ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក និង​គុយបា នឹង​មាន​ទំនាក់​ទំនង​ប្រក្រតី​ក្រោយ​ពេល​៥០ឆ្នាំ


ទង់ជាតិ​​នៃ​របស់​​ប្រទេស​គុយបា(ឆ្វេង) និង​ទង់ជាតិ​របស់​សហរដ្ឋ​អាមេរិក (ស្តាំ)។
ទង់ជាតិ​​នៃ​របស់​​ប្រទេស​គុយបា(ឆ្វេង) និង​ទង់ជាតិ​របស់​សហរដ្ឋ​អាមេរិក (ស្តាំ)។

សេចក្តី​សម្រេច​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​នឹង​ប្រទេស​គុយបា​ មាន​ភាព​ប្រក្រតី​ឡើង​វិញ ក្រោយពីរយៈ​ពេលជាង​ពាក់​កណ្តាល​មួយសតវត្សរ៍​មក​នេះ ​កំពុង​ត្រូវ​បានទទួលប្រតិកម្ម​ខុសៗ​គ្នា។ មនុស្ស​ជា​ច្រើន ​យល់​ស្រប​ជាមួយ​លោកប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា ថា ការផ្តាច់​ទំនាក់​ទំនង​ជាមួយ​ គុយបា គឺជាអនុសាស្ត្រ​ហួស​សម័យ ដែលមិន​ជួយ​អ្វី​ដល់ការ​បង្កើន​ប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក​ទេ។ ចំណែក​ឯ​អ្នក​រិះ​គន់​វិញ​ យល់​ថា ​ការ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ជាមួយ​នឹង​ គុយបា មាន​ភាព​ប្រក្រតី នឹងគាំទ្រ​របប​កុម្មុយ​នីស្ត​ផ្តាច់​ការ​គុយ​បា​ទៅ​វិញ​ទេ។ សេចក្តី​ថ្លែង​ការ​របស់​លោក​ អូបាម៉ា នៅ​ថ្ងៃ​ពុធ​នេះ បាន​ធ្វើ​ឡើង​ស្រប​ពេល​ជាមួយ​នឹង​ការ​ដោះដូរ​អ្នក​ទោស​រវាង​ប្រទេស​ទាំង​ពីរ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ក្រោម​បទ​ចោទ​ប្រកាន់​ស៊ើប​ការ​សម្ងាត់។

កាល​ពី​ថ្ងៃ​ពុធ​នេះ សហគមន៍​ជនជាតិ​គុយបា​សញ្ជាតិ​អាមេរិក​រស់​នៅ​ទីក្រុង​ Miami ​បាន​ត្រេក​អរ​ បន្ទាប់​ពី​លោក​ប្រធានា​ធិបតី អូបាម៉ា បាន​ថ្លែង​អំពី​ការ​ផ្លាស់​ប្តូរ​គោល​នយោបាយ​របស់​រដ្ឋា​ភិបាល​អាមេរិកទៅ​កាន់​ប្រទេស​គុយ​បា។

លោក​ អូបាម៉ា ថ្លែង​ថា៖ «តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ទាំង​នេះ យើង​មាន​បំណង​បង្កើត​ឱកាស​បន្ថែម​ឲ្យ​ប្រជាពលរដ្ឋ​អាមេរិក និង​គុយបា ហើយ​ចាប់​ផ្តើមទំព័រថ្មី​មួយ​សម្រាប់​ប្រជាជាតិ​របស់​ទ្វីប​អាមេរិកទាំង​មូល​»។

ជា​យូរ​ណាស់​មក​ហើយ អ្នក​ខ្លះ​ដែល​បាន​រត់​គេច​ខ្លួន​ពី​របប​គ្រប់​គ្រង​របស់​លោក​ Fidel Castro មកសហរដ្ឋ​អាមេរិក​ បាន​គាំ​ទ្រ​គោល​នយោបាយឯកោ​ប្រឆាំង​នឹងរបប​កុម្មុយនីស្ត​នៅ​គុយបា តាម​រយៈ​ការ​ដាក់​ទណ្ឌកម្ម​ និង​ការ​ហាម​ប្រាម​ការ​ធ្វើ​ដំណើរ បើ​ទោះ​បី​ជា​នេះ​មាន​ន័យ​ថា គ្រួសារ​របស់​ពួក​គេ​មិន​អាច​ឆ្លង​មក​កោះ​ភាគ​ខាង​ត្បូង​រដ្ឋ​ Florida ដែល​មាន​ចម្ងាយ​១៧០​គីឡូ​ម៉ែត្រ​ពី​រដ្ឋធានី​ ឡាហាវ៉ាន​ ប្រទេស​គុយ​បា​ក៏​ដោយ។

