ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភាតំណាងរាស្ត្រ​​នៃ​គណបក្ស​សាធារណរដ្ឋ​ទាមទារ​ការ​រិតត្បិត​ការ​ធ្វើដំណើរ​ទៅ​កាន់​គុយបា


រូបថតឯកសារ៖ លោក Mario Diaz-Balart R-Fla ថ្លែង​នៅ​ឯការ​ជួប​ជុំ​គ្នា​មួយ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ អំពាវនាវ​ឲ្យ​មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​ក្នុង​សេត​វិមាន​ អនុម័ត​សេចក្តី​កំណែ​ទម្រង់​ច្បាប់​មួយ​ដែល​បើក​ផ្លូវ​​ការ​ផ្តល់​សញ្ជាតិ​ដល់​ជន​ចំណូល​ស្រុក កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៣។
រូបថតឯកសារ៖ លោក Mario Diaz-Balart R-Fla ថ្លែង​នៅ​ឯការ​ជួប​ជុំ​គ្នា​មួយ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ អំពាវនាវ​ឲ្យ​មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​ក្នុង​សេត​វិមាន​ អនុម័ត​សេចក្តី​កំណែ​ទម្រង់​ច្បាប់​មួយ​ដែល​បើក​ផ្លូវ​​ការ​ផ្តល់​សញ្ជាតិ​ដល់​ជន​ចំណូល​ស្រុក កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៣។

ទីភ្នាក់ងារ​ព័ត៌មាន​ AP​ បាន​រាយការណ៍​ពី​រដ្ឋធានី​វ៉ាស៊ីនតោន​ថា​ កាល​ពី​ថ្ងៃ​អង្គារ​ពួក​សាធារណរដ្ឋ​នៅ​ក្នុង​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​បាន​លាតត្រដាង​សេចក្តី​ព្រាង​ច្បាប់​មួយ​ដើម្បី​ទប់​នឹង​វិធានការ​កាល​ពី​ពេលថ្មីៗ​របស់​រដ្ឋបាល​អូបាម៉ា​ដែល​បានបន្ធូរ​ការ​រិតត្បិតស.រ.អា.​លើ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេសគុយបា។

មាត្រាច្បាប់​នេះ​ដែល​រៀប​ចំ​ឡើង​ដោយ​អ្នកតំណាង​រាស្ត្រ​ Mario Diaz-Balart ដែល​ជា​ពល​រដ្ឋ​អាមេរិកាំង​ដើម​កំណើតគុយបា​ មក​ពីរដ្ឋ ​Florida​ អាច​រារាំង​ជើង​ហោះ​ថ្មីៗ​និង​ការ​ធ្វើដំណើរ​តាម​នាវា​កម្សាន្ត​ទៅ​កាន់​ប្រទេស​គុយបា។ មាត្រា​នេះ​បាន​ត្រូវ​ភ្ជាប់​ជាមួយ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ចំណាយ​ខាង​ការ​ដឹកជញ្ជូន​ដែល​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​នឹង​ពិចារណា​នៅ​ខែ​ក្រោយ។

ចំណាត់​ការ​នេះ​របស់​លោក​ Diaz-Balart​ មាន​ឡើង​ជា​ការ​ឆ្លើយ​តប​ដល់​បទបញ្ញត្តិ​ថ្មីៗ​ចេញ​ផ្សាយ​ដោយ​រដ្ឋបាល​ស.រ.អា.​កាល​ពី​ខែ​មករា​ដែល​អាច​បន្ធូរ​បន្ថយ​ច្រើន​ក្រាស់ក្រែល​ដល់​ការ​រិតត្បិត​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេសគុយបា

ហើយ​អនុញ្ញាត​ឱ្យ​មាន​ការ​ហោះ​ហើរ​ជាទៀង​ទាត់​តាម​ការ​កំណត់​ជា​លើកដំបូង​ទៅ​កាន់​ប្រទេស​គុយបា ​ដែល​ជា​លទ្ធផល​នៃ​ការ​ទាក់ទង​គ្នា​ល្អ​ជា​ថ្មី​រវាង​ស.រ.អា.​និង​ប្រទេស​គុយបា នៅ​ក្រោយ​រយៈពេល​មាន​អរិភាព​កន្លះ​សតវត្សរ៍​នៃ​សង្គ្រាម​ត្រជាក់។

ផែនការ​នេះ​របស់​ពួក​សាធារណរដ្ឋ​នឹង​បង្អាក់​ជើង​ហោះ​ថ្មីៗ​ ក៏​ប៉ុន្តែ​នឹង​រក្សា​ទុក​បទ​បញ្ញត្តិ​ថ្មីៗ​ដែល​អនុញ្ញាត​ឱ្យមាន​ការ​ដឹកជញ្ជូន​ចូល​ក្នុង​ស.រ.អា.​នូវ​ចំនួន​នៃ​ទំនិញ​ខ្លះ​ៗ​ដែល​មាន​កម្រិត​ ដូចជា​បារី​ Cigars និង​ស្រា​ Rum ជា​ដើម។

មាត្រា​នេះ​ប្រាកដ​ជា​នឹង​បណ្តាល​ឱ្យ​មាន​រឿង​ចម្រូង​ចម្រាស់​និង​ការ​គំរាមវ៉េតូ​ពី​សេតវិមាន។ មាត្រា​នេះ​ក៏​ប្រឈម​មុខ​នឹង​ការ​បោះឆ្នោត​នៅ​ក្នុង​គណៈ​កម្មាធិការ​ទទួល​បន្ទុក​ចាត់​ប្រាក់​ចំណាយ​និង​ក្នុង​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​ដែល​នៅ​ទីនោះ​មាន​មនោសញ្ចេតនា​ច្រើន​ក្រាស់​ក្រែល​ ទោះណា​ជា​នៅ​ក្នុង​ចំណោម​ពួក​សាធារណរដ្ឋ​អភិរក្សនិយម​ក៏​ដោយ ​ក៏មាន​ចំណង់​ឱ្យ​បន្ធូរ​បន្ថយ​ការ​រាំង​ខ្ទប់​ខាង​ពាណិជ្ជកម្ម​និង​ការ​រិតត្បិត​ការ​ធ្វើ​ដំណើរ​ជាង​៥ទសវត្សរ៍​មក​ហើយប្រឆាំង​នឹង​ប្រទេស​ជា​កោះ​នេះ​ដែរ៕

XS
SM
MD
LG