កាលពីឆ្នាំ១៩៩៣ ពួកភេរវជនបានបំផ្ទុះគ្រឿងផ្ទុះជាង៥០០គីឡូក្រាមនៅក្រោមមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនៅក្នុងបុរី ញូវយ៉ក បណ្តាលឱ្យមនុស្ស៦នាក់ស្លាប់និងបានធ្វើឱ្យមនុស្សជាង១ពាន់នាក់ទៀតត្រូវរបួស។ នៅក្នុងការរំលឹកខួបឆ្នាំទី២៥នៃការវាយប្រហារនេះ ក្រុមគ្រួសារបានសម្តែងគារវកិច្ចដ៏ឱឡារិកដល់ពួកជនជាទីស្រឡាញ់របស់ពួកគេដែលបានបាត់បង់ជីវិតនៅថ្ងៃនោះក្នុងខែកុម្ភៈដែលជាថ្ងៃមួយបានកែប្រែជីវិតពួកគេនិងពិភពនៅជុំវិញពួកគេជារៀងរហូត។
ដើម្បីរំឭកដល់ជនរងគ្រោះ៦នាក់នៃការវាយប្រហារលើកទី១លើមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកកាលពីឆ្នាំ១៩៩៣គឺ៨ឆ្នាំមុនពេលពួកភេរវជនបានវាយប្រហារមួយលើកទៀតកាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១។ ជនបួននាក់ក្នុងបណ្តាពួកជនដែលបានស្លាប់ជាបុគ្គលិកនៃអាជ្ញាធរដឹកជញ្ជូនហើយម្នាក់ជាស្ត្រីមានផ្ទៃពោះផងដែរ។ លោក Kevin O'Toole ប្រធានអាជ្ញាធរដឹកជញ្ជូននៃបុរី ញូវយ៉ក និយាយថា៖
«យើងមិនបានប្រុងប្រៀបសម្រាប់អ្វីដែលបានកើតមានឡើងនៅថ្ងៃនោះទេ។ប្រទេសអាមេរិកមិនបានប្រុងប្រៀបសម្រាប់អ្វីដែលបានកើតមានឡើងដល់ពួកគេនៅថ្ងៃនោះទេ។ ហើយចំពោះការណ៍នេះខ្ញុំនិយាយថា ខ្ញុំសូមអភ័យទោស ហើយយើងសូមអភ័យទោស»។
លោក Andrew Colabella ដែលមានបងប្អូនជីដូនម្នាក់ស្លាប់ក្នុងការវាយប្រហារនេះនិយាយថា៖ «ការបំផ្ទុះគ្រាប់បែកនេះកាលពីឆ្នាំ១៩៩៣ប្រៀបដូចការផ្ទុះធុងរសេវ។ វាជាការចាប់ផ្តើមហេតុការណ៍ដែលបង្ហាញថាប្រទេសអាមេរិកអាចរងគ្រោះបានដោយងាយ»។
កាលពី២៥ឆ្នាំមុននេះ ពួកភេរវជនបានសង្ឃឹមថាអាចរំលំអាគារភ្លោះទាំងពីរនេះបានក្រោយពីបំផ្ទុះគ្រឿងផ្ទុះដាក់ក្នុងឡានជួលមួយគ្រឿងនៅក្នុងកន្លែងចតឡានមួយនៅខាងក្រោមមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក។ ការណ៍រំពឹងទុកនេះមិនបានកើតមានទេ។ ក៏ប៉ុន្តែសម្រាប់គ្រួសារពួកជនរងគ្រោះ ហេតុការណ៍នេះជាការរំលឹកមួយអំពីភាពងាយរងគ្រោះរបស់ពួកគេ។ លោក Colabella ថ្លែងថា «វាជាការគួរឱ្យឆ្ងល់ដែលជារៀងរាល់ថ្ងៃយើងជួបមនុស្សច្រើននាក់ហើយលោកអ្នកប្រហែលមិនបានឃើញពួកគេទៀតទេ។ ហើយទាំងនេះជាមនុស្សដែលយើងបានជួបប្រទះកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៩៣ដែលជាមនុស្សចម្លែកទាំងស្រុងហើយពួកគេមិនបានត្រឡប់មកវិញទេ។ ហើយយើងបាននៅទីនេះ។ យើងជាមនុស្សនៅសេសសល់»។
ការរំលឹកនេះក៏ជាការប្រារព្ធមួយអំពីជីវិតដែរគឺជាថ្ងៃមួយទៀតដើម្បីនិយាយប្រាប់បន្តគ្នាអំពីរឿងរ៉ាវនិងកេរ្តិ៍ដំណែលនៃបុគ្គល៦នាក់ជាមួយនិងពួកអ្នកឆ្លើយតបដំបូងៗ ដែលបានប្រថុយប្រថានជីវិតពួកគេនៅថ្ងៃនោះ។ ប្តីអ្នកស្រី
Lisa knapp បានបាត់បង់ឳពុកលោកនៅក្នុងការបំផ្ទុះគ្រាប់បែកកាលពីឆ្នាំ១៩៩៣នោះ។ អ្នកស្រីនិយាយថាជាការមានសារៈសំខាន់ដែលលោកនិយាយប្រាប់កូនលោកអំពីជីតារបស់ពួកគេ។ អ្នកស្រី Lisa Knapp និយាយថា៖ «និយាយប្រាប់ពួកកូនៗថាតើជីតាពួកគេបានត្រូវស្រឡាញ់ខ្លាំងបែបណានិងអំពីរឿងកំប្លែងហើយយើងខិតខំព្យាយាមធ្វើឱ្យគាត់មានភាពនៅរស់រវើកសម្រាប់ពួកកូនៗទាំងនេះ។ វាមិនមែនជាការងាយស្រួលទេ ក៏ប៉ុន្តែនេះជាអ្វីដែលយើងត្រូវតែធ្វើ»៕