លោករដ្ឋមន្ត្រីការបរទេសស.រ.អា. John Kerry បានសរសើរដល់ការផ្លាស់ប្តូរគោលនយោបាយស.រ.អា.ចំពោះប្រទេសគុយបា (Cuba) និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសិក្សាអប់រំ ថាមពលនិងពាណិជ្ជកម្មជាមួយប្រទេសឯទៀតៗក្នុងទ្វីបអាមេរិកឡាទីនថាជា«ពេលវេលាមួយមានការប្រែប្រួលសម្រាប់ទ្វីបអាមេរិក»។
លោក Kerry បានមានប្រសាសន៍ប្រាប់ក្រុមមេដឹកនាំរដ្ឋាភិបាល ឧស្សាហកម្មនិងខាងគោលនយោបាយដែលបានជួបជុំគ្នានៅក្នុងក្រសួងការបរទេសស.រ.អា.កាលពីថ្ងៃអង្គារដើម្បីចូលរួមក្នុងការប្រជុំប្រចាំឆ្នាំក្នុងរដ្ឋធានីវ៉ាស៊ីនតោន អំពីទ្វីបអាមេរិកថា៖ «យើងប្តេជ្ញារក្សាឲ្យមានឱកាសជាយុទ្ធសាស្ត្រនិងជាប្រវត្តិសាស្ត្រនេះដែលយើងអាចបង្កើតបានដរាបណាយើងធ្វើការជាមួយគ្នា»។ សន្និសីទនេះបានរៀបចំឡើងដោយក្រុមប្រឹក្សាទ្វីបអាមេរិកដែលជាក្រុមជំនួញអន្តរជាតិមួយសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមកិច្ចក្នុងអឌ្ឍគោលខាងលិច។
លោក Kerry បានមានប្រសាសន៍ថា សន្និសីទកំពូលទ្វីបអាមេរិកក្នុងប្រទេសប៉ាណាម៉ា (Panama) កាលពីពេលមុនក្នុងខែនេះជាសន្និសីទកំពូលលើកទី៧ ក៏ប៉ុន្តែ វាហាក់ដូចជាសន្និសីទីមួយដែលប្រទេសគុយបា ត្រូវបានអនុញ្ញាតឱ្យចូលរូមប្រជុំ។
អ្នកការទូតកំពូលស.រ.អា.រូបនេះបានមានប្រសាសន៍ថាលោកនិងលោកប្រធានាធិបតីអូបាម៉ាបានជួបគ្នាជាច្រើនម៉ោងជាមួយសមភាគីរបស់លោកនៅក្នុងប្រទេសប៉ាណាម៉ា នៅក្នុងជំនួបជាផ្លូវការបែបនេះជាលើកដំបូងចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៥០មក៕