ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Trump ​ដឹកនាំ​​ពិធីរំឭក​ការ​វាយ​ប្រហារ​ដោយ​ភេរវកម្ម​កាលពីថ្ងៃទី១១​ខែ​កញ្ញា


លោក​ប្រធានាធិបតី Donald Trump និង​លោក​ជំទាវ Melania Trump ឈរ​ស្មឹងស្មាធ​ដើម្បី​ប្រារព្ធ​ខួប​នៃ​ការ​វាយប្រហារ​ថ្ងៃទី១១ ខែកញ្ញា នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧។

លោក ​Donald Trump ​នឹង​ដឹកនាំ​ប្រទេស​អាមេរិក​ជា​លើក​ទីមួយ​ក្នុង​នាម​លោកជា​ប្រធានាធិបតី​ ក្នុង​ពិធី​រំឭក​ការ​វាយ​ប្រហារ​ដោយ​ភេរវកម្ម​កាលពី​ថ្ងៃទី១១​ខែ​កញ្ញា​នៅទីក្រុង​ញូវយ៉ក ​និង​រដ្ឋធានី​វ៉ាស៊ីនតោន ​កាលពី​ឆ្នាំ​២០០១។

លោក​ប្រធានាធិបតី​នឹង​ប្រារព្ធខួប​១៦​ឆ្នាំ​នៅ​សេតវិមាន​អំពី​អំពើ​ភេរវកម្ម​អាក្រក់​បំផុត​លើ​ស.រ.អា.​ដោយ​មាន​ពីធី​ស្មឹងស្មាធ​នៅ​ម៉ោង​៨និង៤០​នាទីព្រឹក​ គឺ​ម៉ោង​ដែល​យន្តហោះ​ទីមួយ​ត្រូវ​ចាប់​ភេរវករ​ al-Qaida ​កាន់កាប់​ ហើយ​បើក​បុក​អគារភ្លោះ​ពាណិជ្ជកម្ម​ពិភពលោក (World Trade Center) នៅ​ទីក្រុង​ញូវយ៉ក។ ​យន្តហោះទីពីរ​បាន​បុកអគារ​ភ្លោះ​មួយទៀត​ក្នុងពេល​២៣នាទី​ក្រោយ​មក ​ហើយ​ក្នុង​ពេល​ក្រោយ​មក​ អគារភ្លោះ​ដ៏ធំ​បាន​បាក់​ក្នុង​ភ្លើង​និង​ផ្សែង។ ​លោក​ប្រធានាធិបតី​ក៏​នឹង​ចូលរួម​ពិធីរំឭក​នៅ​ព្រឹក​ថ្ងៃ​ចន្ទនេះ​នៅ​ក្រសួង​ការពារជាតិ Pentagon ដែល​ត្រូវ​យន្តហោះទីបួន​ដែល​ភេរវករ​បាន​បើក​ទៅ​បុក​ បង្ក​ការ​ខូចខាត​ខ្លាំង​ នៅ​ថ្ងៃ​នោះ​ដែរ។​

នៅ​ថ្ងៃ​ចន្ទ​នេះ ​ទង់ជាតិ​អាមេរិក​នឹង​បក់​រវិចៗ​នៅ​ជិត​អាគារ​នានា។ ​លោក​ Mike Pence អនុប្រធានាធិបតី​នឹង​ធ្វើ​ដំណើរ​ទៅ​ Shanksville ​រដ្ឋ Pennsylvania ​ទីដែល​យន្តហោះ​មួយ​ទៀត​ដែលភេរវករ​បើក​ឆ្លាក់​ក្នុង​ទីវាល​មួយ។​ គេ​ជឿ​ថា ​អ្នក​ដំណើរ​បាន​ព្យាយាម​ដណ្តើម​កាន់កាប់​យន្តហោះវិញ ​ពេល​ដឹង​ថា ​ភេរវករ​ ដែល​ក្រវី​កាំបិត​នោះ​ មាន​បំណង​បើក​យន្តហោះ​មក​រដ្ឋធានី​វ៉ាស៊ីនតោន​ ធ្វើ​ការ​វាយ​ប្រហារ​មួយ​ទៀត ​ដោយ​មាន​គោលបំណង​មក​បុក​អគារ​សភា ​ឬ​សេតវិមាន។ពួក​គេ​សុខ​ចិត្ត​ឆ្លាក់​យន្តហោះ​ជា​ជាង​ចុះចាញ់​ឲ្យ​ភេរវករ​សម្រេច​បំណង។​ អ្នក​ដំណើរ​ទាំងអស់​នៅ​លើ​យន្តហោះ​ទាំង​បួន​នោះ​ស្លាប់​នៅថ្ងៃទី​១១​កញ្ញាឆ្នាំ​២០០១។​ ការ​វាយ​ប្រហារ​នោះ​សម្លាប់​ជន​ស្លូត​ត្រង់​សរុប​ប្រហែល​៣ពាន់នាក់​ទាំង​នៅ​ញូវយ៉ក​និង​ក្រសួង​ការពារ​ជាតិ៕

XS
SM
MD
LG