ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​​​រៀបចំ​ការពិភាក្សា​ខាង​យោធា​ស្តីពី​អ៊ុយក្រែន​នៅ​ក្នុង​ប្រទេស​​អាល្លឺម៉ង់


អ្នក​ចូលរួម​ម្នាក់​ឈរ​នៅ​ពី​មុខ​រូបសញ្ញា​នៃ​ក្រុម​អ្នកប្រឹក្សា​សន្តិសុខ​អ៊ុយក្រែន (Ukraine Security Consultative Group) អំឡុង​កិច្ច​​ប្រជុំ​នៃ​ក្រុម​នេះ​នៅ​មូលដ្ឋាន​ទ័ព​អាកាស Ramstein ក្នុង​ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០២២។
អ្នក​ចូលរួម​ម្នាក់​ឈរ​នៅ​ពី​មុខ​រូបសញ្ញា​នៃ​ក្រុម​អ្នកប្រឹក្សា​សន្តិសុខ​អ៊ុយក្រែន (Ukraine Security Consultative Group) អំឡុង​កិច្ច​​ប្រជុំ​នៃ​ក្រុម​នេះ​នៅ​មូលដ្ឋាន​ទ័ព​អាកាស Ramstein ក្នុង​ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០២២។

សហរដ្ឋ​អាមេរិកនឹង​រៀបចំការពិភាក្សា​ជាមួយប្រទេសជា​ច្រើននៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​នៅ​ថ្ងៃ​អង្គារ​នេះ ​ដោយ​ផ្តោត​លើ​ការផ្តល់​អាវុធ​ទៅ​ឲ្យ​អ៊ុយក្រែន​បន្ទាប់ពី​អ្នក​ការទូត​និង​មន្ត្រី​ការពារ​ជាតិ​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាមេរិក បាន​ធ្វើ​ដំណើរ​ទៅកាន់​រដ្ឋធានី​កៀវ​ដើម្បី​សន្យា​ផ្តល់​ជំនួយ​យោធា​របស់​សហរដ្ឋ​អាមេរិក​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត​ដល់​ប្រទេស​អ៊ុយក្រែន​នោះ។

រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin នឹង​ធ្វើ​ការពិភាក្សា​នៅ​ថ្ងៃ​អង្គារ​នេះ​នៅឯ​មូលដ្ឋាន​កងទ័ព​អាកាស Ramstein នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ដើម្បី​សម្របសម្រួល​ការ​បង្កើន​ជំនួយ​សន្តិសុខ​របស់​ប្រទេស​លោក​ខាង​លិច​សម្រាប់​អ៊ុយក្រែន។

ឧត្តមសេនីយ៍​សហរដ្ឋ​អាមេរិក​លោក Mark Milley ប្រធាន​អគ្គសេនាធិការ​រួម​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​ដែល​បាន​ធ្វើ​ដំណើរ​ជាមួយ​លោក​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់​កាលពី​ថ្ងៃ​ចន្ទ​ថា អ៊ុយក្រែន​ត្រូវការ​«ការ​បន្ត​ជួយ​ឧបត្ថម្ភ​ដើម្បី​ឱ្យ​បាន​ទទួល​ជោគជ័យ​នៅ​លើ​សមរភូមិ ហើយ​នេះ​ជា​គោលបំណង​ពិត​ប្រាកដ​នៃ​សន្និសីទ​នេះ»។

អគ្គលេខាធិការ​អង្គការ​អូតង់​លោក Jens Stoltenberg និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុយក្រែន​លោក Oleksii Reznikov ត្រូវ​គេ​រំពឹង​ថា​នឹង​ចូលរួមក្នុងសន្និសីទ​នេះ​ផងដែរ។

ជំនួប​នោះ​កើត​មាន​ឡើង​បន្ទាប់ពី​ការធ្វើដំណើរ​របស់​លោកAustinនិង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ទៅកាន់​រដ្ឋធានី​កៀវ​ជា​ទីកន្លែង​ដែល​ពួក​អស់​លោក​បាន​សន្យា​ផ្តល់​ជំនួយ​យោធា​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត​ដល់​អ៊ុយក្រែន​ និង​បន្ត​ប្រមូល​ប្រទេស​ផ្សេង​ទៀត​ឱ្យ​ចូលរួម​ផ្តល់​វិភាគទាន​ដល់​ប្រទេស​នេះ។

លោក Blinken បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ​បន្ទាប់ពី​វិលត្រឡប់​មក​ពី​រដ្ឋធានី​កៀវ​វិញ​ថា ស្របពេល​ដែល​រុស្ស៊ី​កំពុង​ព្យាយាមប្រព្រឹត្ត​អំពើ​ព្រៃផ្សៃ​នៅ​ផ្នែក​នានា​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​នោះ​ ប្រជាពលរដ្ឋ​អ៊ុយក្រែន​កំពុង​ក្រោក​ឈរ​យ៉ាង​ខ្លាំង ហើយ​ពួកគេ​កំពុង​ធ្វើការងារ​នេះដោយ​មាន​ការគាំទ្រ​ដែល​យើង​បាន​សម្របសម្រួល​មកពី​ជុំវិញ​ពិភពលោក។

លោក Blinken បាន​មាន​ប្រសាសន៍​ទៀត​ថា៖ «គោលបំណង​សង្គ្រាម​របស់​រុស្ស៊ី​បាន​បរាជ័យ​រួច​ហើយ ហើយ​អ៊ុយក្រែន​បាន​ទទួល​ជោគជ័យ​រួច​ហើយ។ គោលបំណង​ដ៏​សំខាន់​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Putin ក្នុង​ការធ្វើ​សង្គ្រាម​នេះ​គឺ​ដើម្បី​ដាក់​បញ្ចូល​អ៊ុយក្រែន​ទៅក្នុងផ្នែក​មួយ​របស់​រុស្ស៊ី ដោយ​លុប​បំបាត់​អធិបតេយ្យភាព​និង​ឯករាជ្យភាព​របស់​អ៊ុយក្រែន​ហើយ​ថា គោលបំណង​របស់​លោក Putin មិន​បាន​កើត​មាន​ឡើង ​ហើយ​ប្រាកដណាស់​ ថា​នឹង​មិន​អាចកើត​មាន​ឡើងនោះ​ទេ»។

រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergey Lavrov បាន​ព្រមាន​ថា ជម្លោះ​នោះ​អាច​ផ្ទុះ​ទៅជា​សង្គ្រាម​លោក​លើក​ទី៣។

លោក Sergey Lavrov បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Interfax ថា៖ «ភាព​គ្រោះថ្នាក់​នោះ​ធ្ងន់ធ្ងរ​ណាស់។ វា​ជា​ការពិត លោក​អ្នក​មិន​អាច​មើល​ស្រាលចំពោះ​បញ្ហា​នេះ​បាន​ទេ»។
រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba ​បាន​បង្ហោះសារ​តាម Twitter ថា រុស្ស៊ី​បាន​បាត់បង់​ក្តីសង្ឃឹម​ចុង​ក្រោយ​របស់​ខ្លួន​ ដើម្បី​បន្លាច​ពិភពលោក​កុំ​ឱ្យ​គាំទ្រ​អ៊ុយក្រែន៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន AP, Reuters និងAFP ។

XS
SM
MD
LG