លោក Carlos Munoz Fontanil និយាយ​ថា៖ «នេះ​គឺជា​ការ​ក្បត់មួយ​សម្រាប់​មនុស្ស​ជាង៥ម៉ឺន​នាក់​ដែល​បាន​ស្លាប់ ដោយ​សារ​របប​គ្រប់​គ្រង​របស់​លោក Castro។ ហើយ​នេះ​ក៏​ជា​ការក្បត់​ដល់​ប្រទេស​គុយបា​ដែរ។ ប៉ុន្តែ យើង​មិន​បារម្ភ​អំពី​គុយបា​ទៀត​ទេ តែ​យើង​បារម្ភ​ពី​សហរដ្ឋ​អាមេរិកវិញ»។

មាន​មនុស្ស​ជា​ច្រើន​នាក់​បាន​ជំរុញ​ឲ្យ​សម្ព័ន្ធភាព​រវាងទឹក​ដី​ថ្មី​ដែល​ពួក​គេ​កំពុង​តែ​រស់​នៅ និង​កោះ​ដែល​ជា​ស្រុក​កំណើត​របស់​គេមាន​ភាព​ប្រក្រតី​ឡើង​វិញ។

លោក Santiago Portal​ ឲ្យ​ដឹង​ថា៖

«ខ្ញុំ​យល់​ស្របឲ្យ​មាន​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​គុយបា ដើម្បី​ឲ្យអ្នក​រស់​នៅ​ក្នុង​ប្រទេស​ទាំងពីរ​នេះ​បាន​ស្គាល់​គ្នា»។

សេចក្តី​សម្រេច​ចិត្ត​របស់​លោក​ប្រធានា​ធិបតី អូបាម៉ា ទទួល​បាន​ការ​គំាទ្រ​ដ៏​ផុស​ផុលបំផុត​កាល​ពី​ថ្ងៃ​ពុធ​នេះ ដោយ​លោក Alan Gross បុគ្គលិកអង្គការ​ផ្តល់​ជំនួយ ត្រូវបាន​ដោះ​លែង​នៅ​ថ្ងៃ​ពុធ​នេះ​ដែរ ក្រោយ​ពី​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​គុយ​បា​អស់​រយៈពេល​៥ឆ្នាំ។ លោក Gross បាន​និយាយ​ថា ប្រជាពលរដ្ឋ​គុយបា​ មិន​គួរ​ត្រូវ​បានឲ្យ​ផ្តាច់​ខ្លួន​ពី​ក្រុម​មនុស្ស​ផ្សេង​ទៀត​ទេ។

លោក Alan Gross បាន​ថ្លែង​ថា៖

«​សម្រាប់​រូប​ខ្ញុំ​ផ្ទាល់ ប្រជា​ពលរដ្ឋ​គុយបា​ទាំង​អស់ ឬ​ក៏​ពួក​គេ​ភាគ​ច្រើន ​មាន​ទឹក​ចិត្ត​ល្អ សប្បុរស និង​ពូកែ។ ខ្ញុំ​ឈឺ​ចាប់ចំពោះភាព​អយុត្តិធម៌​ដែលប្រព្រឹត្តមក​លើ​អ្នក​ទាំង​អស់​នោះ​ ដោយ​សារ​តែ​គោល​នយោបាយឈ្លោះ​គ្នា​រវាង​រដ្ឋា​ភិបាល​ប្រទេស​ទាំង​ពីរ»។

អ្នក​រស់​នៅ​ទីក្រុង​ឡាហាវ៉ាន ​ខ្លះ​បាន​ស្វាគមន៍ការ​ដោះ​លែងជន​ជាតិ​គុយបា​បីនាក់​ ដែលត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ស៊ើប​ការណ៍​នៅ​សហរដ្ឋ​អាមេ​រិក។

លោក Luis Rodriguez និយាយ​ថា៖

«ខ្ញុំ​យល់​ថា នេះ​គឺ​ជា​ជំហាន​វិជ្ជមាន​មួយ​ ដែល​វីរៈ​បុរស​ទាំង​បី​នាក់​នោះ​ ដែល​ជា​អ្នក​ទោស​នៅ​សហរដ្ឋ​អាមេរិក បាន​ត្រឡប់​មក​ប្រទេស​គុយបា​វិញ»។

