លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងធ្វើការសម្រេចនៅពេលឆាប់ៗនេះថាតើនឹងដកប្រទេសគុយបាចេញពីបញ្ជីបណ្តាប្រទេសដែលសហរដ្ឋអាមេរិកចាត់ទុកថា ជារដ្ឋគាំទ្រភេរវកម្មឬក៏អត់។
ក្នុងដំណើរបំពេញទស្សនៈកិច្ចទៅកាន់ប្រទេសហ្សាម៉ាអ៊ីក (Jamaica) លោកប្រធានាធិបតីអូបាម៉ា បានមានប្រសាសន៍ថា ក្រសួងការបរទេសអាមេរិកពិនិត្យមើលឡើងវិញពីសកម្មភាពរបស់គុយបានៅក្នុងកិច្ចការពិភពលោកដែលនឹងត្រូវបញ្ចប់នៅពេលឥឡូវនេះ ហើយលោកកំពុងរង់ចាំអនុសាសន៍រួមមកពីជំនួយការរបស់លោក។ លោកប្រធានាធិបតីបានផ្តល់សញ្ញាជាយូរយាណាស់មកហើយថា លោកមានបំណងដកប្រទេសជាកោះនេះចេញពីបញ្ជីនោះដែលជាផ្នែកមួយនៃការធ្វើឲ្យមានទំនាក់ទំនងជាប្រក្រតីភាពឡើងវិញនៅក្នុងទំនាក់ទំនងខាងការទូតរវាងប្រទេសទាំង២ដែលលោកបានប្រកាសកាលពីឆ្នាំទៅបន្ទាប់ពីមានជម្លោះនឹងគ្នាអស់រយៈពេល៥ទសវត្សរ៍។ ប្រទេស៣ផ្សេងទៀតស្ថិតក្នុងបញ្ជីរបស់សហរដ្ឋអាមេរិកដែលបានរងការចោទប្រកាន់ម្តងហើយម្តងទៀតពីការគាំទ្រភេរវកម្មសាកលលោកមានប្រទេសស៊ីរី អ៊ីរ៉ង់និងប្រទេសស៊ូដង់។
សេចក្តីសម្រេចរបស់ប្រធានាធិបតីអូបាម៉ា អាចកើតមានឡើងនៅចុងសប្តាហ៍នេះនៅពេលដែលលោកប្រធានាធិបតីនិងប្រធានាធិបតីគុយបា Raul Castro បានស្ថិតនៅប្រទេសប៉ាណាម៉ាដើម្បីចូលរួមសន្និសីទកំពូលរបស់ទ្វីបអាមេរិក៕