកម្ម​ពិភពលោក ដែល​ត្រូវ​បាន​បុក​កម្ទេច​នៅ​ទីក្រុង​ញូវយ៉ក កាល​ពី​ឆ្នាំ​២០០១។

នៅ​ថ្ងៃ​អង្គារ​នេះ ​ប្រជាពលរដ្ឋ​អាមេរិកាំង​ប្រារព្ធ​ខួប​លើក​ទី​១៧ នៃ​ការ​វាយ​ប្រហារ​ភេរវកម្ម​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០០១ ដែល​បាន​សម្លាប់​មនុស្ស​ជិត​ ៣​ពាន់​នាក់ ​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​ រដ្ឋ ​Virginia ​និង​រដ្ឋ​ Pennsylvania។

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ នឹង​ចូលរួម​នៅ​ក្នុង​ពិធី​រំឭក​ខួប​នេះ​នៅ​ឯ​បូជនីយដ្ឋាន ៩/១១ ក្នុង​ទីក្រុង ​Shanksville រដ្ឋ​ Pennsylvania ជិត​កន្លែង​ដែល​ជើង​ហោះហើរ ​United Airlines Flight 93 ​បាន​ធ្លាក់ ​បន្ទាប់ពី​អ្នក​ដំណើរ​បាន​ដណ្ដើម​គ្រប់គ្រង​យន្តហោះ​នោះ​មក​វិញ​ពី​ពួក​ភេរវជន​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ពួក​អាល់កៃដា ​ដែល​បាន​ប្លន់​យន្ត​ហោះ​នោះ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ប្រចាំ​ឆ្នាំ​របស់​ប្រធានាធិបតី​ដែល​ប្រកាស​យក​ថ្ងៃ​ទី​១១ ខែ​កញ្ញា​ជា​ទិវា​អ្នក​ស្នេហា​ជាតិ ​លោក ត្រាំ​ បាន​និយាយ​ថា៖​ «ទង្វើ​អកុសល​ទាំង​នេះ» មិន​អាច​បំបាក់​ស្មារតី ឬ​ក៏​ការ​ប្ដូរ​ផ្ដាច់​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​សិទ្ធិ​សេរីភាព​នោះ​ទេ។

លោក ត្រាំ​ និយាយ​យ៉ាង​ដូច្នេះ​ថា៖ «នៅ​ថ្ងៃ​នេះ ​យើង​រួបរួម​ជាមួយ​គ្នា ដើម្បី​រំឭក​ដល់​តថភាព​ពិត​ជាក់​ស្ដែង​ដែល​មិន​ងាយ​នឹង​រលុប​បាត់​នេះ។ នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​អាមេរិក​រួម​គ្នា​ជា​ធ្លុង​មួយ គ្មាន​កម្លាំង​ណា​មួយ​លើ​ភព​ផែនដី​នេះ​អាច​បំបែក​យើង​បាន​ទេ។ គុណ​តម្លៃ​របស់​សហរដ្ឋ​អាមេរិក​នឹង​នៅតែ​បន្ត​ជា​រៀង​រហូត។ ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ​យើង​នឹង​បន្ត​វិវឌ្ឍ​ទៅ​មុខ​ជានិច្ច ហើយ​ការ​ចងចាំ​អំពី​អ្នក​ដែល​យើង​ស្រលាញ់​នឹង​មិន​ងាយ​សាប​រលាប​នោះ​ទេ»។

នៅ​ក្រៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ឯ​ណោះ​វិញ អនុ​ប្រធានាធិបតី​អាមេរិក​លោក Mike Pence នឹង​ចូលរួម​នៅ​ក្នុង​ពិធី​រំឭក​ការ​វាយ​ប្រហារ​នេះ​នៅ​ឯ​ក្រសួង​ការពារ​ប្រទេស​សម្រាប់​ក្រុម​គ្រួសារ​អ្នក​ស្លាប់ នៅ​ពេល​ដែល​យន្តហោះ​ដែល​ពួក​ភេរវជន​ប្លន់​បាន​មួយ​គ្រឿង​ធ្លាក់​បុក​ចំ​អាគារ​នោះ។

ចំណែក​ឯ​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​វិញ អ្នក​នៅ​រស់រាន​មាន​ជីវិត​ពី​ការ​វាយ​ប្រហារ​នេះ និង​ក្រុម​គ្រួសារ​អ្នក​ស្លាប់​នឹង​មក​ជួបជុំ​គ្នា​នៅ​ចំណុច Ground Zero ដែល​ជា​ទីតាំង​របស់​អាគារ​ភ្លោះ​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក មុន​ពេល​ពួក​ភេរវជន​បុក​កម្ទេច៕

XS
SM
MD
LG