លោក Raul Castro ប្រធានាធិបតី​គុយបា បាន​និយាយ​ថា លោក​ប្រធានា​ធិបតី​ អូបាម៉ា អាច​ធ្វើ​កិច្ច​ការ​ច្រើន​ជាង​នេះ។

លោក​ថ្លែង​ថា​៖ «​របាំង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ហិរញ្ញ​វត្ថុ ដែល​បណ្តាល​ឲ្យ​មាន​វិបត្តិសេដ្ឋ​កិច្ច​និងការ​រងទុក្ខ​វេទនា​ដល់ប្រជា​ពលរដ្ឋ​គុយ​បា គួរ​តែ​ចប់។ ទោះ​បី​ជាវិធាន​ការ​នៃ​របាំង​ទាំង​អស់​នេះ​កំពុង​តែ​ត្រូវ​បាន​អនុម័ត​ជា​ច្បាប់​ក្តី ក៏​លោក​ប្រធានា​ធិបតី​សហ​រដ្ឋ​អាមេរិក អាច​កែ​ប្រែ​ការ​អនុវត្តវិធាន​ការ​ទាំង​នោះ ដោយ​ប្រើ​ប្រាស់​អំណាចនិតិ​ប្រតិបត្តិ​របស់​ខ្លួន​បាន»។

វិធានការនេះ​ប្រឈម​នឹង​ការ​តតាំង​ ដោយ​ប្រជា​ពល​រដ្ឋ​អាមេរិកាំង​ដើម​កំណើត​គុយបាជា​ច្រើន រួម​ទាំង​លោក Marco Rubio សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Florida ដែលរិះ​គន់មក​លើ​ការ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ជាមួយ​នឹង​រដ្ឋា​ភិបាល​ក្រុង ឡាហាវ៉ាន មាន​ភាព​ប្រសើរ​ឡើង​នោះ។

លោកនិយាយ​ថា៖ «​ការ​ធ្វើ​ដូច្នេះ ​នឹងផ្តល់​ឱកាសឲ្យ​របប​កុម្មុយនីស្ត​របស់​លោក Castro ដែល​គ្រប់​គ្រង​ជីវិតប្រជា​ពលរដ្ឋ​គុយបា​ទាំង​ស្រុង ក្តោប​ក្តាប់​ការ​ផ្លាស់​ប្តូរ​ទាំង​នេះ​ ដើម្បី​ពង្រឹង​អំណាច​របស់​ខ្លួន​ទៅ​វិញ​ទេ»។

ប៉ុន្តែ ​ការ​អប​អរ​សាទរបាន​ចាប់​ផ្តើម​ភ្លាមៗ​ ក្រោយ​ពី​សេចក្តី​ប្រកាស​នេះ​ ជា​ពិសេស​ពី​ប្រទេស វ៉េណេស៊ុយអេឡា និងវិមាន វ៉ាទីកង់។

ចាប់​តាំ​ងពីពេល​លោក​ប្រធានា​ធិបតី​ អូបាម៉ា បាន​អនុវត្ត​គោល​ការណ៍​ធ្វើ​ដំណើរ​មាន​កម្រិត​ទៅ​កាន់​ប្រទេស​គុយបា កាល​ពី​ឆ្នាំ​២០១១​មក ប្រជាពលរដ្ឋ​អាមេរិកាំង​រាប់​ម៉ឺននាក់​បាន​ធ្វើ​ដំណើរ​កំសាន្ត​នៅ​គុយបា។ យោង​តាម​វិធាន​ការ​ថ្មី​នេះ សហរដ្ឋ​អាមេរិក​គ្រោង​នឹង​បើក​ស្ថានទូត​របស់​ខ្លួន​នៅ​ទីក្រុង ឡាហាវ៉ាន ហើយកាត់​បន្ថយ​យ៉ាង​ខ្លាំង​ដល់​ការ​រឹត​ត្បិត​លើ​ការ​ធ្វើ​ដំណើរ និង​ការ​ធ្វើ​ពាណិជ្ជ​កម្មផ្សេងៗ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ៕

ប្រែ​សម្រួល​ដោយ ទែន សុខ​ស្រីនិត

XS
SM
MD
LG