ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ទាមទារ​ឲ្យ​កាសែត New York Times បង្ហាញ​ឈ្មោះ​មន្ត្រី​រដ្ឋបាល​លោក​ម្នាក់​ដែល​រិះគន់​លោក


ប្រធានាធិបតី​ ដូណាល់ ត្រាំ ប្រារព្ធកម្មវិធី​មួយ​ដើម្បី​អបអរ​បុគ្គលិក​ផ្នែក​អន្តោប្រវេសន៍និង​គយ​នៅ​ព្រំដែននៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោនកាលពី​ថ្ងៃទី​២០ ខែ សីហា ឆ្នាំ ២០១៨។
ប្រធានាធិបតី​ ដូណាល់ ត្រាំ ប្រារព្ធកម្មវិធី​មួយ​ដើម្បី​អបអរ​បុគ្គលិក​ផ្នែក​អន្តោប្រវេសន៍និង​គយ​នៅ​ព្រំដែននៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោនកាលពី​ថ្ងៃទី​២០ ខែ សីហា ឆ្នាំ ២០១៨។

កាល​ពី​យប់​ថ្ងៃ​ពុធ​ម្សិលមិញ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ទាមទារ​តាម Twitter ឲ្យ​កាសែត The New York Times បង្ហាញ​ជា​បន្ទាន់​នូវ​ឈ្មោះ​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​នៃ​រដ្ឋបាល​របស់​លោក ដែល​បាន​បញ្ចេញ​មតិ​លើ​កាសែត​នេះ​ដោយ​មិន​បញ្ចេញ​ឈ្មោះ ដើម្បី​កាត់​ទោស។

លោក Trump បាន​សរសេរ​នៅ​លើ Twitter ថា៖ «តើ​ពិតជា​មាន «មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់» នោះ​មែន​ទេ ឬ​ក៏​គ្រាន់តែ​ជា​អត្ថបទ​ខ្វះ​ចន្លោះ​មួយ​របស់​កាសែត New York Times ដែល​ផ្អែក​លើ​ប្រភព​ក្លែងក្លាយ? ប្រសិនបើ​អ្នក​ដែល​មិន​បញ្ចេញ​ឈ្មោះ​ដ៏​កំសាក​រូប​នេះ​ពិតជា​ពិត​ប្រាកដ​មែន នោះ​កាសែត New York Times ត្រូវតែ​បញ្ជូន​ឈ្មោះ​អ្នក​នោះ​ឲ្យ​រដ្ឋាភិបាល​ភ្លាម ដើម្បី​សន្តិសុខ​ជាតិ»។

ការ​ទាមទារ​នេះ​បាន​ធ្វើ​ឡើង​ភ្លាមៗ បន្ទាប់ពី​លោក Trump បាន​សរសេរ​សារ​ជា​សំណួរ​មួយ​ពាក្យ​នៅ​លើ Twitter ថា៖ «ក្បត់​ជាតិ?»។

លោក Trump និង​សេតវិមាន​បាន​មាន​ប្រតិកម្ម​ដោយ​កំហឹង​ចំពោះ​អត្ថបទ​បញ្ចេញ​មតិ​មួយ​របស់​កាសែត New York Times ដែល​សរសេរ​ដោយ​មនុស្ស​ម្នាក់​ដែល​កាសែត​នេះ​បញ្ជាក់​ថា​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋបាល​របស់​លោក Trump។ មន្ត្រី​នោះ​បាន​អះអាង​ថា សន្ទុះ​ចិត្ត​មិន​នឹងន​ដ៏​អាក្រក់​បំផុត​របស់​លោក Trump ជា​រឿយៗ​ត្រូវ​បាន​ទប់​ដោយ​បុគ្គលិក​ផ្ទាល់​របស់​លោក។

អ្នក​និពន្ធ​នៃ​អត្ថបទ​នេះ​បាន​ហៅ​លោក Trump ថា​ជា​មនុស្ស «គ្មាន​សីលធម៌» និង​ជា​អ្នក​ដែល «ជា​ទូទៅ​ប្រឆាំង​នឹង​ពាណិជ្ជកម្ម និង​ប្រឆាំង​នឹង​អ្នក​ប្រជាធិបតេយ្យ»។

អ្នក​និពន្ធ​មិន​បញ្ចេញ​ឈ្មោះ​នោះ​បាន​សរសេរ​ថា៖ «ការ​ប្រជុំ​ជាមួយ​លោក Trump គឺ​ជា​ការ​ប្រជុំ​ដែល​ចាក​ប្រធាន​បទ។ លោក Trump និយាយ​ឡូឡា​ដដែលៗ ហើយ​សន្ទុះ​ចិត្ត​មិន​នឹងន​របស់​លោក​បណ្ដាល​ឲ្យ​មាន​ការ​សម្រេច​ចិត្ត​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ គ្មាន​ព័ត៌មាន​គ្រប់គ្រាន់ និង​គ្មាន​ការ​ពិចារណា​ហ្មត់ចត់»៕

XS
SM
MD
LG